ទម្លាប់បុរាណខ្មែរយើង ពេលមិនស្រួលខ្លួនតែងតែប្រើវិធីកោសខ្យល់មិនថាប្រុស-ស្រី ចាស់ ឬក្មេងនោះទេ។ តែបើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ទង្វើបែបនោះប៉ះពាល់ចំពោះក្មេងខ្លាំងណាស់ ក្នុងនោះរួមមានទាំងតម្រងនោមទៀតផង។ ខាងក្រោមនេះ ជាផលប៉ះពាល់មួយចំនួនចំពោះកុមារដែលកោសខ្យល់៖
១- ខូចស្បែក និងសាច់ដុំ
ដោយសារតែពេលកោសខ្យល់ ធ្វើឡើងនៅលើស្បែក ដូចនេះហើយមានការកកិតស្បែក និងសាច់ដុំធ្វើឲ្យកម្ដៅក្មេងរឹតតែក្ដៅខ្លាំងឡើងថែមទៀត នាំឲ្យក្មេងប្រឈមនឹងការប្រកាច់។
២- បាត់បង់ជាតិទឹក
ពេលក្មេងឈឺ ក្ដៅខ្លួន ធ្វើឲ្យក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំឲ្យកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ ធ្វើឲ្យក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់។
៣- ខូចសាច់ដុំ
ការកោសខ្យល់ខ្លាំងៗ អាចនាំឲ្យខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើឲ្យកម្ទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតម្រងនោម (ខ្មែរយើងហៅក្រលៀន) នាំឲ្យខូចតម្រងនោម។
៤- រលាកស្បែក
ការកោសខ្យល់នេះទៀតសោត នាំឲ្យមានជំងឺរលាកស្បែក និងសាច់ដុំ។ កោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។
លោកវេជ្ជបណ្ឌិត ក៏បានសំណូមពរឲ្យមនុស្សធំពេញវ័យ និងមនុស្សចាស់កុំជ្រើសរើសវិធីនេះទៀតអី មានបញ្ហាមិនស្រួលខ្លួនកន្លែងណា ត្រូវទៅពេទ្យពិភាក្សាជាមួយគ្រូពេទ្យជំនាញ ជាជាងប្រើវិធីបុរាណបែបនេះ ព្រោះបើធ្វើមិនស្រួលអាចនាំឲ្យកាន់តែគ្រោះថ្នាក់ខ្លាំងចំពោះយើង។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងៗបានចាក់វ៉ាក់សាំងផ្ដាសាយ អាចគេចផុតពីវីរុសកូរ៉ូណាថ្មីទេ?
- កុំចេះតែកោសខ្យល់ បើមានជំងឺទាំងនេះ គ្រោះថ្នាក់ខ្លាំងណាស់
- ម៉ាក់ៗមានផ្ទៃពោះ អាចកោសខ្យល់បានអត់?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]