បច្ចុប្បន្ននេះ ប្រទេសយើងមានវ៉ាក់សាំង ៣ ប្រភេទ ដែលអាចចាក់ការពារសុខភាពពីជំងឺឆ្លងសកលកូវីដ-១៩ គឺ ស៊ីណូវ៉ាក់ ស៊ីណូហ្វាម និងអាស្ត្រាហ្សេនីកា។ មានឆ្ងល់ទេថា វ៉ាក់សាំងទាំង៣នេះ ខុសគ្នាយ៉ាងម៉េចខ្លះ?
ឆ្លើយតបនឹងការងឿងឆ្ងល់នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបកស្រាយឲ្យដឹងថា ចំពោះវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) មានភាពប្រហាក់ប្រហែលគ្នា។ ឥឡូវនេះ ស៊ីណូហ្វាម ក៏អាចចាក់លើមនុស្សចាប់ពីអាយុ១៨-៦០ឆ្នាំឡើងទៅបានដូចវ៉ាក់សាំងផ្សេងទៀតដែរ។ ប៉ុន្តែក្រសួងសុខាភិបាល នឹងសិក្សាបន្ថែមពីការណែនាំថ្មីនេះ។
លោកជំទាវបន្តថា ចំណុចដែលដូចគ្នារវាងវ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ គឺវ៉ាក់សាំងទាំងពីរនេះ interval នឹងគ្នា មានន័យថា ចន្លោះនៃការចាក់ពីដូសទី១ ដល់ដូសទី២ មានរយៈពេល ១៤-២៨ថ្ងៃ។ ព្រោះតាមការសិក្សាបង្ហាញថា បើហួស ២៨ថ្ងៃ វ៉ាក់សាំងមិនសូវមានប្រសិទ្ធភាពល្អ ក្នុងការឆ្លើយតបរបស់សរីរាង្គរបស់យើង។
ចំណែករវាងវ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មិនសូវជាមានភាពខុសគ្នាប៉ុន្មានទេ ពោលគឺមានលក្ខណៈនៃការចាក់ដូចគ្នា។ ឧទាហរណ៍ អ្នកមានជំងឺប្រចាំកាយ (លើសឈាមមិនអាចគ្រប់គ្រងបាន ឬកើតហឺត) គួរព្យាបាលជំងឺឲ្យបានធូរស្បើយសិន សឹមទៅចាក់វ៉ាក់សាំង។ ប៉ុន្តែ អ្វីដែលគេកត់សម្គាល់នោះគឺ វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់បាននៅលើស្ត្រីបំបៅដោះកូនបាន ដោយមិនមានផលប៉ះពាល់ណាគួរឲ្យបារម្ភ តែស៊ីណូហ្វាមត្រូវការការសិក្សា និងណែនាំបន្ថែមទៀតចំពោះការចាក់លើស្ត្រីបំបៅដោះកូន ក៏ដូចជាការចាក់លើមនុស្ស៦០ឆ្នាំឡើង។
រដ្ឋលេខាធិការ ឱ វណ្ណឌីន បានបន្ថែមទៀតថា ដោយឡែកចំពោះវ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca) ត្រូវបានក្រសួងសុខាភិបាលកំណត់ឲ្យមានចន្លោះពេលចាក់ពីដូសទី១ ដល់ដូសទី២ ចាប់ពី៤-៨សប្ដាហ៍ ប៉ុន្តែកាលបរិច្ចេទសុពលភាពនៃការប្រើប្រាស់វ៉ាក់សាំងនេះមានរយៈពេលខ្លី។ ចំពោះវ៉ាក់សាំងនេះដែរ ត្រូវបានអង្គការសុខភាពពិភពលោកទទូចឲ្យយើងចាក់វ៉ាក់សាំងដូសទី២ នៅក្នុងសប្ដាហ៍ទី៨-សប្ដាហ៍ទី១២ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
ចំពោះវ៉ាក់សាំង អាស្ត្រាហ្សេនីកា (AstraZeneca)នេះ នឹងផុតកំណត់ការប្រើប្រាស់នៅក្នុងសប្ដាហ៍ទី៣ ក្នុងខែមិថុនា ឆ្នាំ២០២១នេះ ដូចនេះលោកជំទាវបានអំពាវនាវឲ្យអ្នកដែលធ្លាប់ចាក់វ៉ាក់សាំងនេះហើយ ទៅចាក់ដូសទី២មុនថ្ងៃទី២២ ខែមិថុនាឆ្នាំនេះ នៅកន្លែងដដែល។
[embed-health-tool-bmi]