ម៉ាក់ប៉ាគ្រប់រូបតែងបារម្ភ រាល់ពេលឃើញ កូនចេញអាការៈណាមួយ ទោះតូចក្តី ឬធំក្តី ព្រោះខ្លាចកូនមានបញ្ហាឈឺអីមួយ។ ចំពោះទារក ងាយប្រឈមនឹងការឆ្លងរោគបង្កជាជំងឺពិតមែន តែពេលខ្លះ អាអូនមិនកើតជំងឺគួរឲ្យបារម្ភ តែចេញសញ្ញាមួយចំនួនដែលធ្វើឲ្យម៉ាក់ប៉ាគេងព្រួយដូច ក្ដៅខ្លួន ឬក្អួត។ល។
ទាក់ទងនឹងបញ្ហាក្អួតនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ សញ្ញាប័ត្រមកពីបារាំងបានពន្យល់ឲ្យដឹងថា ចំពោះទារកតូច ដែលមានអាការៈក្អួតញឹកញាប់ គឺដោយសារសរីរាង្គនៅខ្ចី មិនទាន់លូតលាស់ពេញលក្ខណៈ ធ្វើឲ្យសាច់ដុំក្រពះខាងលើបិទមិនទាន់ជិតល្អ។
លោកស្រីវេជ្ជបណ្ឌិត បន្តថា ក្នុងករណីដែលទារកក្អួតនេះ ម៉ាក់ប៉ាក៏ត្រូវចេះសម្គាល់ពីអាការៈកូនក្អួតធម្មតា និងក្អួតបញ្ជាក់ពីបញ្ហាសុខភាព៖
ក្អួតធម្មតា
– ភ្នែកថ្លា
– ស្រស់ស្រាយ
- លេងបានធម្មតា
– មិនសន្លឹម
– បៅបានធម្មតា ក្រោយពេលក្អួត។
ក្អួតគ្រោះថ្នាក់
– ក្អួតខ្លាំង
- ល្ហិតល្ហៃ
– បាត់បង់ជាតិទឹក
– មើលទៅអស់ ខ្សោះ។
កាលណាដែលអាអូនក្អួតខ្លាំង ក៏អាចជាសញ្ញាទាក់ទងនឹងកក្រពះខាងក្រោមរបស់កូន សម្រាប់បញ្ជូនអាហារទៅឲ្យពោះវៀនបិទជិត ជាហេតុបណ្ដាលឲ្យអាអូន ច្រាលអាហារដែលមានក្នុងក្រពះមកលើវិញអស់។ លោកស្រីបញ្ជាក់ថា នេះគ្រាន់តែជាករណីកម្រមួយដែលអាចធ្វើឲ្យអាអូនក្អួតខ្លាំងប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត អាការៈដែលម៉ាក់ប៉ាគួរបារម្ភ គឺនៅពេលដែលអាអូនមានជំងឺរាកក្អួត ដែលមានសញ្ញាដូចជា ក្ដៅខ្លួន បាត់បង់ជាតិទឹក ក្អួតញឹកញាប់ ជាដើម ដូចនេះ ម៉ាក់ប៉ាត្រូវយកកូនទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពរបស់កូនបានទាន់ពេល មុនពេលអាការៈកាន់តែធ្ងន់ធ្ងរ។
[embed-health-tool-vaccination-tool]