កន្លងមកមានមតិមួយចំនួនលើកឡើងថា ប្រទេសដែលមានអាកាសធាតុក្ដៅ COVID-19 មិនអាចឆ្លងបានទេ។ តែអង្គការសុខភាពពិភពលោកបានប្រកាសច្រានចោល ហើយថាប្រទេសដែលមានកម្ដៅក្ដៅខ្លាំង ឬក្ដៅសើមបែបណា ក៏វីរុស COVID-19 នៅតែរីករាលដាលឆ្លងដដែល។ តែបើទឹកសម្បោរ ឬកំហាកទឹកមាត់របស់អ្នកផ្ទុក COVID-19 ខ្ទាតទំលើសម្លៀកបំពាក់ ហើយយើងយកសម្លៀកបំពាក់នោះ ទៅហាលថ្ងៃ វាងាប់ឬអត់?
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានបកស្រាយថា ពេលមេរោគនោះទំលើខោអាវយើង ហើយយើងមិនបានប៉ះពាល់កន្លែងនោះ យើងអាចចៀសផុតពីការឆ្លង COVID-19 តែត្រូវយកសម្លៀកបំពាក់នោះទៅបោកសម្អាតជាមួយសាប៊ូ ដើម្បីកម្ចាត់មេរោគ រួចចាំយកទៅហាលថ្ងៃ។ ប៉ុន្តែ បើដោះសម្លៀកបំបាក់នោះ ហើយយកទៅហាលថ្ងៃតែម្ដង ដោយមិនបានបោកសម្អាត វាក៏អាចងាប់ កម្ដៅថ្ងៃកាត់បន្ថយសមត្ថភាពនៃការរីកលូតលាស់កោសិការបស់វីរុសបានពាក់កណ្ដាល ជីវិតវីរុសអាចរស់នៅបានក្រោមពន្លឺថ្ងៃត្រឹមតែពី ២ ទៅ ៥ នាទីប៉ុណ្ណោះ។
ទោះជាកម្ដៅថ្ងៃមានសមត្ថភាពសម្លាប់វីរុស COVID-19 បានក៏ពិតមែន តែលោកវេជ្ជបណ្ឌិត មិនណែនាំឲ្យយើងយកសម្លៀកបំពាក់ដែលទើបស្លៀកពាក់ពេលចេញទៅក្រៅ មកដល់ផ្ទះវិញហាលថ្ងៃនោះទេ គឺត្រូវបោកសម្អាត ហើយវិធីរក្សាអនាម័យបែបនេះ ទើបយើងអាចចៀសផុតពី COVID-19។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតពេលចេញក្រៅ ហើយត្រឡប់មកផ្ទះវិញមិនគួរប៉ះពាល់សមាជិកក្នុងក្រុមគ្រួសារភ្លាមទេ ត្រូវងូតទឹកលាងសម្អាតខ្លួន ឬផ្លាស់ប្ដូរសម្លៀកបំពាក់ លាងសម្អាតដៃជើង មុខឲ្យបានស្អាតសិន ចាំចូលទៅជិតអ្នកក្នុងផ្ទះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕