១- អ្វីជាការវះកាត់កែសម្រួលសរសៃឈាមបេះដូង?
វះកាត់សរសៃឈាមបេះដូង ធ្វើឡើងក្នុងគោលបំណងព្យាបាលរោគសញ្ញាមួយចំនួនពាក់ព័ន្ធជំងឺលើសរសៃឈាមសំខាន់មួយនេះ ព្រោះសរសៃឈាមបេះដូង មាននាទីនាំឈាមទៅចិញ្ចឹមបេះដូង បើសរសៃឈាមនេះមានបញ្ហា អាចបង្កឲ្យបេះដូងជួបបញ្ហាធ្ងន់ធ្ងរ។
២- ហេតុអ្វីត្រូវវះកាត់?
ការវះកាត់ ធ្វើឡើងនៅពេល សរសៃឈាមបេះដូងប្រែជារួមតូចដោយប្រការណាមួយ ដើម្បីសម្រួលឡើងវិញ ជួយដល់ការដឹកនាំសារធាតុចិញ្ចឹមទៅដល់កោសិកាបេះដូងគ្រប់គ្រាន់។ មិនតែប៉ុណ្ណេះ អាចជួយបន្ធូរវិបត្តិដកដង្ហើម ព្រមទាំងអាចព្យាបាល និងការពារករណីគាំងបេះដូងទៀតផង។
៣- កត្តាប្រឈមមានអ្វីខ្លះ?
ការវះកាត់កែសម្រួលសរសៃឈាមបេះដូង ធ្វើឡើងដើម្បីស្តារឡើងវិញ សរសៃឈាមរួមតូចតាមអាចធ្វើទៅបាន។ មិនមែនគ្រប់បញ្ហាសរសៃឈាមបេះដូងទាំងអស់សុទ្ធតែ ត្រូវការព្យាបាលដោយវះកាត់កែលម្អនោះទេ ថ្នាំគ្រាប់ក៏អាចជួយសម្រាលអាការៈបានដូចគ្នា។ គួរប្រឹក្សាយោបល់ជាមួយគ្រូពេទ្យពាក់ព័ន្ធផលវិបាកផ្សេងៗ មុននឹងធ្វើសម្រេចចិត្ត ដូចជាប្រវត្តិប្រឈមនឹងកាំរស្មីវិទ្យុសកម្មពីមុន ជាដើម។
ពេលខ្លះដេកនៅលើគ្រែវះកាត់យូរ អាចទៅជាថប់អារម្មណ៍ និងឈឺចាប់ក៏មាន។ ខាងក្រោមនេះជាផលវិបាកខ្លះៗអាចជួបជាយថាហេតុ៖
– ហូរឈាមនៅកន្លែងដាក់បំពង់តូច (Catheter) ចូលទៅតាមសរសៃឈាម
– ឈាមកក និងមានប៉ះពាល់លើសរសៃឈាម
– មានឆ្លងរោគនៅកន្លែងបំពង់តូចៗ
– ធ្លាយសរសៃឈាមបេះដូង ឬស្ទះខ្លាំងពេក តម្រូវឲ្យធ្វើការវះកាត់បើកទ្រូង
– គាំងបេះដូងភ្លាមៗ
– ចង្វាក់បេះដូងលោតខុសធម្មតា
– ឈឺទ្រូង
– បង្កជាជំងឺដាច់សរសៃឈាមខួរក្បាល
– មានប្រតិកម្មជាមួយសារធាតុពណ៌បាញ់បញ្ចូលក្នុងសរសៃឈាម។
៤- គួរត្រៀមអ្វីខ្លះមុនពេលវះកាត់?
ត្រូវប្រាប់គ្រូពេទ្យប្រសិនបើធ្លាប់មានប្រតិកម្មជាមួយសារធាតុចាប់ពណ៌ ថ្នាំ ជ័រកៅស៊ូ បង់ស្អិត និងថ្នាំស្ពឹកមួយចំនួន។ មុនធ្វើការវះកាត់ គ្រូពេទ្យតម្រូវឲ្យយើងធ្វើតេស្តសមត្ថភាពកំណកឈាមជាមុនសិន ព្រមទាំងសាកសួរប្រវត្តិពាក់ព័ន្ធប្រតិកម្មផ្សេងៗ ពិសេសសារធាតុត្រូវប្រើអំឡុងពេលវះកាត់។ មួយទៀត ត្រូវតមអាហារតាមការណែនាំរបស់គ្រូពេទ្យ ហើយបើកំពុងពពោះ ត្រូវប្រាប់ដល់គ្រូពេទ្យ ព្រោះអាចប៉ះពាល់ពេលសារធាតុវិទ្យុសកម្មដំណើរការ។
៥- មានអ្វីកើតឡើងអំឡុងពេលវះកាត់?
ជាទូទៅវះកាត់កែសម្រួលសរសៃឈាមបែបនេះ អាចធ្វើរួចរាល់រយៈពេលពី ៣០ នាទី ទៅ ២ ម៉ោង។ គ្រូពេទ្យឯកទេសបេះដូង អាចប្រើថ្នាំសណ្ដំ ឬថ្នាំបំបាត់ការឈឺចាប់ ទៅតាមស្ថានភាពជាក់ស្ដែង។ ដំបូងពេទ្យនឹងស៊កបំពង់តាមសរសៃឈាមនៅម្ដុំក្រលៀន ដើម្បីសំដៅទៅបេះដូង ភ្ជាប់ជាមួយកូនបាឡុង អាចសប់បំប៉ោង និងបញ្ចេញខ្យល់បានតាមការបញ្ជា។
៦- គួរធ្វើអ្វីខ្លះក្រោយវះកាត់?
ក្នុងករណីទទួលបានជោគជ័យយើងអាចត្រឡប់ទៅផ្ទះបាន ប៉ុន្តែត្រូវអនុវត្តផែនការថែទាំខ្លួនដូចជា៖
– មិនត្រូវហាត់ប្រាណ ឬធ្វើការធ្ងន់លើសកម្លាំងក្នុងអំឡុងពេលនេះ
– បើមានការលើសជាតិខ្លាញ់ ឬមានជំងឺលើសឈាមត្រូវបន្តលេបថ្នាំជាធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Angioplasty and Stent Placement for the Heart. http://www.hopkinsmedicine.org/healthlibrary/test_procedures/cardiovascular/angioplasty_and_stent_placement_for_the_heart_92,P07981/. Accessed July 16, 2016.
Percutaneous Coronary Intervention. http://emedicine.medscape.com/article/161446-overview. Accessed July 16, 2016.
Percutaneous coronary intervention (PCI or angioplasty with stent). http://www.heartandstroke.com/site/c.ikIQLcMWJtE/b.3831925/k.4F32/Heart_disease__Percutaneous_coronary_intervention_PCI_or_angioplasty_with_stent.htm. Accessed July 16, 2016.
What Is Percutaneous Coronary Intervention? https://www.nhlbi.nih.gov/health/health-topics/topics/angioplasty. Accessed July 16, 2016.
កំណែប្រែបច្ចុប្បន្ន
24/01/2019
អត្ថបទដោយ យ៉ានណែត ដាញែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ