ដើម្បីអាចដឹងថាកូនមានទេពកោសល្យអ្វីពីកំណើតនោះ យើងមិនចាំបាច់ឡើយក្នុងការបញ្ជូនកូនឲ្យអ្នកជំនាញណាមួយវាយតម្លៃថាកូនមានចំណុចខ្លាំង និងសមត្ថភាពអ្វីនោះ ព្រោះថាក្នុងនាមជាឳពុកម្តាយ យើងក៏អាចមានវិធីងាយស្រួលមួយចំនួនក្នុងការសង្កេត និងកំណត់ដឹងអត្តសញ្ញាណទេពកោសល្យពីកំណើតរបស់កូនបាន។
របៀបរកមើលទេពកោសល្យរបស់កូន
១. អង្កេតមើលពេលកូនកំពុងលេង
ពេលកូនកំពុងលេង យើងអាចអង្កេតមើថាតើគេចូលចិត្តអង្គុយស្ងៀមស្ងាត់ ហើយផាត់ពណ៌រូបភាព ឬក៏ពួកគេរីករាយនឹងការរត់ទៅមកទាត់បាល់លេងក្នុងផ្ទះ ឬក្រៅផ្ទះ? ឬក៏កូនចូលចិត្តជីកចូលជ្រៅទៅក្នុងដីស្វែងរកជន្លេន និងសត្វនៅក្នុងដីដ៏គួរឲ្យខ្លាចដទៃផ្សេងទៀត? រាល់សកម្មភាពដែលពួកគេចូលចិត្តលេង គឺសុទ្ធតែជាតម្រុយល្អដែលអាចដឹងពីអ្វីដែលកូនចាប់អារម្មណ៍ និងប្រសិនបើយើងបន្តតាមមើលសកម្មភាពលេងរបស់ពួកគេ មិនយូរមិនឆាប់ នឹងអាចដឹងពីអ្វីជាចំណុចខ្លាំងរបស់កូន និងអ្វីដែលជាទេពកោសល្យពីកំណើតដែលខ្លាំង និងមិនទាន់រកឃើញ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកខ្លះថាមានកូនទោលមិនល្អទេ តែបើដឹងរឿងទាំងនេះអាចនឹងប្ដូរការគិត
- ចង់ឲ្យកូនធំឡើងជាមនុស្សឆ្លាត ប៉ាម៉ាក់ត្រូវទម្លាប់កូនឲ្យធ្វើរឿងមួយនេះតាំងពីតូច
- ក្មេងប្រុស-ស្រី ត្រូវការលូតលាស់ដូចគ្នា តែតម្រូវការអាហារមួយថ្ងៃៗមិនដូចគ្នាទេ
- អាកាសធាតុក្តៅបែបនេះ ថែទាំកូនយ៉ាងម៉េច កុំឲ្យខ្វះជាតិទឹក កើតជំងឺរាក?
- បន្លែ ផ្លែឈើទាំងនេះល្អខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ
២. ឲ្យកូនសាកល្បងអ្វីដែលខុសប្លែកគ្នា
យើងអាចឲ្យកូនជួបនូវបទពិសោធន៍ខុសៗគ្នា និងបណ្ដោយគេឲ្យសាកល្បងរាល់សកម្មភាពគ្រប់ប្រភេទ ដែលកូនអាចនឹងស្វែងយល់ពីអ្វីដែលខ្លួនចូលចិត្ត ឬអ្វីដែលជាចំនុចខ្លាំងរបស់កូនបាន។ ប៉ាម៉ាក់អាចសាកនាំកូនទៅកន្លែងផ្សេងៗ ណែនាំកូនពីទម្លាប់ថ្មីៗ ចូលរួមក្នុងសកម្មភាពសប្បាយៗជាមួយគ្នា ដើម្បីមើលថាតើកូនស្រលាញ់ចូលចិត្តឬអត់។
៣. ស្តាប់កូន
របៀបស្រួលបំផុតក្នុងការស្វែងរកឃើញនិស្ស័យលាក់កំបាំងរបស់កូន គឺគ្រាន់តែសួរពួកគេអ្វីដែលពួកគេចូលចិត្ត តើក្តីសុបិនពួកគេជាអ្វី និងតើនរណាដែលពួកគេចង់ក្លាយខ្លួនដូច ពេលពួកគេធំដឹងក្តីឡើង។
ជួយកូនបង្ហាញចេញទេពកោសល្យ
ពេលយើងរកឃើញថាតើនិស្ស័យអាថ៌កំបាំងរបស់កូនជាអ្វីហើយនោះ គឺជារឿងចាំបាច់មួយចំនួនដែលយើងអាចធ្វើបានដើម្បីជួយពួកគេអភិវឌ្ឍឈានដល់សក្តានុពលពេញទំហឹងបំផុតរបស់ពួកគេ។
១. ផ្តល់ការគាំទ្រជ្រោមជ្រែងជានិច្ច
មិនថាបំណងប្រាថ្នារបស់កូនអាចនឹងហាក់ដូចជាមិនសូវទំនងយ៉ាងណាចំពោះយើងក្ដី សូមកុំកិនកម្ទេចក្តីសុបិនរបស់កូនដោយប្រាប់ពួកគេថាវាមិនអាចទៅរួច ឬមិនប្រាកដនិយមនោះ។ ជំនួសមកវិញ យើងគ្រាន់តែបង្ហាញការគាំទ្ររបស់យើង ហើយជួយពួកគេបង្កើតនូវគោលដៅដែលអាចសម្រេចបានវិញ។
២. ផ្តល់ឱកាសឲ្យកូនដុសខាត់ទេពកោសល្យ
មកដល់ចំណុចនេះប៉ាម៉ាក់អាចជួយកូនដុសខាត់ទៅលើនិស្ស័យដែលពួកគេមាន ដើម្បីឲ្យពួកគេបានហាត់អនុវត្តជំនាញដែលគេពេញចិត្ត។ ឧទាហរណ៍ ប្រសិនបើកូនចូលចិត្ត តន្ត្រី យើងអាចចុះឈ្មោះកូនសម្រាប់មេរៀនមួយចំនួននៅសាលាបង្រៀនតូរ្យតន្ត្រី។ ពេលពួកគេធំដឹងក្តីឡើង ហើយច្បាស់ប្រាកដថានេះគឺជាទិសដៅដែលពួកគេកំពុងតែប្រណាំងប្រជែងស្វែងរកនោះ ការបន្តការគាំទ្ររបស់ប៉ាម៉ាក់កាន់តែមានសារៈសំខាន់ថែមទៀត ដើម្បីជួយដល់ជម្រើសរបស់ពួកគេលើឯកទេសដែលកូនចាប់អារម្មណ៍។ ហេតុនេះ យ៉ាងហោចណាស់កូននឹងទទួលបានការបណ្តុះបណ្តាលសមស្រប ហើយនឹងបញ្ចប់ការសិក្សាប្រកបដោយគុណភាព។
៣. ផ្តល់អាហារូបត្ថម្ភត្រឹមត្រូវ
ដើម្បីអភិវឌ្ឍទេពកោសល្យដែលកប់កំបាំងរបស់កូន និងឈានទៅដល់សក្តានុពលពេញទំហឹងរបស់ពួកគេ ជាការចាំបាច់ដែលថាពួកគេទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ សមរម្យនៅក្នុងរបបអាហារ។ ហេតុនេះកូនអាចធំធាត់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ ពេលកូនមានគ្រប់ជំនួយ និងការគាំទ្រជ្រោមជ្រែងទាំងអស់ដែលពួកគេត្រូវការហើយ ពេលនោះកូននឹងត្រៀមលក្ខណៈរួចជាស្រេចដើម្បីបញ្ចេញទេពកោសល្យកប់កំបាំងរបស់ខ្លួន ហើយរះចេញឡើងយ៉ាងត្រចះត្រចង់។
[embed-health-tool-vaccination-tool]