រវាងស្បែកទារក និងស្បែកមនុស្សធំយើងមិនដូចគ្នាទេ ដោយសារស្បែកអាអូនមានសភាពស្ដើងជាង។ ហើយក៏មានន័យថា ស្បែកអាអូនម៉ដ្ត ទន់ និងងាយប្រតិកម្មជាងស្បែកយើងមនុស្សធំដែរ។ ចំពោះស្បែកទារកទើបកើត វាអាចពិបាកក្នុងការថែទាំបន្តិចសម្រាប់អ្នកគ្មានបទពិសោធន៍ ឬគ្នាយើងដែលទើបក្លាយជាម៉ាក់ប៉ា ប៉ុន្តែខាងក្រោមនេះ ជាវិធីថែទាំស្បែកអាអូនបែបធម្មជាតិៗ ជួយដោះស្រាយពីចម្ងល់ម៉ាក់ប៉ាទាក់ទងនឹងការថែស្បែកកូន។
១.ងូតទឹក៖ បើយើងងូតទឹកឲ្យកូនខ្លាំងពេក អាចធ្វើឲ្យបាត់បង់ប្រេងធម្មជាតិរបស់ស្បែកកូន បណ្ដាលឲ្យស្ងួត ឬបែកស្រកាបាន។ យើងត្រូវប្រាកដសាប៊ូដែលប្រើលើខ្លួនកូន មានភាពស្រទន់ និងត្រូវងូតទឹកឲ្យកូនជាមួយទឹកក្ដៅឧណ្ហៗ រួចប្រើកន្សែងទន់ជូតសម្អាតកូនឲ្យបានលឿន ចៀសវាងអាអូនរងា។
២.លាបម្សៅ៖ តាមពិតទៅ យើងមិនចាំបាច់លាបម្សៅកូនឲ្យកូនក៏បានដែរ តែបើយើងចង់លាបឲ្យកូន លាបតិចៗបានហើយ មិនចាំបាច់បំពោកឲ្យហុយពេកទេ ព្រោះសារធាតុម្សៅអាចហុយចូលច្រមុះកូនប៉ះពាល់ដល់អាអូន បណ្ដាលឲ្យកូនកើតជំងឺ ហឺត រលាកសួត និងឈានដល់កើតជំងឺមហារីក បើប្រើកាន់តែយូរទៅៗ។
៣.ប្រើផលិតផលធម្មជាតិ៖ អាអូនទើបកើតមានស្បែកទន់ និងផុយស្រួយ។ ក្រោយកើតមក ស្បែកអាអូនត្រូវការពេលវេលាដើម្បីឲ្យស៊ាំនឹងបរិយាកាសខាងក្រៅ។ យើងគួរប្រើផលិតផលដែលធ្វើឡើងពីធម្មជាតិ ល្អជាងផលិតផលដែលផ្ទុកក្លិនទឹកអប់ ឬសារធាតុប្រឆាំងបាក់តេរី លើស្បែកកូន។ ម៉្យាងទៀត យើងគួរតែប្រើរាល់ផលិតផលដែលផលិតមកសម្រាប់តែទារកប្រើលើអាអូនតែប៉ុណ្ណោះ។
៤.រលាកគូទ៖ បើយើងឲ្យអាអូនស្លៀកខោទឹកនោមសើមយូរ នោះកូនច្បាស់ជាជួបបញ្ហារលាកគូទមិនខាន។ បើអាចយើងគួរផ្លាស់ប្ដូរខោទឹកនោមអាអូនរាល់ពេលដែលកូនបត់ជើងហើយ ចៀសវាងផ្អាប់ប៉ះពាល់ស្បែកកូន។ ធម្មតា ការរលាកស្បែកមិនមែនជាបញ្ហាគួរឲ្យបារម្ភទេ តែបើសិនលាបថ្នាំមិនបាត់ គួរទៅជួបគ្រូពេទ្យក្មេង។
៥.កើតមុន ឬស្រែងទឹកដោះ៖ ចាប់ពីកើតរហូតដល់ ៤ខែ ទារកប្រមាណជាង ៣០% តែងតែកើតមានបញ្ហាមុន ឬស្រែងទឹកដោះលើមុខ។ ការរលាកក្រហមៗហើយមានខ្ទុះ (ពណ៌) សៗ នេះគឺកើតឡើងដោយសារការវិវត្ត នៃការបញ្ជូនអ័រម៉ូនពីម្ដាយទៅរាងកាយទារក។ តែមិនមានអ្វីដែលគួរឱ្យបារម្ភទេ ព្រោះបញ្ហានេះនឹងរលាយបាត់ទៅវិញដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រេង ឬក្រែម ដើម្បីព្យាបាលនោះទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាលើសដើមចំពោះស្បែកទារកទើបនឹងកើត។
៦.ម៉ាស្សា៖ ការម៉ាស្សាឲ្យកូនជាវិធីល្អមួយបង្កើនភាពស្និទ្ធស្នាលរវាងម៉ាក់ប៉ា និងអាអូន។ យើងគួរប្រើប្រេងធម្មជាតិមកម៉ាស្សាស្បែកអាអូនថ្នមៗ ព្រោះវាជួយផ្ដល់សំណើម និងជួយចិញ្ចឹមស្បែកទៀត។ ប្រេងដែលល្អប្រើនោះគឺប្រេងធម្មជាតិដូច ប្រេងដូង ជាដើម ហើយយើងមិនគួរប្រើប្រេងដែលមានផ្ទុកសារធាតុគីមីឡើយ ព្រោះអាចប្រតិកម្មជាមួយស្បែកកូន។
៧.ដាក់ឲ្យត្រូវពន្លឺព្រះអាទិត្យ៖ ដ្បិតដាក់កូនឲ្យត្រូវពន្លឺថ្ងៃខ្លះ អាចទទួលបានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែស្បែកក្មេងមិនត្រូវនៅចំពន្លឺថ្ងៃខ្លាំង ឬយូរពេកទេ ព្រោះវាអាចធ្វើឲ្យកូនរលាកស្បែកបាន។
[embed-health-tool-vaccination-tool]