យើងដឹងហើយ ទម្លាប់ជក់បារី ផឹកស្រាច្រើន និងញ៉ាំអាហារច្រើន ជាពិសេសអាហារមានរសជាតិផ្អែមខ្លាំង ឬប្រៃខ្លាំង ងាយបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងណាស់។ ប៉ុន្ដែនៅមានទម្លាប់គ្រោះថ្នាក់ជាច្រើនទៀត ដោយវាប៉ះពាល់ម្ដងបន្តិចៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ។
១. ញ៉ាំអាហារលឿនៗពេក
ការសិក្សាជាច្រើនបង្ហាញថា ការញ៉ាំអាហារដោយទំពាលឿនៗ អាចបណ្ដាលឲ្យមានបញ្ហាសុខភាពជាច្រើន ដូចជាឡើងទម្ងន់យ៉ាងលឿន ហើយកើនហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាល។ ជាធម្មតា ទាល់តែយើងញ៉ាំបាយ បានរយៈពេលប្រមាណ ២០នាទី ទើបខួរក្បាលយើងទទួលសញ្ញានៃការឆ្អែត។ ប៉ុន្ដែសម្រាប់អ្នកញ៉ាំអាហារលឿនៗ ភាគច្រើន ញ៉ាំលើសកម្រិត មុនខួរក្បាលទទួលសញ្ញានៃការឆ្អែត អ៊ីចឹងហើយ ទើបងាយនឹងឡើងទម្ងន់។
២. ដុសធ្មេញភ្លាមៗ ក្រោយញ៉ាំអាហារ
មានគ្នាយើងមិនតិចទេ តែងតែដុសធ្មេញភ្លាមៗ ក្រោយញ៉ាំអាហារហើយ។ តែយោងតាមការសិក្សាជាច្រើនបង្ហាញថា យើងគួររង់ចាំរហូតឲ្យដល់ ៣០នាទីសិន ចាំដុសធ្មេញ។ ធ្មេញរបស់យើង ការពារដោយកាចាធ្មេញ (Enamel) ហើយអាស៊ីដ ដែលកើតឡើងដោយអាហារ អាចធ្វើឲ្យដាច់កាចាធ្មេញ មានន័យថា ធ្មេញរបស់យើង មានសភាពខ្សោយ ក្រោយញ៉ាំអាហារភ្លាមៗ។ ដូច្នេះបើយើងដុសធ្មេញភ្លាមៗ មានន័យយើងកំពុងបំផ្លាញធ្មេញរបស់យើងហើយ។
៣. ផឹកទឹកដបប្លាស្ទិច
ផឹកទឹកដបប្លាស្ទិច ជារឿងសុវត្ថិភាព ប៉ុន្ដែដបប្លាស្ទិក មានសមាសធាតុគីមីជាច្រើន ដែលចេញមកពេលវាត្រូវកម្តៅ។ ប្រសិនបើយើងទុកដបទឹកប្លាស្ទិចក្នុងឡាន ១ថ្ងៃ ដបទឹកប្លាស្ទិច អាចបញ្ចេញសមាសធាតុគីមីពុល ចូលក្នុងទឹកផឹកបាន។ សមាសធាតុគីមីទាំងនេះ អាចប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីន និងកើតជំងឺជាលិកាស្បូនដុះខុសកន្លែង (Endometriosis) និងមហារីកសុដន់។
៤. ម៉ាស៊ីនសម្ងួតដៃ
នៅតាមបន្ទប់ទឹកក្នុងផ្សារទំនើប និងទីសាធារណៈជាច្រើន មានដាក់ម៉ាស៊ីនសម្ងួតដៃឲ្យប្រើប្រាស់ តែវាមិនមានសុវត្ថិភាព និងសុខភាពល្អប៉ុន្មានទេ។ ម៉ាស៊ីនសម្ងួតដៃទាំងនេះ បានសាយភាពបាក់តេរីជាច្រើនទៅដៃរបស់យើង។ ជាងនេះទៅទៀត ម៉ាស៊ីនសម្ងួតដៃនេះ បាញ់ខ្យល់ ដែលមានបាក់តេរី ទៅក្នុងបរិយាកាសផងដែរ។
៥. អង្គុយពេញមួយថ្ងៃ
នៅពេលយើងធ្វើការ ឬសិក្សា យើងត្រូវអង្គុយពេញ ១ថ្ងៃ សឹងរាល់ថ្ងៃ ហើយការអង្គុយច្រើនម៉ោងដូច្នេះប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ដោយសារយើងពុំបានបញ្ចេញសកម្មភាពរាងកាយ។ វាបណ្ដាលឲ្យយើងធាត់ កើតជំងឺបេះដូង ទឹកនោមផ្អែម និងអាចឆាប់ស្លាប់។ប្រសិនបើការងារត្រូវអង្គុយពេញមួយថ្ងៃ យើងគួរសម្រាកខ្លះ ហើយផ្លាស់ប្ដូរឥរិយាបទ ពីអង្គុយ ទៅឈរ ឬដើរខ្លះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]