ជំងឺកូវីដ-១៩ ដ្បិតតែមានអាការៈស្រដៀងនឹងជំងឺផ្ដាសាយធំធម្មតាដែរ ប៉ុន្តែវាអាចឆក់យកជីវិតយើងបាន ប្រសិនបើយើងឆ្លងវីរុសកូរ៉ូណា ទទួលការព្យាបាលមិនទាន់ពេលវេលា។ ចំពោះអ្នកដែលមានសុខភាពខ្សោយទៀតនោះ កាន់តែងាយស្រួលធ្លាក់ខ្លួនឈឺធ្ងន់ ហើយពេទ្យជួរមុខនៅសហរដ្ឋអាមេរិក វេជ្ជបណ្ឌិត Karen Gallardo បង្ហាញប្រាប់ពី ៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
៧ ដំណាក់កាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩
ដំណាក់កាលទី១៖ អ្នកជំងឺមានអាការៈខ្សោយរយៈ២-៣ថ្ងៃហើយ ឥឡូវនេះចាប់ផ្ដើមពិបាកដកដង្ហើមណាស់ ត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។ កម្រិតអុកស៊ីហ្សែនក្នុងខ្លួនទាមទារឲ្យមានការជំនួយពីឧបករណ៍អុកស៊ីហ្សែនពី១-៤លីត្រ/នាទី។ ក្រុមគ្រូពេទ្យនឹងផ្ដល់ថ្នាំប្រឆាំងវីរុស (antiviral) ស្តេរ៉យ (steroids) ថ្នាំប្រឆាំងកំណកឈាម (anticoagulants ឬmonoclonal antibodies)។ អ្នកជំងឺនឹងត្រូវចំណាយពេលរាប់ថ្ងៃ ព្យាបាលក្នុងមន្ទីរពេទ្យ ប៉ុន្តែបើយើងអាចដកដង្ហើមដោយមិនមានជំនួយពីឧបករណ៍ផ្ដល់អុកស៊ីសែនបានធម្មតា ក្រុមគ្រូពេទ្យនឹងអនុញ្ញាតឲ្យចេញទៅផ្ទះបាន។
ដំណាក់កាលទី២៖ ដំណាក់កាលនេះ អ្នកជំងឺកាន់តែដកដង្ហើមពិបាកទៅៗ មានអារម្មណ៍ដូចកំពុងលង់ទឹកអ៊ីចឹង។ ការព្យាបាលលើសួតអាចជួយឲ្យធូរស្បើយបានតិចតួចណាស់ ហើយតម្រូវការនៃអុកស៊ីហ្សែននឹងកើនឡើងពី៤លីត្រ ទៅ១៥-៤០លីត្រ/នាទី។ សកម្មភាពតូចតាចដូចជា បន្ធូរអារម្មណ៍ ងើបអង្គុយក៏ធ្វើឲ្យហត់អស់កម្លាំងដែរ ពិបាកធ្វើដោយខ្លួនឯងដែរ។ កម្រិតអុកស៊ីសែនក្នុងខ្លួនធ្លាក់ចុះរាល់ពេលយើងធ្វើសកម្មភាព ពេលនោះគ្រូពេទ្យនឹងបញ្ជូនទៅកាន់បន្ទប់ ICU ។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
ដំណាក់កាលទី៣៖ អ្នកជំងឺចាប់ផ្ដើមដកដង្ហើមហត់ខ្លាំង ដើម្បីបំពេញតម្រូវការអុកស៊ីហ្សែនសម្រាប់រាងកាយ។ គ្រូពេទ្យនឹងបំពាក់ឧបករណ៍ជំនួយការដកដង្ហើមជុំវិញមុខរបស់អ្នកជំងឺ ដោយម៉ាស៊ីននឹងដាក់សម្ពាធចូលទៅក្នុងសួត ដើម្បីបើកសួត ដូចនេះអ្នកជំងឺនឹងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។
ដំណាក់កាលទី៤៖ ការដកដង្ហើមអ្នកជំងឺកាន់តែពិបាកទៅៗ គ្រូពេទ្យអាចមើលដឹងថាអ្នកជំងឺអស់កម្លាំងខ្លាំង ហើយបរិមាណអុកស៊ីសែននៅក្នុងឈាមអ្នកជំងឺធ្លាក់ចុះនៅកម្រិតទាប។ ក្រុមគ្រូពេទ្យនឹងដាក់បំពង់អុកស៊ីហ្សែន លាងសម្អាតរាងកាយ និងជួយធ្វើចលនារាងកាយ។ ប្រសិនបើមើលទៅមិនស្រួល ក្រុមគ្រូពេទ្យណែនាំឲ្យអ្នកជំងឺខលជួបក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ ព្រោះវាអាចជាពេលចុងក្រោយដែលគ្រួសារអាចឮសំឡេងអ្នកជំងឺ។
ដំណាក់កាលទី៥៖ អ្នកជំងឺខ្លះអាចរស់រានមានជីវិតដល់ដំណាក់កាលទី៥ តែជាអកុសល កម្រិតអុកស៊ីសែន និងស្ថានភាពទូទៅរបស់អ្នកជំងឺមិនមានភាពប្រសើរឡើងទេ បន្ទាប់ពីរយៈពេលជាច្រើនថ្ងៃដកដង្ហើមដោយប្រើជំនួយពីបំពង់ខ្យល់ ។ សួតដែលឆ្លងមេរោគកូវីដ ត្រូវការជំនួយពីឧបករណ៍អុកស៊ីសែន និងពេលវេលា ដើម្បីព្យាបាលជាសះស្បើយដូចជាម៉ាស៊ីន ECMO។ ប៉ុន្តែ ចំពោះម៉ាស៊ីននេះ មន្ទីរពេទ្យតូចៗ ឬក្នុងសហគមន៍មិនមានម៉ាស៊ីន ECMO ទេ។
ដំណាក់កាលទី៦៖ សម្ពាធដែលត្រូវការដើម្បីបើកសួររបស់អ្នកជំងឺ ក្នុងដំណាក់កាលនេះគឺខ្ពស់ណាស់ដែលខ្យល់អាចជ្រាបចូលទៅក្នុងប្រហោងទ្រូងបាន ដូចនេះគ្រូពេទ្យនឹងបញ្ចូលបំពង់នៅក្នុងទ្រូង ដើម្បីយកខ្យល់ចេញ។ តម្រងនោមអ្នកជំងឺក៏លែងដំណើរកាក្នុងការច្រោះថ្នាំដែលគ្រូពេទ្យផ្ដល់ឲ្យ។ សម្ពាធឈាមក៏ចាប់ផ្ដើមធ្លាក់ចុះ បេះដូងក៏ចាប់ផ្ដើមឈប់ដើរ ប៉ុន្តែគ្រូពេទ្យនឹងព្យាយាមធ្វើ CPR ដើម្បីឲ្យបេះដូងលោតឡើងវិញ បើមិនមានលទ្ធផលអ្វីនោះ ក្រុមគ្រួសារអ្នកជំងឺនឹងត្រូវសម្រេចចិត្តរឿងដ៏លំបាកមួយ។
ដំណាក់កាលទី៧៖ បន្ទាប់ពីកិច្ចប្រជុំជាច្រើនដងជាមួយក្រុមគ្រូពេទ្យមក ក្រុមគ្រួសារអ្នកជំងឺនឹងត្រូវសម្រេចចិត្តឲ្យគ្រូពេទ្យដោះបំពង់អុកស៊ីសែនចេញ ហើយគ្រូពេទ្យនឹងអនុញ្ញាតឲ្យអ្នកជំងឺនិងក្រុមគ្រួសារខលទូរស័ព្ទ ឬ Facetime មើលមុខ នឹងស្ដាប់សំឡេងជាលើកចុងក្រោយ មុននឹងដង្ហើមធម្មជាតិរបស់អ្នកជំងឺដាច់បាត់។
“ពីមួយរលកទៅមួយរលកនៃការរាតត្បាតជំងឺកូវីដ-១៩ ពិសេសឥឡូវនេះរួមផ្សំនៃការរាលដាលពីវីរុសបំប្លែង Delta ទៀតនោះ អ្នកជំងឺកូវីដ តាំងពីនាំចូលដល់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខ្ញុំឃើញឡើងស៊ាំទៅហើយ។ ប៉ុន្តែ ចំពោះអ្នកជំងឺដែលបានចាក់វ៉ាក់សាំងរួចរាល់ ក្រោយធ្លាក់ខ្លួនឈឺ សភាពធ្ងន់ធ្ងរភាគច្រើនចប់ត្រឹមដំណាក់កាលទី១។’ នេះបើតាមវេជ្ជបណ្ឌិត Karen Gallardo ឯកទេសផ្លូវដង្ហើមនៅមន្ទីរពេទ្យសហគមន៍នៃស្រុក Ventura ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
[embed-health-tool-bmi]