បច្ចុប្បន្ន អូទីស្សឹម កំពុងកើតមានច្រើនចំពោះក្មេងៗជុំវិញពិភពលោក ខណៈវិស័យវេជ្ជសាស្ត្រ នៅមិនទាន់អាចរកឃើញវិធីព្យាបាលវិបត្តិនេះបានជាដាច់នៅឡើយ នាំឲ្យអ្នកស្រាវជ្រាវកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើវិបត្តិសតិបញ្ញាមួយនេះ។ តាមរយៈការស្រាវជ្រាវជាច្រើន បានរកឃើញទំនាក់ទំនងរវាងបញ្ហាសុខភាព និងហ្សែនមួយចំនួន ទៅនឹងអូទីស្សឹមលើក្មេងៗ ខណៈការសិក្សា ក៏រកឃើញអូទីស្សឹម អាចបង្កបញ្ហាសុខភាពច្រើនដូចគ្នា។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលើកពីទំនាក់ទំនងរវាងអូទីស្សឹម ជាមួយការធ្លាក់ចុះកម្រិតខ្លាញ់ល្អក្នុងឈាម HDL។
១- អូទីស្សឹមជាអ្វីឲ្យប្រាកដ?
អូទីស្សឹម ជាភាសាបច្ចេកទេស សម្រាប់សម្គាល់ទៅលើវិបត្តិសតិបញ្ញា កើតមានចំពោះក្មេងៗជាច្រើនក្នុងជុំវិញពិភពលោក ហើយក្មេងដែលមានវិបត្តិនេះ គឺប្រឈមផលវិបាកក្នុងជំនាញសង្គម ការនិយាយ និងកាយវិការដើម្បីទំនាក់ទំនង មានអាកប្បកិរិយាច្រំដែល ក៏ដូចជាភាពខ្លាំង និងភាពខុសគ្នាផ្សេងទៀតពីក្មេងៗធម្មតា។ អូទីស្សឹម មានច្រើនប្រភេទ ហើយមិនមែនគ្រប់ក្មេងមានវិបត្តិទាំងអស់ សុទ្ធតែមានរោគសញ្ញាដូចគ្នានោះទេ ដោយរោគសញ្ញាប្រែប្រួលពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត អាស្រ័យលើហ្សែន និងបរិស្ថានជុំវិញខ្លួន។
រោគសញ្ញាដំបូងនៃវិបត្តិអូទីស្សឹម ជាធម្មតាលេចឡើងនៅពេលក្មេងឈានដល់វ័យ ២-៣ ឆ្នាំ។ ក្នុងករណីខ្លះ វាត្រូវបានលេចឡើងចាប់តាំងពីក្មេងអាយុ ១៨ ខែឡើងទៅ ខណៈពេលនេះ គ្រូពេទ្យជាច្រើន បានកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកំណត់ពីភាពយឺតយ៉ាវនៃការលូតលាស់អាចកើតឡើងលើក្មេងៗ និងត្រូវពិភាក្សាជាមួយប៉ាម៉ាក់ក្មេង ពីដំណោះស្រាយផ្សេងៗ ហើយវិធីល្អបំផុត ដែលជួយក្មេងៗកំពុងរស់នៅជាមួយអូទីស្សឹម គឺគ្រាន់តែអាចកាត់បន្ថយរោគសញ្ញា ជួយឲ្យជីវិតប្រចាំថ្ងៃរបស់ក្មេងប្រសើរឡើងប៉ុណ្ណោះ។
២- អ្វីជាខ្លាញ់ល្អ HDL?
កូលេស្តេរ៉ូល គឺជាខ្លាញ់សំខាន់មួយ ក្នុងការធ្វើឲ្យគ្រប់កោសិការាងកាយទាំងអស់មានស្ថេរភាព។ កូលេស្តេរ៉ូល ត្រូវគេចែកចេញជាពីរប្រភេទគឺកូលេស្តេរ៉ូល HDL ដែលជាខ្លាញ់ល្អ និងកូលេស្តេរ៉ូល LDL ជាខ្លាញ់អាក្រក់ ហើយខ្លាញ់ទាំង ២ប្រភេទ សុទ្ធតែស្ថិតក្នុងឈាម។
HDL តំណាងឲ្យពាក្យ Lipoprotein ដែលមានដង់ស៊ីតេខ្ពស់ ជាភាគល្អិតព័ទ្ធជុំវិញដោយស្រទាប់លីប៉ូប្រូតេអ៊ីន មានកូលេស្តេរ៉ូលនៅចំកណ្តាល។ ភាគល្អិតបង្កើតជា HDL មានដង់ស៊ីតេច្រើនជាង បើប្រៀបធៀបទៅនឹងប្រភេទកូលេស្តេរ៉ូលដទៃទៀត ដូច្នេះ HDL ត្រូវបានគេហៅថាកូលេស្តេរ៉ូលដង់ស៊ីតេខ្ពស់ (High-density lipoprotein)។
HDL មានមុខងារធ្វើដំណើរតាមចរន្តឈាម ដើម្បីនាំយកជាតិកូលេស្តេរ៉ូលអាក្រក់ LDL ដែលជាប់នឹងផ្នែកខាងក្នុងនៃជញ្ជាំងសរសៃឈាម ចេញមកក្រៅ មានន័យថា បើយើងមានកម្រិតកូលេស្តេរ៉ូល HDL ខ្ពស់ គឺអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូងបាន។
អត្ថបទពាក់ព័ន្ធ៖
- ចង់ដឹងជំងឺអូទីស្សឹមព្យាបាលជា ឬមិនជា អត្ថបទនេះអាចពន្យល់បាន
- ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?
៣- ទំនាក់ទំនងរវាងអូទីស្សឹម និងកម្រិត HDL
យោងតាមការសិក្សារបស់លោកបណ្ឌិត Yasmin Neggers សាស្រ្តាចារ្យផ្នែកអាហារូបត្ថម្ភ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យវិទ្យាសាស្ត្របរិស្ថាន Alabama នៅអាមេរិក និងបណ្ឌិត Eun-Kyung Kim មកពីសកលវិទ្យាល័យជាតិកូរ៉េខាងត្បូង Kangnung-Wonju បានលើកឡើងថា ក្មេងៗមានវិបត្តិអូទីស្សឹម នឹងមានកម្រិតខ្លាញ់ល្អ HDLទាប ។ ការអះអាងរបស់សាស្ត្រាចារ្យទាំងពីរ ផ្អែកចេញពីការសិក្សាលើក្មេងៗ ២ក្រុម មួយក្រុមមានសុខភាពល្អ និងមួយក្រុមទៀតមានវិបត្តិអូទីស្សឹម។ ក្មេងទាំងពីរក្រុម គឺទទួលបានរបបអាហារដូចគ្នា តែគេបែរជារកឃើញថា ក្មេងមានវិបត្តិអូទីស្សឹម គឺមានកម្រិតអាស៊ីតខ្លាញ់អូមេហ្គា ៣ អូមេហ្គា ៦ និងខ្លាញ់ល្អ HDL ទាបជាងក្មេងធម្មតា។ ការសិក្សាបានសន្និដ្ឋានថា វាអាចជាប្រភេទជំងឺមេតាប៉ូលីស ចំពោះក្មេងដែលមានវិបត្តិអូទីស្សឹម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]