backup og meta

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

ម៉ាក់ៗមានកូនកើតអូទីស្សឹម ចែករំលែកវិធីជួយឲ្យកូនប្រសើរឡើង

សម្រាប់​អ្នក​ម៉ាក់​ដែល​មាន​បញ្ហា​កូន​កើត​អូទីស្សឹម​ប្រាកដជា​ចង់​ដឹង​ពី​វិធី​ដែល​ជួយ​ឲ្យ​កូន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ។ ខាងក្រោម​នេះ​ជា​បទ​ពិសោធ​ម៉ាក់​ៗ ២ នាក់​ដែល​ព្យាយាម​ឲ្យ​កូន​បានវិវត្តច្រើន​គួរសម​វិញ​បាន។

១- ទៅ​រក​គ្រូពេទ្យ និង​គ្រូ​បង្រៀន​ជំនាញ

ម៉ាក់​ៗ​ឈ្មោះ រស់ រចនា បាន​រៀបរាប់​ឲ្យ​ដឹង​ថា «កូន​ខ្ញុំ​ជា​កុមារ​អូទីស្សឹម តើ​អ្នក​ដឹង​ទេ​ថា​កូន​យើង​ជា​កុមារ​អូទីស្សឹម? តើ​ហេតុអ្វី​បាន​ជា​កូនយើងជា​ក្មេង​អូទីស្សឹម? បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស​របស់​យើង ឬ​វា​ជា​ជំងឺ​មក​ពី​កំណើត? នាង​ខ្ញុំ​សុំ​បកស្រាយ​ថា មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​មាន​ជំងឺ​នេះ ព្រោះ​ការ​ឲ្យ​កូន​មើល​គ្រឿង​អេឡិចត្រូនិច និង​គ្មាន​ពេល​វេលា​ជជែក​លេង​ជាមួយ»។ អ្នកនាង​បានរៀបរាប់​ថា កាលពី​ពពោះ​កូន​ទី១ គ្មាន​លទ្ធភាព​គ្រប់គ្រាន់​តាំងពី​ការ​ញ៉ាំ ការ​គេង ការ​ដើរ ព្រោះ​គ្រួសារកំពុង​ខ្វះខាត កូន​រស់នៅ​កន្លែង​រក​ស៊ី មនុស្ស​ចេញ​ចូល​អ៊ូអរ ឆាប់​បាន​ឃើញ បាន​និយាយ​ជាមួយ​ភ្ញៀវ និង​អ្នកដទៃ​ច្រើន ហើយ​កូន​បែរចេះ​និយាយ​តាំង​ពី​មិនទាន់​បាន ១ ខួប។

តែ​ចូល​ដល់​កូន​ទី ២ ម្ចាស់​អាជីវកម្ម​បោះពុម្ព​រូប​នេះ ចាប់ផ្ដើម​ជីវភាព​ធូរធារ​ជាង​មុន ញ៉ាំ​របស់​ដែល​ចង់ញ៉ាំបាន​តាម​ចិត្ត មាន​ផ្ទះ មាន​កន្លែង​គេង​ស្រួល និង​ឲ្យ​កូនទើប​កើត​នៅតែ​ផ្ទះ​ជាមួយ​អ្នក​មើល​ថែ មិន​ឲ្យ​ទៅ​ហាង ព្រោះ​កន្លែង​ព្រីន​ខ្នាត​ធំ សម្បូរ​សារធាតុ​គីមី​ច្រើន និង​មាន​ជីដូន​ទៅ​មើល​ម្ដងម្កាល ចំណែក​អ្នកស្រី និង​ស្វាមី​មិន​សូវ​មើល​ថែ​កូន​ដិត​ដល់ ព្រោះ​រវល់​រក​លុយ​មក​ផ្គត់ផ្គង់ គ្រួសារ។ ពេល​ចូល​ដល់​វ័យ​ចេះ​និយាយ​កូន​និយាយ​បាន​មួយ​ម៉ាត់​ៗ​ដូច​ក្មេង​ដទៃ​ដែរ ប៉ុន្តែ​ដោយសារ​រពឹស ហើយ​អ្នក​មើល​គេ​រវល់​ធ្វើ​ការផ្ទះ គាត់​បាន​ឲ្យ​ក្មេង​មើល​ទូរស័ព្ទ ចាប់​តាំងពី​នោះ​មក​កូន​មិន​និយាយ ចង់​និយាយ​បាន​និយាយ មិន​ចង់​មិន​និយាយ​ ហៅ​មិន​ឆ្លើយ មិន​ងាក ឆាប់​ខឹង ឆេវឆាវ ទោះ​ជា​ក្មេង​មិន​សូវ​ឈឺ​ផ្ដេសផ្ដាស ញាំ​បាន​គេង​បាន ថ្លោស​ក៏​ដោយ។ អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​រូប​នេះ​បន្ត​ទៀត​ថា ទម្រាំ​ដឹង​ថា កូន​មាន​ជំងឺ​បែប​នេះ កូន​ចូល​ដល់​អាយុ ២ ខួប​កន្លះ ស្រប​ពេល​ផ្អើល​រឿង​ក្មេង​កើត​អូទីស្សឹម​ច្រើន ហើយ​អ្នកនាង​ក៏ព្យាយាម​រក​កន្លែង ឬ​ពេទ្យ​តាម​គេ​ប្រាប់ ដើម្បី​ព្យាបាល​កូន​ឲ្យ​ទាន់​ពេល​វេលា។ ពេល​ទៅ​ពេទ្យ​ផ្នែក​ក្មេង​កើត​អូទីស្សឹម គេ​ព្យាយាម​ធ្វើ​តេស្តថា ក្មេង​អូទីស្សឹម​កម្រិត​ណា ហើយ​គេ​ផ្ដល់​ជា​យោបល់ ថា​យក​គាត់​ទៅ​ដាក់​សាលា កុំ​ទុក​គាត់​នៅ​ផ្ទះ​ទៀត ដើម្បី​ឲ្យ​កូន​បាន​ទៅ​ជួប​សង្គម​ខាង​ក្រៅ។

អត្ថបទពាក់ព័ន្ធ៖ បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

អូទីស្សឹម

ប៉ុន្តែ​ផលវិបាក​ គឺ​សាលា​ខ្លះ​ថ្លៃ​មែន​តែ​មិន​ទទួល​ក្មេង​មាន​ជំងឺ​នេះ​ទេ ព្រោះ​ពិបាក​និយាយ​ស្តាប់​គ្នា​បាន ពេល​ចង់​បៅ​ក៏​មិន​ចេះ​និយាយ​ប្រាប់ ចង់​ជុះ​ក៏​មិន​ប្រាប់។ តែ​ដោយសារ​ការ​ព្យាយាម​ស្វែង​រក​សាលា​ណា​ដែល​គេ​ទទួល​ក្មេង​អូទីស្សឹម ទើប​ជួប​សាលា​មួយ ហើយ​តាំងពី​ពេល​នោះ​មក​ស្ត្រី​វ័យ ៣០ ស្ដើង​រូប​នេះ ព្យាយាម​មើល​ថែ​កូន​ផ្ទាល់ លេង​ជាមួយ បង្រៀន​កូន​និយាយ ព្រម​ទាំង​នៅ​សាលា​គ្រូ​មាន​តិចនិក​បង្ហាត់​ច្រើន​ទៀត កូន​ក៏​ចាប់ផ្ដើម​វិវត្ត​មក​សភាព​ដូច​ក្មេង​ដទៃ​បាន​ច្រើន។ មកទល់​ពេល​នេះ កូន​អ្នកនាង  រចនា មាន​អាយុ​ជិត ៤ ឆ្នាំ ហើយ​ចេះ​ច្រើន​ខុស​ពី​មុន​ឆ្ងាយ ៧០ ភាគរយ ដោយ​អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​បាន ដឹង​ខុស​ដឹង​ត្រូវ ចេះ​សុំ​ពេល​ចង់​បាន​អ្វី​មួយ ស្គាល់​អ្នក​ជុំវិញ​ខ្លួន​ទាំងអស់ ដែល​ឫកពា​ប្រសើរ​ខុស​ពី​ពេល​មុន​ឆ្ងាយ​ណាស់។ សូម្បី ទូរស័ព្ទ​ក៏​លែង​យំ​ទារ​លេង ដោយ​ផ្ដាច់​ការ​ញៀន​ទូរស័ព្ទ​បាន​ទាំង​ស្រុង។ ពេល​ឃើញ​សភាព​កូន​ត្រលប់​មក​ប្រក្រតី​ម៉ាក់​ៗ​រូប​នេះ ពិត​ជា​រំភើប​ខ្លាំង​ព្រោះ​អាច​កែខៃ​កូន​បាន​ទាន់​ពេល ហើយ​អ្នកនាង​ក៏​សូម​ផ្ដាំ​ដល់​ម៉ាក់​ៗ​ដទៃ​កុំ​ឲ្យ​ប្រហែស ព្រោះ​អាច​ស្គាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ។

២- នាំ​កូន​ចេញ​ពី​កន្លែង​ធ្វើឲ្យ​មាន​បញ្ហា

ចំណែក​ម៉ាក់​ៗ បាន សុផានី វិញ​បាន​ចែករំលែក​រឿង​ដែល​នាំ​ឲ្យ​កូន​កើត​ជំងឺ​អូទីស្សឹម​នេះ​ថា ដោយសារ​តែ​គ្រួសារ​មាន​បញ្ហា​ច្រើន បូករួម​ម៉ាក់ប៉ា​ឈ្លោះ​ប្រកែក​គ្នា​នៅ​ចំពោះ​មុខ​កូន ជាពិសេស​វ៉ៃ​ធ្វើ​បាប ហើយ​អ្នក​មើល​ថែ​សម្លុត​គំរាមកំហែង​ទៀត ធ្វើឲ្យ​កូន​លែង​និយាយ​ស្ដី គិតតែ​ឈ្ងោក​មុខ​រហូត។ អ្នក​រស់នៅភ្នំពេញរូបនេះថា​ទម្រាំ​ដឹង​ខ្លួន​កូន​អាយុ ៤ ឆ្នាំ​បាត់​ហើយ នៅ​ពេល​ទៅ​រក​គ្រូពេទ្យ ស្ទើរតែ​ហួស​ពេល ហើយ​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា​បើ​បន្ត​ទុក​យូរ​បន្តិច​ទៀត ភាគរយ​វិវត្ត​មក​ជា​ក្មេង​ប្រក្រតី​ក៏​កាន់តែ​តិច។

បន្ទាប់ពី​ស្ដាប់​ការ​រៀបរាប់​របស់​គ្រូពេទ្យ និង​ណែនាំ​ឲ្យ​គ្រួសារ​មាន​ការ​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន ធ្វើឲ្យ​ស្ត្រី​វ័យ ២៨ ឆ្នាំ​រូប​នោះ​សម្រេច​ចិត្ត​ដូរ​កន្លែង​រស់នៅ ដោយ​យក​កូន​ទៅ​នៅ​អង់គ្លេស ហើយ​កាត់ផ្ដាច់​ក្មេង​ពី​ពិភព​អ៊ីនធឺណិត។ នៅ​ទី​នោះ​ពេទ្យ​បាន​ឲ្យ​យើង​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន និង​បង្រៀន​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន បើ​ទោះ​ជា​ដំបូង​ៗ​មិន​សូវ​បាន​ផល​ក៏​ត្រូវតែ​ខិតខំ​ដែរ រហូត​ដល់ កន្លះ​ឆ្នាំ​កូន​ចាប់ផ្ដើម​ស្គាល់​អ្វី​ៗ ហើយ​នៅ​សាលា​គ្រូ​បង្រៀន​មាន​ជំនាញ​ខ្ពស់ បូករួម​និង​សកម្មភាព​ដែល​មាន​នៅ​ក្នុង​សាលា ធ្វើឲ្យ​កូន​ប្រុស​អ្នកនាង​ចាប់ផ្ដើម​ចេះ​សើច ងើប​មុខ​ឡើង និង​ហ៊ាន​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ និង​ឥឡូវ​អាច​ចូល​រៀន​ថ្នាក់​ធម្មតា​បាន​ហើយ។ បន្ថែម​ពី​នោះ តាំងពី​ទៅ​រស់នៅ​បរទេសមួយ​រយៈ ​ស្វាមី​អ្នកនាង​ក៏​ផ្លាស់ប្ដូរ​ឥរិយាបថ​មួយ​ចំនួន ហើយ​ឧស្សាហ៍​ឡើង​ចុះ​មើល​កូន ទើប​ជួយ​ឲ្យ​ផ្លូវ​ចិត្ត​ក្មេង​ចាប់ផ្ដើម​មាន​លំនឹង​ឡើង​វិញ។ អតីត​បុគ្គលិក ផ្នែកអចលទ្រព្យ​រូប​នេះ បាន​បន្ត​ទៀត​ថា ប្រសិនបើ​មិន​ជ្រើសរើស​នាំ​កូន​ចាកចេញ​ពី​កន្លែង​ និង​អ្នក​ធ្លាប់​ធ្វើឲ្យ​ឈឺចិត្ត កូន​ប្រហែល​ជា​មិន​អាច​និយាយ​ស្ដី​បាន​ទៀត​ឡើយ ហើយ​គ្រួសារ​ក៏​នឹង​បែកបាក់​គ្នា​ផង​ក៏​មិន​ដឹង ព្រោះ​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ រឿង​បំពេញ​តួនាទី​មើល​ថែទាំ​កូន​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម