backup og meta

ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅផ្ទះ ប្រើថ្នាំអីខ្លះ និងថែទាំសុខភាពបែបណាទើបឆាប់ជា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅផ្ទះ ប្រើថ្នាំអីខ្លះ និងថែទាំសុខភាពបែបណាទើបឆាប់ជា?

    កាល​ពី​ពេល​កន្លង​ទៅ​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល ព្យាបាល​នៅ​តាម​ផ្ទះ​បាន ដោយ​ចេញ​ជា​គោលការណ៍មួយ​ចំនួន​សម្រាប់​ការ​ព្យាបាល។ ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ជំងឺ និង​អ្នក​ថែទាំ​អ្នក​ជំងឺ​កូវីដ ១៩ នៅ​តាម​ផ្ទះ ថ្មីៗនេះ​ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ផលិត​ជា​វីដេអូ​អប់រំ អំពី​កម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​ការ​ព្យាបាល និង​ការ​ថែទាំ​សុខភាព​អ្នក​ជំងឺ​កូវីដ ១៩ ឲ្យ​ឆាប់​ជា​សះ​ស្បើយ។

    ក្នុង​វីអេដូ​អប់រំ​ពី​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​សម្រាល​នៅ​តាម​ផ្ទះ របស់​ក្រសួង​សុខាភិបាល​បាន​បែង​ចែក​ប្រភេទ​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល ជា​២​ប្រភេទ​ទៀត គឺ​ករណី​មាន​រោគ​សញ្ញា និង​គ្មាន​រោគ​សញ្ញា។

    ១. ករណី​គ្មានរោគ​សញ្ញា៖ គ្មាន​ក្អក កម្តៅ​ក្រោម ៣៧.៥ អង្សាសេ គ្មាន​ហៀរ​សម្បោរ គ្មាន​ឈឺ​បំពង់ក សភាព​ទូទៅ​ធម្មតា ករណី​នេះ ពុំ​ចាំ​បាច់​ប្រើ​ថ្នាំ​ព្យាបាលទេ។

    ២. ករណី​មាន​រោគ​សញ្ញា​ស្រាល៖ ឡើង​កម្តៅ​លើស ៣៧.៥ អង្សាសេ ឈឺសាច់ដុំ ឈឺបំពង់ក និង​ក្នុង​ករណី​មាន​រោគ​សញ្ញា​បន្ថែម ដូចជា តឹងច្រមុះ ហៀរសម្បោរ ឬក្អក (មាន ឬ​មិន​មាន​ស្លេស្ម) តម្រូវ​ឲ្យ​ប្រើ​ថ្នាំ។

    – ការ​ព្យាបាល​មនុស្ស​ពេញ​វ័យ ឬ​កុមារ ដែល​មាន​ទម្ងន់​ចាប់​ពី ៣០​គីឡូក្រាម​ឡើង ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៥០០មិល្លីក្រាម លេប ៣ដង/ថ្ងៃ

    – កុមារ​ទម្ងន់ ២០-២៩ គីឡូក្រាម ត្រូវ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ៣០០មិល្លីក្រាម លេប ៣ដង/ថ្ងៃ

    – មនុស្ស​ពេញ​វ័យ ឬ​កុមារ អាយុ​ចាប់​ពី​អាយុ ៦ឆ្នាំឡើង ប្រើ​ប្រូម៉ិចស៊ីន (Bromhexine) ៨ មិល្លីក្រាម ៣ដង/ថ្ងៃ ឬ សេទីរីហ្ស៊ីន (Cetirizine) ១០ មិល្លីក្រាម ១ដង/ថ្ងៃ

    បន្ថែម​ពី​នោះ អ្នក​ជំងឺ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​រយៈ​ពេល​ព្យាបាល​នៅ​តាម​ផ្ទះ ដោយ​ត្រូវ​ស្នាក់​នៅ​បន្ទប់​ដាច់​ដោយ​ឡែក មាន​អនាម័យ និង​មាន​ខ្យល់​ចេញ​ចូល​ល្អ ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល និង​រក្សា​គម្លាត​យ៉ាង​តិច ២ម៉ែត្រ។ ម្យ៉ាង​វិញ​ទៀត អ្នក​ជំងឺ​ត្រូវ​បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ មានសាច់ បន្លែ និង​ផ្លែឈើ ហើយ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ត្រូវ​តាម​ដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ទៀង​ទាត់​ជា​ប្រចាំ ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ដោយ​ត្រូវ​ហាម​ជក់​បារី និង​ផឹក​ស្រា។

    covid-19

    បើ​តាម​តួលេខ​ពី​មន្ទីរ​សុខាភិបាល​រាជធានី គិតត្រឹមថ្ងៃទី០៦ កក្កដា ២០២១ នេះ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នក​ជំងឺកូវីដ-១៩ កម្រិត​ស្រាល ជាង ៤០០នាក់ បាន​ព្យាបាល​នៅតាម​ផ្ទះ ក្នុង​នោះ ជិត ៣០០នាក់​បាន​សះ​ស្បើយ និង​ជាង​១០០នាក់​ទៀត​កំពុង​សម្រាក​ព្យាបាលនៅឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម