backup og meta

តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

    តិចនិកបង្វែរអារម្មណ៍កូន កុំឲ្យម្ង៉ៃៗនៅតែមុខអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍

    ដ្បិត​តែ​ឲ្យ​កូន​មើល​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ អាច​ធ្វើ​ឲ្យ​កូន​រវល់ មិន​រក​រឿង​ម៉ាក់​ប៉ា​មែន ប៉ុន្តែ​យើង​មិន​អាច​បណ្ដោយ​ឲ្យ​កូន​អង្គុយ​តែ​នៅ​ពី​មុខ​អេក្រង់​គ្រឿង​អេឡិចត្រូនិក​ទេ។ ហេតុ​នេះ​ហើយ ការ​កំណត់​ពេល​មើល​ទូរស័ព្ទ លេង​ហ្គេម ឬ​សម្លឹង​មើល​ទូរទស្សន៍​ចំពោះ​កូន គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​នៅ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​បច្ចេកវិទ្យា​ដូច​សព្វ​ថ្ងៃ។ ខាង​ក្រោម​នេះ ជា​តិចនិក​ងាយ​ៗ ម៉ាក់​ប៉ា​អាច​ប្រើ ដើម្បី​កាត់​បន្ថយ​ពេល​អា​អូន​មើល​អេក្រង់​យូរ​បាន។

    ១. ធ្វើ​ជា​គំរូ​ល្អ

    ក្មេងៗ​និយម​ត្រាប់​តាម​ទង្វើ​ដែល​ពួក​គេ​ឃើញ​មនុស្ស​ជុំ​វិញ​ខ្លួន​ធ្វើ​ញឹក​ញយ ជា​ពិសេស​ម៉ាក់​ប៉ា​តែ​ម្ដង។ បើ​កូន​ៗ​ឃើញ​យើង​អាន​សៀវភៅ ពួក​គេ​អាច​ចង់​អាន​សៀវភៅ​ដូច​ម៉ាក់​ប៉ា ហើយ​បើ​ឃើញ​យើង​មើល​ទូរស័ព្ទ និយាយ​ដើម​គេ កូនៗ​ច្បាស់​ជា​រៀន​តាម​ទង្វើ​អស់​នោះ​មិន​ខាន។

    ២. ធ្វើ​តួនាទី​ជា​ឪពុក​ម្ដាយ

    វា​ជា​ការងារ​របស់​យើង​ជា​ម៉ាក់ប៉ា​ដែល​ត្រូវ​ជំរុញ​ឲ្យ​កូន​មាន​ឥរិយាបថ​ត្រឹម​ត្រូវ និង​កែ​ឫក​ពារ​មិន​សមរម្យ​ចេញ ហើយ​យើង​ត្រូវ​ពន្យល់​ពី​ហេតុផល​ដល់​កូន ថា​ហេតុ​អ្វី​បាន​ជា​ធ្វើ​បែប​នេះ​ល្អ ធ្វើ​បែប​នេះ​មិន​ល្អ​សម្រាប់​យើង។

    ៣.ជំរុញ​កូន​ធ្វើ​សកម្មភាព​ផ្សេង

    ក្រៅ​ពី​ការ​លេង​ទូរស័ព្ទ យើង​អាច​ឲ្យ​កូន​ងាក​ទៅ​រក​ការ​អាន​សៀវភៅ លេង​ជា​មួយ​របស់​លេង សង់​ផ្ទះ គូរ​រូប លេង​កីឡា ឬ​អាច​ឲ្យ​កូន​ចូល​រួម​លេង​ជាមួយ​ក្មេងៗ​ដទៃ​ដែល​នៅ​ជិត​គ្នា​ក៏បាន។ ការ​ដែល​ឲ្យ​កូន​ចូល​រួម​ធ្វើ​សកម្មភាព​ថ្មី​ផ្សេងៗ អាច​បង្កើន​គំនិត​ច្នៃ​ប្រឌិត​របស់​កូន និង​អាច​ជួយ​ដល់​សុខភាព​ទូទៅ​របស់​កូន​បាន។

    តិចនិកចិញ្ចឹមកូន

    ៤. កំណត់​ម៉ោង​មើល​ទូរស័ព្ទ

    យើង​អាច​កំណត់​ម៉ោង​លេង​ទូរស័ព្ទ ឬ​ទូរទស្សន៍​បាន​ដោយ​ប្រើ​កម្មវិធី​កំណត់​នាទី​នៅ​ក្នុង​គ្រឿង​អេឡិចត្រូនិក​នោះ​បាន (ឧ.បើ​យើង​កំណត់​ម៉ោង​មើល​២​ម៉ោង នោះ​ទូរស័ព្ទ​នឹង​ប្រាប់​យើង​ឲ្យ​បិទ ឬ​អាច​កំណត់​ឲ្យ​បិទ​ខ្លួន​ឯង​តែ​ម្ដង)។ យើង​ក៏​អាច​និយាយ​ដាច់​ណាត់​ជាមួយ​កូន​ថា​មើល​ទូរស័ព្ទ​បាន​ប៉ុនណា ត្រូវ​ឈប់​នៅ​ពេល​ណា​បាន​ដូច​គ្នា។

    ៥. លេង​ជាមួយ​កូន

    មាន​នាម​ជា​ម៉ាក់​ប៉ា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ មួយ​ថ្ងៃ​ៗ​មមាញឹក​នឹង​ការងារ​រក​ចំណូល​ផង ការងារ​ផ្ទះ​ផង ស្ទើរ​តែ​គ្មាន​ពេល​បាន​នៅ​ក្បែរ​កូន​ពេញ​លេញ។ ដូច​នេះ គួរ​ចំណាយ​ពេល​លេង​ជាមួយ​កូន ទោះ​ពេល​តិច​ក្ដី ច្រើន​ក្ដី វា​អាច​ធ្វើ​ឲ្យ​កូន​ទទួល​បាន​ភាព​កក់​ក្ដៅ​មួយ​ពេល​ឃើញ​មុខ​ប៉ា​ម៉ាក់។

    តាម​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគ​កុមារ ឲ្យដឹងថា ទោះ​រវល់​យ៉ាង​ណា​ក៏​មិន​ត្រូវ​ភ្លេច​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​កូន​ៗ​របស់​យើង​ដែរ ហើយ​យើង​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​មាន​ចំពោះ​កូន​ទេ។ យើង​អាច៖

    • ចំណាយ​ពេល​ស្ដាប់​កូន​និយាយ
    • និទាន​រឿង​ឲ្យ​កូន​ស្ដាប់ ៥-១០​នាទី​រៀង​រាល់​ថ្ងៃ
    • ចំណាយ​ពេល​ពន្យល់​ណែនាំ​កូន ទោះ​ពេល​តិច​ក្ដី
    • ជួយ​បង្រៀន​កូន​ធ្វើ​កិច្ចការ​សាលា។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម