វ៉ាក់សាំងជំងឺការពារជំងឺកញ្រ្ជឹល ស្រឡទែន និងស្អូច មិនបានពាក់ព័ន្ធជាមួយភាពប្រឈម កំពុងកើនឡើងនៃជំងឺអូទីស្សឹម (Autism) ក្នុងចំណោមក្មេងៗនោះឡើយ។ តាមការសិក្សាថ្មីរបស់លោកវេជ្ជបណ្ឌិត Anders Hviid នៃវិទ្យាស្ថាន Statens Serum នៅដាណាម៉ាក ករណីប្រឈមខ្ពស់កើតមានជំងឺអូទីស្សឹម ដោយសារក្មេងមានសាច់ញាតិមានកើតជំងឺនេះទេ។
ការព្រួយបារម្ភខ្លាំងពាក់ព័ន្ធរវាងវ៉ាក់សាំងជំងឺកញ្រ្ជឹល ស្រឡទែន និងស្អូច ជាមួយជំងឺអូទីស្សឹម (វិបត្តិសតិបញ្ញា) បានកើតឡើងអស់រយៈពេល ២ ទសវត្សរ៍មកហើយ ចាប់តាំងពីមានរបាយការណ៍មួយនៅឆ្នាំ១៩៩៨ អះអាងថា វ៉ាក់សាំងទាំងនេះ និងជំងឺអូទីស្សឹម មានជាប់ពាក់ព័ន្ធគ្នាដោយផ្ទាល់។
ក្នុងការសិក្សាថ្មីនេះ លោកវេជ្ជបណ្ឌិតបានធ្វើការពិនិត្យលើក្មេងៗចំនួន ៦៥៧.៤៦១ នាក់។ ក្នុងនោះ ក្មេង ៦.៥១៧ នាក់ មានរោគសញ្ញាជំងឺអូទីស្សឹម។ ការសិក្សានេះ ធ្វើឡើងលើក្មេងៗទាំងអស់ក្នុងប្រទេសដាណាម៉ាក ដែលកើតចន្លោះឆ្នាំ ១៩៩៩-២០១០។ ក្មេងៗទាំងនោះត្រូវបានពិនិត្យមើលចាប់តាំងពីអាយុ ១ ឆ្នាំ រហូតដល់ឆ្នាំ២០១៣។ ក្នុងចំណោមក្មេងទាំងអស់ មាន ៩៥% បានចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ស្រឡទែន និងស្អូច។
ជាលទ្ធផលនៃការសិក្សា ក្មេងៗមានសាច់ញាតិកើតជំងឺអូទីស្សឹម ប្រឈមនឹងការកើតមានរោគសញ្ញាជំងឺនេះ ដល់ទៅ ៧ដង ច្រើនជាងក្មេងៗគ្មានសាច់ញាតិកើតជំងឺនេះ។ ក្នុងនោះ ក្មេងប្រុសប្រឈមកើតមានរោគសញ្ញាជំងឺ ច្រើនជាងក្មេងស្រីដល់ទៅ ៤ ដង។
ការសិក្សារកឃើញទៀតថា ក្មេងពុំបានទទួលការចាក់វ៉ាក់សាំង មាន ១៧% ប្រឈមកើតមានរោគសញ្ញាជំងឺអូទីស្សឹម ជាងក្មេងបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ស្រឡទែន និងស្អូច។
គួរបញ្ជាក់ថា រោគសញ្ញាដំបូងរបស់ជំងឺអូទីស្សឹម អាចមានច្រើនខុសៗគ្នា រួមមាន អាកប្បកិរិយាចូលចិត្តក្ដាប់ ឬលាដៃ យកក្បាលបោកជាមួយវត្ថុផ្សេងៗ ពេលខ្លះឆេវឆាវ ឬក៏ធ្វើឲ្យខ្លួនឯងរបួសជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]