បច្ចុប្បន្នការអប់រំ និងថែទាំកូនខុសប្លែកគ្នាពីសម័យមុន ដោយហេតុថា ម៉ាក់ប៉ារវល់ការងាររៀងខ្លួន ឯការមើលថែទាំកូនក៏មានតិចតួច។
ការចិញ្ចឹមកូនតាមបែបសម័យទំនើប ទន្ទឹមនឹងផលល្អក៏មានចំណុចខ្វះខាតខ្លះដែរ នេះតាមការសង្កេតរបស់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធានមន្ទីរពេទ្យកុមារជាតិ។ លោកថា អាចមករវល់នឹងការងារពេកទើបម៉ាក់ប៉ាសម័យថ្មីមួយចំនួនធ្វេសប្រហែសក្នុងចិញ្ចឹមកូន ធ្វើឲ្យកូនងាយនឹងឈឺ។
១- អត់បំបៅដោះកូន
ម៉ាក់ៗសម័យនេះមិននៅតែផ្ទះមើលតែកូនដូចសម័យមុនទេ គឺត្រូវចេញទៅប្រកបការងារនៅក្រៅផ្ទះដូចប្រុសៗដែរ ដូច្នេះហើយទើបម៉ាក់ៗគ្មានពេលបំបៅដោះកូន ដោយឲ្យកូនម៉ឹមទឹកដោះគោជំនួសវិញ។ ការដែលម៉ាក់ៗឲ្យកូនបៅទឹកដោះគោតាំងពីតូចមិនល្អនោះទេ កូនយើងម៉ឹមទៅងាយនឹងឈឺ ព្រោះទឹកដោះគោអត់មានប្រព័ន្ធភាពស៊ាំសម្រាប់ការពារជំងឺដូចទឹកដោះម្តាយនោះទេ ឯក្មេងមួយចំនួនងាយនឹងអាលែកហ្ស៊ីជាមួយទឹកដោះគោ។ មួយវិញទៀតទាក់ទងនឹងការអនាម័យផ្សេងៗពេលឆុង ឬប្រើដបទឹកដោះគោ ក៏អាចឲ្យឈឺដែរប្រសិនបើយើងសម្អាតមិនបានល្អ ត្រឹមត្រូវ ដូចជាដុះលាង ឬស្រុសជាមួយទឹកក្តៅ។ ទោះជារវល់នឹងការងារយ៉ាងណា ម៉ាក់ៗហោចណាស់ឆ្លៀតបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែ បើសិនជាពិបាកឆ្លៀត យើងអាចច្របាច់ទឹកដោះទុកឲ្យកូនញ៉ាំ។
អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ
២- ឲ្យកូននៅជាមួយអ្នកថែទាំ
ដោយហេតុថា គ្មានពេល គ្មានសាច់ញាតិ ម៉ាក់ប៉ាខ្លះបានរកមនុស្សមកនៅជាមួយ ឲ្យមើលថែទាំកូន ពេលទៅធ្វើការបាត់ៗ។ បើមានអ្នកថែទាំចំណាប់ចំនួនដូចយើងមិនចោទបញ្ហានោះទេ តែប៉ះអ្នកថែទាំក្មេងដែលធ្វើការខ្ជីខ្ជានោះ ប្រាកដជាថែទាំកូនមិនបានដិតដល់ដូចយើងនោះទេ ពេលខ្លះខ្វះអនាម័យទៀត កូនតូចច្បាស់ជាងាយឈឺមិនខាន។
៣- ប្រើថ្នាំតាមគ្នាដោយគ្មានវេជ្ជបញ្ជា
ម៉ាក់ប៉ាមួយចំនួនពេលកូនឈឺច្រើនតែសួរតាមគ្នា តើកូនឈឺនេះ ប្រើថ្នាំអីត្រូវ? រួចហើយក៏ទៅទិញថ្នាំនោះឲ្យកូនលេប។ ទម្លាប់អាក្រក់បែបនេះហើយទើបកូនយើងឈឺញឹក ឬក៏ពេលឈឺម្តងយូរថ្ងៃទម្រាំនឹងជា ព្រោះថា កូនយើងកូនគេ ឈឺមិនដូចគ្នាទេ កុំផ្សំថ្នាំតាមគ្នាអី កូនឈឺត្រូវទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖ ក្មេងអាយុប៉ុន្មានទើបអាចលេបថ្នាំគ្រាប់បាន?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]