ទារកមួយចំនួនមិនបានធ្វើតេស្តជោះកែងជើងពេលកើតភ្លាមៗនោះទេ អ៊ីចឹងហើយម៉ាក់ប៉ាមានចម្ងល់ថា បើជោះកែងជើងប៉ុន្មានខែក្រោយបានឬទេ? អាចមានប្រសិទ្ធភាពដូចពេលកើតភ្លាមទេ?
បើតាមការបកស្រាយរបស់មន្ទីរពេទ្យកាល់ម៉ែត ការធ្វើតេស្តជួសកែងជើងមានប្រសិទ្ធភាពល្អ ចំពោះទារកទើបកើត គឺរយៈពេល ៤៨-៧២ ម៉ោង ក្រោយកើត។ ការធ្វើតេស្តដោយប្រើវិធីសាស្ត្រសាមញ្ញមួយនេះ គឺយកឈាមពីការជួសកែងជើងទារក ១-២ ដំណក់ទៅផ្តិតលើក្រដាស។ ក្រដាសតេស្តត្រូវទុកដាក់ឲ្យបានល្អរយៈពេល ២៤ ម៉ោង ឲ្យស្ងួត រួចយកទៅដាក់នៅមន្ទីរពិសោធន៍ដើម្បីពិនិត្យមើល។
សារសំខាន់នៃការធ្វើតេស្តនេះឡើង ដើម្បីរកជំងឺមេតាបូលិកពីកំណើត ដែលធ្វើឲ្យទារកបាត់បង់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ទៅជាបញ្ញាខ្សោយ រាងកាយក្រិន ឬអាចធ្វើឲ្យទារកស្លាប់ បើព្យាបាលមិនទាន់ពេលវេលា។ រោគសញ្ញានៃជំងឺទាំងនោះ នឹងស្តែងចេញមកនៅពេលទារកអាយុចាប់ពី ៣ សប្តាហ៍ ទៅ ១ខែ ហើយរោគសញ្ញានោះក៏មានចេញឲ្យច្បាស់ដែលអាចឲ្យគ្រូពេទ្យចាប់អារម្មណ៍នៅពេលពិនិត្យសុខភាពទារក។
បើតាមការបញ្ជាក់របស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ជំងឺមេតាបូលិកពីកំណើត មានច្រើនប្រភេទ ដូចជា៖
– ជំងឺបណ្តាលមកពីវិបត្តិសារធាតុបម្លែងសម្រាប់ក្រុមវីតាមីន B៧ (ធ្វើឲ្យប្រកាច់ ថ្លង់ ខ្វាក់ ពិការខួរក្បាល)។
– ជំងឺបណ្តាលមកពីកង្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត (ធ្វើឲ្យទារកមិនសូវលូតលាស់បញ្ញាស្មារតី កម្ពស់ ស្បែកលឿង ទល់លាមក)។
– ជំងឺទាក់ទងនឹងការបញ្ចេញស្លេស្មខាប់ក្នុងសួត មកពីវិបត្តិលំពែងក្នុងការរំលាយអាហារ (ធ្វើឲ្យទារកលូតលាស់យឺត រលាកសួត មានបញ្ហារំលាយអាហារ)។
– ជំងឺបណ្តាលមកពីកង្វះអង់ស៊ីម (G6PD) សម្រាប់មុខងារនៃគ្រាប់ឈាមក្រហម (ធ្វើឲ្យក្មេងស្លេកស្លាំង ស្បែកលឿង)។
បើរកឃើញលទ្ធផលវិជ្ជមាន មានន័យថា ទារកប្រឈមនឹងជំងឺមេតាបូលិក គ្រូពេទ្យអាចនឹងព្យាបាលឲ្យទាន់ពេលវេលា ខណៈការព្យាបាលជំងឺមេតាបូលិកមានរយៈពេលយូរ ហើយការតាមដានក៏ដូចគ្នាដែរ ដែលជាលទ្ធផលក្មេងអាចមានប្រាជ្ញាស្មារតីឆ្លាតវៃដូចធម្មតា។
[embed-health-tool-vaccination-tool]