ជំងឺរលាកស្រោមខួរ គឹជាការរលាកស្រទាប់ការពារនៅជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង ដែលបង្កឡើងដោយវីរុស និងបាក់តេរី។ កូនក្មេងងាយនឹងកើតជំងឺនេះ ព្រោះមានប្រព័ន្ធការពារខ្សោយ ពុំអាចទប់ជាមួយនឹងពពួកវីរុស ឬបាក់តេរីទាំងនោះបាន នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
១- រោគសញ្ញានៃជំងឺរលាកស្រោមខួរ
ទោះជាជំងឺរលាកស្រោមខួរបង្កឡើងដោយវីរុស ឬបាក់តេរីក្តី វាតែងលេចចេញនូវរោគសញ្ញាស្រដៀងគ្នាខាងក្រោមនេះ៖
– ក្តៅខ្លួន
– យំមិនឈប់
– ងងុយគេងខ្លាំង
– មិនបៅ ឬញ៉ាំអាហារ
– ក្អួត រាករូស
– រឹងខ្លួន និងក
– ឈឺសាច់ដំុ
– ឡើងកន្ទួលស្បែក
– អស់កម្លាំង
– ប្រកាច់។
២- ផលវិបាកនៃជំងឺរលាកស្រោមខួរ
ក្មេងដែលកើតជំងឺរលាកស្រោមខួរបង្កដោយវីរុស ពុំសូវចោទជាបញ្ហានោះទេ ក្រោយព្យាបាលរួចវានឹងជាសះស្បើយឡើងវិញយ៉ាងយូរ ២សប្តាហ៍ ព្រោះវីរុសមិនអាចរស់នៅក្នុងខ្លួនមនុស្សរយៈពេលយូរទេ។
ដោយឡែកក្មេងដែលកើតជំងឺដោយសារពពួកបាក់តេរី ជាប្រភេទជំងឺធ្ងន់ធ្ងរ ម៉ាក់ប៉ាត្រូវតែប្រញាប់នាំកូនទៅពេទ្យ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត ឬខ្សោយមុខងារខួរក្បាល ភ្នែកមើលមិនឃើញ ត្រចៀកស្តាប់មិនសូវឮ។
៣- វិធីបង្ការជំងឺរលាកស្រោមខួរ
ម៉ាក់ប៉ាអាចបង្ការកូនមិនឲ្យឆ្លង ឬកើតជំងឺរលាកស្រោមខួរបាន ដោយយកកូនតូចទៅចាក់វ៉ាក់សាំងជំងឺរលាកស្រោមខួរឲ្យបានគ្រប់មុខ និងគ្រប់ចំនួនដែលតម្រូវឲ្យចាក់ ដែលរួមមាន វ៉ាក់សាំងរលាកស្រោមខួរ វ៉ាក់សាំងរលាកស្រោមខួរដោយភ្នើម៉ូកូក និងវ៉ាក់សាំងជំងឺរលាកខួរក្បាលជេអ៊ី។
អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ប៉ា ចំណាំទុក កាលវិភាគចាក់វ៉ាក់សាំងអូនតូច
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]