អាការៈឈឺបំពង់ក ក្អក តឹងច្រមុះ ឬគ្រុនក្ដៅខ្លួន សុទ្ធតែអាចបណ្ដាលឲ្យកូនយើងពិបាកគេង ជាលទ្ធផលយើងជាម៉ាក់ប៉ាក៏គេងមិនបានដូចគ្នា ព្រោះត្រូវមើលកូន។ ពេលខ្លះ កំពុងគេងសុខៗ អាអូនស្រាប់តែឈឺ ភ្ញាក់ឡើងកណ្ដាលយប់ ពិបាកគេងទៅវិញ។
ក្នុងនាមយើងជាម៉ាក់ប៉ា មិនអាចទ្រាំមើលកូនឈឺពិបាកក្នុងខ្លួនបានទេ យើងច្បាស់ជាចង់ធ្វើអ្វីគ្រប់យ៉ាងឲ្យតែកូនបានស្រួលខ្លួនវិញដូចឲ្យថ្នាំលេប បំបៅដោះ ឬទឹកដោះគោ ឬក៍លើកកូនមកព អង្រួន ខំព្រឹងលួងឲ្យកូនបាត់យំ ហើយគេងទៅវិញ។ ប៉ុន្តែ ពេលខ្លះ ពិសេសពេលអាអូនភ្ញាក់ដឹងខ្លួនកើតឡើងច្រើនយប់ជាប់ៗគ្នា នោះវាអាចក្លាយជាទម្លាប់របស់អាអូនឲ្យគេងភ្ញាក់កណ្ដាលយប់អាធ្រាត្របាន ជាហេតុអាចបណ្ដាលឲ្យមានបញ្ហាគេងកើតឡើង ទោះពេលកូនជាសះស្បើយពីជំងឺក៏ដោយ។
តើយើងគួរដោះស្រាយបញ្ហានេះដោយរបៀបណា?
តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បកស្រាយឲ្យដឹងថា នៅពេលដែលកូនយើងជាសះស្បើយមានសុខភាពល្អ ហើយត្រឡប់ទៅរកសភាពដើមវិញ ជាពេលដែលយើងបង្រៀនកូនឲ្យមានទម្លាប់គេងធម្មតាវិញ។ ជួនកាល ២-៣យប់ដំបូង អាអូននៅតែអាចគេងៗភ្ញាក់នៅកណ្ដាលយប់ដូចពេលឈឺដែរ ហើយអ្វីដែលយើងគួរធ្វើនោះគឺយើងមិនគួរលើកអាអូនព ដើរចុះឡើងទេ យកល្អឲ្យកូនគេងស្ងៀមមួយកន្លែង រួចម៉ាក់ប៉ាច្រៀងបំពេរ ឬទះខ្នងកូនតិចៗ ដើម្បីឲ្យអាអូនគេងលក់ទៅវិញ។
បន្ថែមពីលើនេះ ទោះពេលខ្លះការលួងលោមរបស់យើងមិនអាចជួយដោះស្រាយបញ្ហាគេងកូនបាន តែយើងមិនចាំបាច់បារម្ភពេកទេ ទម្លាប់របស់អាអូនទាំងការគេង ការញ៉ាំ ការលេង អាចផ្លាស់ប្ដូរបាននៅពេលដែលអាអូនលូតលាស់ធំឡើងៗ អាស្រ័យទៅតាមវ័យរបស់កូន។
[embed-health-tool-vaccination-tool]