នៅពេលកូនផ្ដាសាយ ហៀរសម្បោរ និងតឹងច្រមុះ ក្រៅពីលេបថ្នាំ គ្រូពេទ្យតែងឲ្យឆ្ពង់ ឬបន្តក់សេរ៉ូមប្រៃ ដើម្បីជួយឲ្យកូនដកដង្ហើមបានស្រួល។
ចំពោះការទុកដាក់សេរ៉ូមប្រៃនៅតែជាក្ដីកង្វល់របស់យើងគ្រប់គ្នា ព្រោះខ្លាចទុកយូរហួសកាលបរិច្ឆេទ នាំឲ្យគ្រោះថ្នាក់ចំពោះកូន។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថាត្បិតសេរ៉ូមប្រៃអាចទុកបានយូរក៏ពិតមែន តែវាក៏ចេះហួសដឺឡេដូចផលិតផលដទៃទៀត។ លោកបានបន្ថែមថា ជាទូទៅប្រភេទសេរ៉ូមប្រៃអំពូលដបជ័រតូចៗប៉ុនម្រាមដៃមានកាលបរិច្ឆេទលើនៅដប ឬប្រអប់ ដោយរយៈពេលវែងគួរសមដែរ គឺចាប់ពី ២-៤ ឆ្នាំក្រោយផលិត។
សេរ៉ូមប្រៃមានសមត្ថភាពលាងសម្អាតច្រមុះកូនតូចៗ និងមនុស្សធំ ជួយពង្រាវសម្បោរ និងស្លេស្មកាត់បន្ថយកណ្ដាស់ផ្ដាសាយ ហៀរសម្បោរ តឹងច្រមុះ អាលែកហ្ស៊ីក្នុងច្រមុះ រលាកច្រមុះ និងដុះសាច់ក្នុងច្រមុះ។
ដូចនេះវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះណែនាំឲ្យទិញសេរ៉ូមប្រៃទុកនៅក្នុងផ្ទះជានិច្ច ជាពិសេសអ្នកមានកូនតូចៗ ព្រោះជួយបានច្រើនយ៉ាងណាស់ ហើយមិនប៉ះពាល់សុខភាពទៀតផង។
[embed-health-tool-vaccination-tool]