ពាក់ម៉ាស់ គឺជារឿងមួយដែលយើងទាំងអស់គ្នាទើបតែចាប់ផ្ដើមស៊ាំជាមួយក្នុងរយៈពេលជិត ២ឆ្នាំនេះ ដើម្បីការពារខ្លួនពីជំងឺឆ្លងផ្លូវដង្ហើមគឺកូវីដ-១៩។ ទោះយ៉ាងណាក៏ដោយមានទម្លាប់មួយចំនួនដូចជាការទាញម៉ាស់ដាក់ក្រោមចង្កា ឬស៊កម៉ាស់ចូលទៅដើមដៃ ជាទម្លាប់មិនត្រឹមត្រូវ អាចឲ្យមេរោគឆ្លងទៅលើផ្ទៃម៉ាសបាន។
បើតាមវេជ្ជបណ្ឌិត Grace Huang ឯកទេសផ្នែកទូទៅនៃគ្លីនិក DTAP ប្រទេសសឹង្ហបុរីបានឲ្យដឹងថា ការពាក់ម៉ាសនៅក្រោមចង្កា ឬស៊កចូលកែងដៃជាទម្លាប់អាក្រក់ក្នុងការពាក់ម៉ាស់ ហើយវាធ្វើឲ្យបាត់បង់នូវគោលបំណងនៃការពាក់ម៉ាស់ ដើម្បីការពារ ឬកាត់បន្ថយឱកាសនៃការឆ្លងមេរោគមកលើយើងដែរ។
បញ្ហានៃការពាក់ម៉ាស់នៅក្រោមចង្កា
ម៉ាសដែលពាក់រួចហើយត្រូវបានប៉ះពាល់ជាមួយដំណកដង្ហើម និងទឹកមាត់ ធ្វើឲ្យផ្នែកខាងក្នុងរបស់ម៉ាសមានលក្ខណៈសើម អំណោយផលសម្រាប់មេរោគ ដើម្បីរស់រានមានជីវិតបានយូរជាងផ្ទៃស្ងួត។ ចំណែកផ្នែកខាងក្រៅនៃម៉ាសក៏ប៉ះពាល់ជាមួយបាក់តេរី វីរុស ឬធូលីក្នុងបរិយាកាសខាងក្រៅ។ វេជ្ជបណ្ឌិត Huang បន្តថា ការទាញម៉ាស់ចុះមកក្រោមចង្កាមានន័យថា ផ្ទៃខាងក្រៅនៃម៉ាសអាចប៉ះនឹងមុខយើង ពិសេសនោះគឺបបូរមាត់ បណ្ដាលឲ្យរាលដាលមេរោគចូលតាមមាត់ និងផ្ទៃមុខបាន។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
បញ្ហានៃការពាក់ម៉ាស ឬស៊កម៉ាស់ចូលដៃ
វាអាចផ្ដល់ភាពងាយស្រួលពេលយើងដោះម៉ាសចេញ ហើយស៊កវាចូលទៅកែងដៃ ឬដៃ តែវាមិនជាទង្វើត្រឹមត្រូវទេ។ តាមពិតទៅ ដើមដៃ ឬកែងដៃយើងអាចនឹងប៉ះពាល់ផ្ទៃវត្ថុផ្សេងៗដែលមានមនុស្សច្រើនប៉ះពាល់ដោយមិនបានចាប់អារម្មណ៍ ហើយយកម៉ាស់ទៅស៊កចូល បន្ទាប់មកយកទៅពាក់នឹងផ្ទៃមុខវិញ ដូចអញ្ជើញមេរោគឲ្យចូលក្នុងរាងកាយខ្លួនអ៊ីចឹង។ យកល្អ យើងគួរតែមានកាបូប ឬប្រអប់ស្អាតមួយសម្រាប់ទុកម៉ាស់ចូលពេលចាំបាច់ ដើម្បីការពារម៉ាស់ពីបរិយាកាសខាងក្រៅ និងអនុវត្តតិចនិកដូចជា៖
– លាងដៃមុន និងក្រោយកាន់ម៉ាស់
– មិនត្រូវយកដៃទៅប៉ះនឹងផ្ទៃម៉ាស់
– ប្រាកដថាយើងអាចដកដង្ហើម និងនិយាយបានស្រួលពេលពាក់ម៉ាស់
– មិនត្រូវដោះម៉ាស់ចេញទីសាធារណៈ
– ចំពោះម៉ាស់ដែលអាចប្រើម្ដងហើយម្ដងទៀត គួរបោកសម្អាតមុននឹងប្រើជាថ្មី។ល។
[embed-health-tool-bmi]