ជាទូទៅ ជំងឺរលាកបំពង់កកើតឡើងចំពោះកុមារតូចៗ ដែលភាគច្រើនមានអាយុក្រោម៥ឆ្នាំ ហើយជាធម្មតា វាមិនមានលក្ខណៈធ្ងន់ធ្ងរឡើយ។ ការរលាកគឺបណ្ដាលមកពីវីរុសដូចគ្នាទៅនឹងជំងឺផ្ដាសាយ ហើយវាតែងតែកើតឡើងនៅក្នុងរដូវរងា។ ជំងឺរលាកបំពង់ក នឹងបង្កឲ្យមានការហើមនៅបំពង់ខ្យល់ ដែលជាផ្លូវដង្ហើមទៅកាន់សួត និងខ្សែសំឡេង។ ការហើមនេះនឹងធ្វើឲ្យផ្លូវដង្ហើមតូចចង្អៀត និងធ្វើឲ្យក្មេងពិបាកក្នុងការដកដង្ហើម។
កុមារដែលមានជំងឺរលាកបំពង់កច្រើនតែក្អកខ្លាំងៗ និងមានសំឡេងថ្ងូរនៅពេលដកដង្ហើមចូល។ ពិតណាស់ ជំងឺរលាកបំពង់កគឺជាជំងឺស្រាលនោះទេ ប៉ុន្តែវានឹងចាប់ផ្ដើមធ្ងន់ធ្ងរយ៉ាងឆាប់រហ័ស។
រោគសញ្ញានៃជំងឺរលាកបំពង់ក
កុមារអាចមានរោគសញ្ញាជំងឺផ្ដាសាយ មុនពេលចាប់ផ្ដើមកើតមានជំងឺរលាកបំពង់ក រួមមានហៀរសំបោរ ឈឺក និងគ្រុនក្ដៅ។ បន្ទាប់មក ពួកគេនឹងវិវត្តទៅជាក្អកខ្លាំង និងពេលខ្លះមានសំឡេងស្អកទៀតផង។ ជាមួយគ្នានេះដែរ ការដកដង្ហើម និងក្អកគឺកាន់តែមានភាពអាក្រក់ឡើងនៅពេលយប់។
ពេលណាប៉ាម៉ាក់គប្បីនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យ?
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញសញ្ញាខាងក្រោមនេះ ចូរប្រញាប់នាំកូនទៅជួបជាមួយនឹងគ្រូពេទ្យភ្លាមៗ៖
- ពិបាកដកដង្ហើម
- មានសំឡេងខ្លាំងនៅពេលដកដង្ហើម
- ហត់ខ្លាំងនៅពេលដកដង្ហើម
- មានសីតុណ្ហភាពក្ដៅខ្លាំង
- ពិបាកលេបអាហារ
- មានអាការៈស្លេកស្លាំង ឬស្រងូតស្រងាត់
- ឆ្អឹងទ្រូងផតចុះឡើង
- មានអាការៈរសាប់រសល់ ឬរវើរវាយ
- បបូរមាត់ក្មេងឡើងខៀវ
ជំងឺរលាកបំពង់កបណ្ដាលមកពីអ្វី?
ជំងឺនេះបណ្ដាលមកពីវីរុសដូចគ្នាទៅនឹងជំងឺផ្ដាសាយដែរ ហើយវាឆ្លងតាមរយៈការក្អក កណ្ដាស់ និងចាប់កាន់វត្ថុដែលមានមេរោគ។
តើប៉ាម៉ាក់គួរធ្វើយ៉ាងម៉េចនៅពេលកូនរលាកបំពង់ក?
កុមារភាគច្រើនដែលមានជំងឺរលាកបំពង់ក គឺមិនត្រូវការការព្យាបាលឡើយ។ ប៉ាម៉ាក់អាចគ្រប់គ្រងរោគសញ្ញាតាមរយៈវិធីសាស្ត្រដូចគ្នានឹងជំងឺផ្ដាសាយដែរ។ ចូរជំរុញឲ្យកូនញ៉ាំទឹកឲ្យបានច្រើន ដើម្បីឲ្យពួកគេមានអារម្មណ៍ស្ងប់ល្អ ពីព្រោះកូនៗអាចនឹងមានបញ្ហាក្នុងការដកដង្ហើមកាន់តែខ្លាំង ប្រសិនបើពួកគេមិនសប្បាយចិត្ត ខ្លាច ឬស្រ្តេស។ ក្នុងករណីដែលជំងឺរលាកបំពង់កមានសភាពធ្ងន់ធ្ងរ ប៉ាម៉ាក់គួរនាំកូនទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
តើប៉ាម៉ាក់អាចការពារកូនឲ្យជៀសផុតជំងឺរលាកបំពង់កបានដែរឬទេ?
ពុំមានវិធីការពារពីការកើតជំងឺរលាកបំពង់កបានទេ ប៉ុន្តែប៉ាម៉ាក់ក៏អាចកាត់បន្ថយការចម្លងនៃជំងឺនេះ តាមរយៈ៖
- ឲ្យកូនលាងសម្អាតដៃជាប្រចាំ
- ក្អក ឬកណ្ដាស់ដោយខ្ចប់ជាមួយនឹងក្រដាសជូតមាត់
- សម្អាតផ្ទៃខាងក្រៅផ្ទះឲ្យស្អាតល្អ ដើម្បីកុំឲ្យមានមេរោគផ្សេងៗ
- មិនត្រូវប្រើប្រាស់កែវ ចានដែលមិនទាន់លាងសម្អាតរួមគ្នា។
[embed-health-tool-vaccination-tool]