ជីវិតគ្រួសារ រឿងឈ្លោះប្រកែកគ្នាចៀសមិនផុតទេ គ្រាន់តែថា ឈ្លោះក៏ឈ្លោះចុះ ប៉ុន្តែឈ្លោះក្នុងលក្ខណៈគោរពគ្នាទៅវិញទៅមក ទើបសុភមង្គលរក្សាបានយូរអង្វែង មិនមែនឈ្លោះគ្រប់ពេលទេ ត្រូវដឹងពេលណាគួរនិយាយ ពេលណាមិនគួរនិយាយ ពិសេសបើយើងមានកូនៗទៀត ឈ្លោះគ្នាមិនសមហេតុផល នឹងប៉ះពាល់ខ្លាំងដល់អារម្មណ៍កូនមិនខាន។ “Hello គ្រូពេទ្យ’ នឹងពន្យល់បញ្ហាពាក់ព័ន្ធរឿងប្តីប្រពន្ធឈ្លោះគ្នា បើគិតថាល្អ ចាំធ្វើតាម ក៏មិនយឺតពេលដែរ។
១- បញ្ហាផ្សេងៗពេលប្ដីប្រពន្ធឈ្លោះគ្នា
ឈ្លោះប្រកែកគ្នាម្ដងៗ បើប្តីប្រពន្ធអាចធ្វើចិត្តឲ្យត្រជាក់ អត់ឱនឲ្យគ្នាទៅវិញទៅមក ជម្លោះនឹងបាត់ទៅវិញដោយឯកឯង បើចិត្តខ្លាំងរៀងៗខ្លួន ច្បាស់ក្លាយជារឿងធំមិនខាន។ ប្តីប្រពន្ធមួយចំនួនអាចយំស្រែក ឬធ្វើដូចក្មេងបៀមដៃ ប៉ុន្តែខ្លះទៀតអាចនឹងឈានដល់ការលែងលះគ្នា ទោះបីទាំងសងខាងមិនចង់ក៏ដោយ។
២- ប្តីប្រពន្ធឈ្លោះគ្នាជារឿងធម្មតាដែរអត់?
ត្រឹមត្រូវ ប្តីប្រពន្ធឈ្លោះគ្នា អាចជារឿងធម្មតា កើតឡើងពេលទាំងសងខាង ខ្វែងគំនិតគ្នា តែអ្វីដែលសំខាន់នោះ ទាំងប្តីទាំងប្រពន្ធ ត្រូវចេះអត់ឱនស្វែងយល់ពីកំហុស ទទួលស្គាល់កំហុស និងស្វែងយល់ឲ្យបានច្រើនពីកំហុសនេះ កុំឲ្យថ្ងៃក្រោយអាចបង្កជាជម្លោះទៀត។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រអប់រំកូនស្រីកុំឲ្យដើរផ្លូវខុស ជ្រុលខ្លួនក្នុងរឿងស្នេហា
- ស្តាប់ហេតុផលនេះ ស្រីៗអាចលែងចង់នៅតែផ្ទះមើលកូនទៀតហើយ!
៣- ប៉ាម៉ាក់ឈ្លោះគ្នាប៉ះពាល់កូនៗអត់?
ពិតជាប៉ះពាល់ហើយ កូនៗយើងអាចនឹងបាត់បង់ភាពកក់ក្ដៅ ពិបាកចិត្ត ឬអាចយំ ពេលឃើញប៉ាម៉ាក់ឈ្លោះប្រកែកគ្នា។ ក្នុងករណីធ្ងន់ កូនៗអាចគេងមិនលក់ លែងចង់ទៅសាលា មិនរត់លេង ឬជួបមិត្តភក្តិដូចមុន។ ពេលខ្លះ យើងជាប៉ាម៉ាក់អាចឈ្លោះគ្នាដោយសារកូនក៏មាន ក៏ជាហេតុផលធ្វើឲ្យកូនបន្ទោសខ្លួនឯង គិតថា ខ្លួនជាអ្នកមានកំហុស ធ្វើឲ្យប៉ាម៉ាក់ឈប់ស្រលាញ់គ្នា លែងលះគ្នា គ្រួសារបែកបាក់ បាត់បង់សុភមង្គល។
៤- រឿងខ្លះប្ដីប្រពន្ធគួរ និងមិនគួរធ្វើ
ឈ្លោះគ្នា បែរជាយកកូនមកធ្វើជាប្រធានបទ អាចធ្វើឲ្យកូនយើងគិតថាខ្លួនជាអ្នកខុស ពិបាកចិត្ត ឬអាចឈានដល់មានវិបត្តិផ្លូវចិត្តក៏មាន។ ដើម្បីកែខៃបញ្ហាកុំឲ្យរីករាលដាលធំ ទាំងសងខាងគួរចេះអត់ឱនឲ្យគ្នា សុំទោសគ្នាទៅវិញទៅមក ដើម្បីឲ្យកូនយើងដឹងថា ប៉ាម៉ាក់គ្មានបញ្ហាធំដុំទេ។
រាល់ជម្លោះទាំងអស់ មិនប្រាកដថាត្រូវឈានដល់ការលែងលះគ្នានោះទេ មិនតែប៉ុណ្ណោះ គ្មានគ្រួសារណាល្អគ្រប់ដប់នោះដែរ ហេតុនេះត្រូវចេះបង្រៀនកូនឲ្យដឹងផង ថាគ្រប់គ្នាត្រូវចេះនិយាយរឿងពិបាកចិត្តឲ្យគេដឹង ព្រោះប្រើវិធីនេះក្នុងគ្រួសារ អាចជាដំណោះស្រាយល្អបំផុត ធ្វើឲ្យគ្រប់គ្នាងាយស្រួល និងមានសុភមង្គលក្នុងជីវិត សុខភាពផ្លូវចិត្តក៏ប្រសើរ ហើយក៏ជាមូលហេតុពិត ជួយឲ្យយើងរស់នៅចុះសម្រុងគ្នាបានយូរអង្វែង។
[embed-health-tool-vaccination-tool]