ទារក និងកុមារតូចៗជាច្រើនមានជំងឺរលាកបំពង់ក រលាកពោះវៀន រហូតដល់រលាកសួត និងរលាកផ្លូវដង្ហើម ដែលនោះជាក្ដីកង្វល់ដ៏ធំរបស់អាណាព្យាបាលគ្រប់រូប។
ចំពោះបញ្ហានេះវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា កូនធ្លាក់ខ្លួនឈឺជំងឺទាំងនោះមូលហេតុចម្បងមួយមកពីកូនបៀមដៃលេង។ លោកបន្ថែមទៀតថា មានម៉ាក់ៗជាច្រើនពេលនាំកូនមកព្យាបាល បានសួរថាគ្រាន់តែ ហេតុអ្វីគ្រាន់តែកូនក្មេងបៀមដៃសោះ បែរជាអាចបង្កឲ្យមានជំងឺ រលាកបំពង់ក រហូតខ្លះវិវត្តទៅដល់រលាកពោះវៀន រលាកសួត និងរលាកផ្លូវដង្ហើម។
លោកបានបញ្ជាក់ថា ជាធម្មតាដៃកូនមិនបាននៅមួយកន្លែង និងស្អាតជាប់ជានិច្ចឡើយ កូនតែងតែស្រវេស្រវាចាប់នេះចាប់នោះ ហើយដៃនោះនឹងយកមកដាក់ក្នុងមាត់ មេរោគនឹងជ្រាបចូលទៅតោងជាប់បំពង់កធ្វើឲ្យឈឺ ពិបាកលេបទឹកមាត់ និងញ៉ាំអាហារ។ វេជ្ជបណ្ឌិតរូបនោះលើកឡើងថា នៅពេលដៃមិនទាន់បានលាងសម្អាតជាមួយសាប៊ូ អាល់កុល ឬផេះ រួចយកមកផ្ដិតលើផ្ទៃស្អាតមួយ ហើយបណ្ដុះមេរោគ។ ជាលទ្ធផល គឺមានមេរោគរាប់សិបប្រភេទ និងរាប់សិបលាន។
ដូចនេះហើយ ដើម្បីការពារកូនយើងកុំឲ្យឈឺញឹកញាប់ សូមថែរក្សាអនាម័យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃកូនតូចៗយ៉ាងហោចណាស់ ២-៤ ម៉ោង/ម្ដង និងកុំឲ្យកូនប៉ះរបស់មិនល្អ។ ផ្ដល់អាហារដែលមានជីវជាតិ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំធន់នឹងជំងឺ។
រលាកបំពង់កអាចបណ្ដាលមកពីវីរុស ពពួកបាក់តេរី និងពពួកផ្សិត ដែលរីករាលដាលដោយកង្វះអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ រួមមានការញ៉ាំអាហារមិនមានអនាម័យ កុមារលេងដីធ្វើឲ្យមេរោគងាយជ្រៀតចូលតាមរយៈដៃជើង និងសម្លៀកបំពាក់ជាដើម។ កត្តាប្រឈមរលាកបំពង់ក ក៏បណ្ដាលឲ្យទៅរលាកបំពង់សំឡេង រលាកផ្លូវដង្ហើម ដូចជាផ្ដាសាយ រលាកទងសួត។
[embed-health-tool-vaccination-tool]