គ្នាយើងភាគច្រើនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូស និងដូសជំរុញលើកទី៣ ច្បាស់ជាបានយល់ច្រើនពីផលរំខានកើតឡើងក្រោយចាក់ហើយ។ ធម្មតា ផលរំខានរបស់វ៉ាក់សាំងមិនមានអ្វីច្រើនក្រៅពីក្ដៅខ្លួន ចុកដៃ ឬអស់កម្លាំងទេ ប៉ុន្តែវ៉ាក់សាំងក៏អាចបង្កផលរំខានកម្រមួយចំនួនបានដែរ ជាក់ស្ដែងដូចជា វ៉ាក់សាំង Pfizer និង Moderna ជាដើម។
កម្មវិធីពិនិត្យគ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ
យោងតាមរបាយការណ៍សុវត្ថិភាពវ៉ាក់សាំងកូវីដ-១៩របស់ Therapeutic Goods Administration (TGA) នៃក្រសួងសុខាភិបាលប្រទេសអូស្ត្រាលីចេញលើកដំបូងក្នុងឆ្នាំ ២០២២នេះ ការហើមកូនកណ្ដុរ គឺជាផលរំខានមិនល្អមួយដែលត្រូវបានរាយការណ៍ញឹកញាប់បំផុត បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញ។
ការធ្វើតេស្ដសាកល្បងគ្លីនិកបង្ហាញឲ្យឃើញថា មនុស្សម្នាក់ក្នុងចំណោម ២០នាក់ដែលចាក់វ៉ាក់សាំង Pfizer ហើយមនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលចាក់វ៉ាក់សាំង Moderna ជួបបញ្ហាហើម ឬឈឺកូនកណ្ដុរត្រង់តំបន់ក្លៀក បន្ទាប់ពីចាក់ដូសជំរុញរួច។
ស្របគ្នានេះ របាយការណ៍ TGA បញ្ជាក់ថា ការហើម ឬឈឺកូនកណ្ដុរក្រោយចាក់វ៉ាក់សាំងដូសជំរុញ ជាផលរំខានកម្រ តែមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភនោះទេ ហើយក៏ជាសញ្ញាមួយបញ្ជាក់ថារាងកាយកំពុងបង្កើតអង់ទីករប្រឆាំងនឹងវីរុស។ នេះមិនមានន័យថា ទាល់តែហើមកូនកណ្ដុរ ឬមានសញ្ញាផលរំខានដទៃទើបវ៉ាក់សាំងមានប្រសិទ្ធភាព និងក្នុងខ្លួនយើងមានអង់ទីករនោះទេ។ ពោលគឺ ឲ្យតែយើងបានចាក់វ៉ាក់សាំង ក្នុងរាងកាយយើងនឹងមានរនាំងការពារខ្លួនពីវីរុសជានិច្ច។
យ៉ាងណាមិញ បើគ្នាយើងជាមនុស្សម្នាក់ក្នុងចំណោម ១០-២០នាក់ទៀតដែលហើមកូនកណ្ដុរក្រោយចាក់វ៉ាក់សាំងជំរុញ មិនបាច់បារម្ភពេកទេ ប៉ុន្តែបើកូនកណ្ដុរឡើងហើមធំ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យ ហើយបើកូនកណ្ដុរមានការឈឺចាប់ អាចញ៉ាំថ្នាំបំបាត់ការឈឺចាប់ និងរង់ចាំរហូតធូរស្រាលដោយឯកឯង។
[embed-health-tool-bmi]