បើកូនឧស្សាហ៍ដួលអុកគូទ ប៉ះពាល់អ្វីខ្លះ?
កូនតូចទើបចេះដើរ ហើយឧស្សាហ៍ដួលប៉ះក្បាល និងអុកគូទ ធ្វើឲ្យម៉ាក់ប៉ាបារម្ភខ្លាំង ព្រោះ ខ្លាចប៉ះពាល់ដល់សរីរាង្គផ្សេងៗ។ សម្រាប់ការដួលនេះទៀតសោតអាណាព្យាបាលមួយចំនួនគិតថា ក្បាលជាផ្នែកសំខាន់បំផុត ដោយមិនសូវជាខ្វល់ពេលដួលអុកគូទឡើយ។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារកនៅមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ការដួលអុកគូទ បើធ្ងន់បំផុតគឺរហូតកូនក្មេងនោមមកចេញឈាម គឺខ្ទាំតម្រងនោម ឬនោមមិនចេញជាដើម តែនេះជារឿងកម្រ។ ករណីដែលឧស្សាហ៍ឃើញមានគឺត្រឹមបាក់កញ្ចូញគូទ ឬបើតាមចាស់ៗនិយាយគេហៅថា «ទល់ផ្អកនេះឯង» មានរោគសញ្ញាមិនដើរខ្យល់ ឬបត់ជើងធំមិនចេញ។
អត្ថបទពាក់ព័ន្ធ៖ ក្មេងទើបចេះតោងឈរ ដើរ ឧស្សាហ៍ដួល ប៉ះពាល់ដល់ខួរក្បាលអត់?
ម្ចាស់បន្ទប់ពិគ្រោះជំងឺកុមារ វត្តអង្គតាម៉ិញរូបនេះក៏បន្តទៀតថា ប្រសិនបើកូនស្ថិតនៅក្នុងសភាពបែបនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។ ចំណែកសំណួរថា តើអាចប៉ះពាល់ដល់តម្រងនោមអត់! ចម្លើយគឺ «អត់ទេ» អវយវៈនោះស្ថិតនៅផ្នែកខ្នងនៃខ្លួនមនុស្ស។
គ្រូពេទ្យឯកទេសកុមារខាងលើបានផ្ដល់ជាដំបូន្មានសម្រាប់អ្នកមានកូនតូចៗថា ត្រូវចេះប្រយ័ត្ន និងការពារកូនកុំឲ្យដួលញឹកញាប់ពេក ព្រោះបើត្រូវក្បាលច្រើនខ្លាំងពេក ធំឡើង អាចប៉ះពាល់ខួរក្បាល ដួលអុកគូទក៏មិនល្អដែរ ហើយបើកូនខ្លះដួលច្រើនគ្រេច ឬបាក់ដៃជើង រលាត់ ឬជាំស្បែក និងមានសម្លាកជាដើម។
[embed-health-tool-vaccination-tool]