ម៉ាក់ប៉ាមួយចំនួនដឹងហើយថា ក្រោយសម្រាលរួចហើយ អាអូនត្រូវចាក់វ៉ាក់សាំងទៅតាមការកំណត់របស់កម្មវិធីថ្នាក់ជាតិ ឬក្រៅថ្នាក់ជាតិផ្សេងៗ ដើម្បីការពារសុខភាពកូនកុំឲ្យជំងឺផ្សេងៗមកយាយីកើត។ ចុះម៉ាក់ប៉ាធ្លាប់ឆ្ងល់អត់ បើអត់បានយកកូនទៅទទួលវ៉ាក់សាំងទាំងនោះទេ អាអូនអាចទទួលបានផលប៉ះពាល់សុខភាពយ៉ាងម៉េចខ្លះ?
បើសិនជាម៉ាក់ប៉ាខកខានមិនបានយកកូនទៅចាក់វ៉ាក់សាំងត្រឹមត្រូវទេ នោះកូននឹងទទួលផលពិបាកដល់សុខភាពគឺអាអូនមិនមានអង់ទីករឬប្រព័ន្ធភាពស៊ាំ ដើម្បីការពារជំងឺផ្សេងៗដែលនឹងអាចកើតឡើងទៅលើអាអូនទេ។ នេះបើតាមការពន្យល់ឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។
នៅពេលដែលកូនមិនមានអង់ទីករ ឬប្រព័ន្ធភាពស៊ាំខ្សោយ វាអាចបណ្ដាលឲ្យកូនយើងងាយកើតជំងឺ ឬបើឈឺហើយក៏មិនឆាប់ជាដូចក្មេងដែលបានចាក់វ៉ាក់សាំង មានអង់ទីករការពារ។
វេជ្ជបណ្ឌិតទទួលសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះ បន្តថា ប៉ុន្តែបើម៉ាក់ប៉ាកាន់តែឆាប់យកអាអូនទៅចាក់វ៉ាក់សាំងតាមកាលកំណត់នោះ កូនរបស់យើងនឹងកាន់តែឆាប់ទទួលបានការពារ។ ម៉្យាងវិញទៀត ទាំងយើងជាម៉ាក់ប៉ា ទាំងអាអូននិងទទួលបានអត្ថប្រយោជន៍ដូចជា៖
– ម៉ាក់ប៉ាចំណេញទាំងពេលវេលា និងប្រាក់កាក់ទៅលើការព្យាបាលជំងឺកូន
– អាអូននឹងមានសុខភាពល្អ លូតលាស់ល្អ
– វ៉ាក់សាំងអាចការពារកូនពីជំងឺធ្ងន់ធ្ងរផ្សេងៗដែលប៉ះពាល់ដល់ជីវិត ឬការលូតលាស់នឹងឈានទៅរកពិការភាពអស់មួយជីវិត។
លោកស្រីបានបញ្ជាក់ទៀតថា ពេលកូនមានអាយុ ៩ខែ អាអូនត្រូវទទួលបានវ៉ាក់សាំងជំងឺកញ្ជ្រឹល ស្អូច និងជំងឺរលាកខួរក្បាលជេអ៊ី ។ល។ ហើយដើម្បីឲ្យកូនយើងមានសុខភាពល្អ ម៉ាក់ប៉ាគួរនាំកូនទៅទទួលថ្នាំបង្ការឲ្យបានគ្រប់គ្នាៗ។
[embed-health-tool-vaccination-tool]