ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ជំងឺខាន់លឿងកើតឡើងភាគច្រើនលើទារកកើតមិនគ្រប់ខែ ដោយសារតែថ្លើមទារកទើបកើតនៅខ្ចី មិនអាចបំលែង ឬបញ្ចេញជាតិ ប៊ីលីរូប៊ីន ដែលបណ្តាលឲ្យចេញពណ៌លឿងនៅលើស្បែក និងភ្នែក។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយថា ជំងឺខាន់លឿងលើទារក បង្កឲ្យមានឡើងលឿងលើស្បែក និងភ្នែក ដែលជាសញ្ញាបញ្ជាក់ថា ទារកមានជំងឺខាន់លឿងនេះ ហើយជាទូទៅកើតឡើងនៅអំឡុងថ្ងៃទី ២-៤ ក្រោយសម្រាល។
ដើម្បីចង់ដឹងថាទារកមានខាន់លឿង ឬអត់ ត្រូវសង្កត់ថ្នមៗទៅលើថ្ងាស ឬច្រមុះ។ បើកន្លែងសង្កត់ មានឡើងលឿង មានន័យថា ទារកមានជំងឺខាន់លឿងនេះកម្រិតស្រាល។ បើសង្កត់ទៅមិនមានការប្ដូរពណ៌ទេ ឬគ្រាន់តែស្លេក មានន័យថា ទារកគ្មានជំងឺខាន់លឿងទេ។ ពិនិត្យមើលទារកនៅក្រោមពន្លឺស្រាលៗ ឬក៏ក្រោមកម្ដៅថ្ងៃ បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមរួសរាន់ទៅជួបគ្រូពេទ្យ។
ករណីភាគច្រើន មិនបង្កជាបញ្ហានោះទេ តែក្នុងករណីខ្លះវាអាចជាជំងឺ។ អាការៈឡើងលឿងធ្ងន់ធ្ងរ បង្កើនហានិភ័យឲ្យជាតិប៊ីលីរូប៊ីន ជ្រៀតចូលទៅក្នុងខួរក្បាល នាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។ សូមទាក់ទងទៅគ្រូពេទ្យ បើទារកមានសញ្ញាដូចជា៖
– ស្បែកទារកឡើងលឿងកាន់តែខ្លាំង
– ស្បែកទារកឡើងលឿងនៅតំបន់ពោះ ដើមដៃ និងជើង
– ភ្នែកឡើងលឿង
– ទារក រកកល់ចង់គ្រុន ឬគេងមិនងាយភ្ញាក់
– ទារកមិនឡើងទម្ងន់ ឬមិនបៅដោះ
– យំខ្លាំង
– ទារកចាប់ផ្ដើមមានសញ្ញាប្លែកៗគួរឲ្យបារម្ភ
– ការឡើងលឿងនេះអាចមានរយះពេលលើសពី ៣ សប្តាហ៍។
វិធីព្យាបាលទារកកើតខាន់លឿង
ទារកកើតលឿងតិចៗ
បើតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ការថែទាំទារកដែលមានខាន់លឿងតិចៗ មានលក្ខណៈងាយស្រួល និងសាមញ្ញៗ ដោយគ្រាន់តែម៉ាក់ៗធ្វើតាមការណែនាំខាងក្រោមនេះ។
– ព្យាយាមបំបៅទឹកដោះកូនឲ្យបានគ្រប់គ្រាន់
– ដាក់កូននៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦-៩ព្រឹក)
– សង្កេតមើលពណ៌សម្បុរទារក ឬផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក។
ទារកកើតខាន់លឿងខ្លាំង
ករណីនេះម៉ាក់ប៉ាមិនត្រូវបង្អែបង្អង់នោះទេ ប្រញាប់នាំកូនមកពេទ្យ ដើម្បីឲ្យគ្រូពេទ្យតាមដានកម្រិតជាតិលឿងលើស្បែក និងភ្នែកទារក ហើយឈានដល់ការពារព្យាបាលទាន់ពេលទៅតាមបច្ចេកផ្សេងៗ ដើម្បីកាត់បន្ថយការបញ្ចេញជាតិប៊ីលីរូប៊ីន ពីខ្លួនរបស់ទារក។
[embed-health-tool-vaccination-tool]