និយាយដល់រឿងឈឺចង្កេះ ខ្នង ស្រីៗមានបញ្ហាច្រើនជាងប្រុសៗ ដោយសារភាពខុសគ្នានៃរចនាសម្ព័ន្ធឆ្អឹងត្រគាក អ័រម៉ូន ជាពិសេសរឿងសម្រាលកូន។ “Hello គ្រូពេទ្យ’ នឹងលម្អិតប្រាប់ពីលក្ខខណ្ឌឈឺខ្នងចង្កេះ ៧ ប្រភេទ ដែលស្រីៗឧស្សាហ៍កើតមានបំផុត។
១- ឈឺចាប់ចុងឆ្អឹងកញ្ចូញគូទ
អាការៈឈឺចាប់ចុងឆ្អឹងកញ្ចូញគូទ អាចកើតឡើងបន្តិចម្តងៗ យឺតៗ ឬដោយមិនបានរំពឹងទុក ក្រោយមានការប៉ះទង្គិចនៅតំបន់នោះ។ ពេលខ្លះ សូម្បីតែការប៉ះបន្តិចបន្តួច ក៏បណ្តាលឲ្យឈឺចាប់ផងដែរ ហេតុនេះពេលអង្គុយនឹងធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់។
ឈឺចុងឆ្អឹងកញ្ចូញគូទ នឹងកាន់តែខ្លាំងឡើង នៅពេលស្រីៗមានបញ្ហាទល់លាមក។ យ៉ាងណា អាការៈឈឺចាប់ដោយសារទល់លាមក ជាធម្មតា នឹងធូរស្រាល ក្រោយបត់ជើងធំរួច។ ករណីភាគច្រើន ឈឺចុងឆ្អឹងកញ្ចូញគូទ អាចឡើងដោយសារសម្រាលកូន ឬដួលអុកគូទតែម្តង។
២- បាក់ឆ្អឹងខ្នងដោយកម្លាំងសង្កត់
ឈឺខ្នង ឈឺចង្កេះ អាចបណ្តាលឲ្យឆ្អឹងខ្នងបាក់ នៅពេលរងកម្លាំងសង្កត់ណាមួយ។ បាក់ឆ្អឹងខ្នងដោយកម្លាំងសង្កត់ កើតឡើងញឹកញាប់ជាងគេ នៅផ្នែកខាងមុខឆ្អឹងខ្នង។ ប៉ុន្តែករណីនេះ ពេលខ្លះស្រីៗរងការបាក់ឆ្អឹងខ្នង អាចមានការឈឺចាប់ ប៉ុន្តែស្រីៗខ្លះក៏មិនមានការឈឺចាប់អ្វីនោះដែរ។ បាក់ឆ្អឹងខ្នងដោយសារកម្លាំងសង្កត់ អាចឈានទៅដល់គមឆ្អឹងខ្នង និងថយកម្ពស់ជាដើម។
៣- ជំងឺសឹកឌីសឆ្អឹងខ្នង
ជំងឺសឹកឌីសឆ្អឹងខ្នង កើតឡើងពេលឆ្អឹងកងខ្នងមួយក្នុងចំណោមឆ្អឹងកងខ្នងនៅចង្កេះខាងក្រោម ធ្វើចលនាផ្លាស់ទីទៅខាងមុខ សង្កត់ទៅលើឆ្អឹងកងខ្នងនៅខាងក្រោមវា។ ករណីនេះ ធ្វើឲ្យឈឺដល់ឫសរបស់សរសៃប្រសាទឆ្អឹងខ្នង ជាហេតុឆ្អឹងខ្នងខាងក្រោម និងជើងរងការឈឺចាប់ខ្លាំង។
រោគសញ្ញា ជាធម្មតា ឈឺចាប់ ឬទន់ខ្សោយជើងអំឡុងពេលដើរ ឬឈររយៈពេលយូរ។ អាការៈឈឺចាប់ អាចនឹងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ការងារប្រចាំថ្ងៃយើងទៀតផង។
អត្ថបទពាក់ព័ន្ធ៖
៤- ឈឺចាប់សាច់ដុំ និងសរសៃពួរ
ជំងឺឈឺចាប់សាច់ដុំ និងសរសៃពួរ មានលក្ខណៈឈឺចាប់សាច់ដុំ ពិបាកកម្រើក និងអស់កម្លាំងនៅខ្នងផ្នែកខាងលើ និងខាងក្រោម កញ្ចឹងក រួមនឹងត្រគាក។ អាការៈឈឺចាប់ ជាញឹកញាប់ ជួនមានជួនបាត់។ ជំងឺរលាកសន្លាក់ បាក់ទឹកចិត្ត និងជំងឺ ប្រជុំរោគសញ្ញាខ្សោយពោះវៀន ជាធម្មតាកើតឡើង នៅពេលយើងមានជំងឺឈឺចាប់សាច់ដុំ និងសរសៃពួរ។ ស្រីៗប្រមាណ ៨០-៩០% រងការឈឺចាប់ដោយសារជំងឺនេះ គឺស្ថិតនៅអាយុចន្លោះពី ៤០-៧៥ ឆ្នាំ។
៥- ប្រជុំរោគសញ្ញាឈឺនៅតំបន់ត្រគាក
កើតមានឡើងពេលសាច់ដុំភ្ជាប់ឆ្អឹងកញ្ចូញគូទ និងក្បាលឆ្អឹងភ្លៅ (ដែលទទួលបន្ទុកធ្វើឲ្យមានលំនឹងសន្លាក់ត្រគាក និងធ្វើឲ្យយើងបង្វិលភ្លៅបាន) មានការកន្ត្រាក់រឹង រុញច្រាល ឬធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទស្យាទិច ស្ថិតនៅក្រលៀនរហូតដល់ចុងជើង។ ប្រការនេះ អាចបង្កឲ្យមានការឈឺចាប់ធ្ងន់ធ្ងរ ឬស្ពឹកនៅជើង និងប្រអប់ជើង។ រោគសញ្ញាផ្សេងទៀត មានដូចជា ចុកស្ទំៗនៅក្នុងគូទ ឈឺចាប់ពេលឡើងជណ្តើរ ឬទួល ឈឺចាប់រាងកាយមួយចំហៀងពេលកំពុងអង្គុយ។
៦- ជំងឺរលាកសន្លាក់ឆ្អឹងខ្នង
គ្នាយើងមានឈឺខ្នងខ្នង នឹងធ្វើឲ្យបាត់បង់ឆ្អឹងខ្ចីមានលក្ខណៈជាសរសៃពួរនៅមុខសន្លាក់ភ្ជាប់ចង្កេះ។ ពេលឆ្អឹងបាត់បង់ការទ្រាប់ទប់ពីឆ្អឹងខ្ចី នឹងធ្វើឲ្យមានការកកិតត្រដុសទល់គ្នា បណ្តាលឲ្យមានការឈឺចាប់ និងភាពរឹងសរសៃប្រសាទស្យាទិច។ ជំងឺរលាកសន្លាក់ឆ្អឹងខ្នង កើតមានតាមពេលវេលា ខណៈរោគសញ្ញាជំងឺនេះអាចច្រឡំជាការឈឺចាប់សាច់ដុំ។
៧- បញ្ហានៅសន្លាក់ឆ្អឹងកញ្ចូញគូទ និងឆ្អឹងផាលត្រគាក
ដូចគ្នានឹងឈ្មោះជំងឺ បញ្ហាសន្លាក់ឆ្អឹងកញ្ចូញគូទ និងឆ្អឹងផាលត្រគាក ដំណើរការមិនល្អ កើតមានពេលយើងមានភ្លាត់អ្វីមួយនៅនឹងសន្លាក់ឆ្អឹងកញ្ចូញគូទ និងឆ្អឹងផាលត្រគាក ដែលមាននាទីបន្ធូរបន្ថយកម្លាំងប៉ះទង្គិចរវាងរាងកាយខាងលើ និងត្រគាក។ ស្ថានភាពនេះ បណ្តាលឲ្យឈឺចាប់នៅត្រង់ខ្នងខាងក្រោម និងជើង ស្រដៀងការឈឺចាប់មកពីកៀបសង្កត់ទៅលើសរសៃប្រសាទស្យាទិច។ បញ្ហាកើតមានញឹកញាប់លើស្រីវ័យក្មេង និងវ័យកណ្តាល។
វិធីដោះស្រាយ
[embed-health-tool-bmi]