ត្រចៀកជាសេរីរាង្គវិញ្ញាណមួយ ក្នុងចំណោមសេរីរាង្គទាំង៥ ដូចនេះការថែរក្សាសុខភាពសេរីរាង្គនេះគឺជារឿងសំខាន់ដែលមិនអាចប្រហែសបាន។ តាមរយៈសមាគមអ្នកជំនាញឯកទេសផ្នែកត្រចៀក ឈ្មោះថា EarQ នៃសហរដ្ឋអាមេរិក បានចែករំលែកជាគន្លឹះខ្លះៗ សម្រាប់ការថែទាំត្រចៀក ឱ្យនៅសុខភាពល្អប្រសើរ៖
១. ចៀសវាងសន្ទនាឆ្លើយឆ្លងនៅកន្លែងលាន់សំឡេងខ្លាំង
កន្លែងបំពុលសំឡេងខ្លាំង អាចមានដូចជាតំបន់រោងចក្រ ព្រលានយន្តហោះ ក្លិបកម្សាន្តរាត្រី កន្លែងជប់លៀង ដែលអាចបង្កសំឡេងឮខ្លាំងៗ ដូចនេះការចៀសវាងសន្ទនាឆ្លើយឆ្លងយូរម៉ោងនៅទីនោះជាជម្រើសល្អ សម្រាប់ត្រចៀក។ បន្ថែមពីនោះក្នុងករណីចៀសពុំបាន យើងក៏អាចរកឧបករណ៍ពាក់ត្រចៀក(ស្រដៀងកាសស្តាប់) ពាក់ដើម្បីច្រោះបន្ថយសម្ពាធសំឡេងលាន់រំពងទាំងនោះ។
អត្ថបទពាក់ព័ន្ធ៖
- កូនតូចគួរត្បារយកអាចម៍ត្រចៀកចេញអត់ ហេតុអី?
- មូលហេតុចម្បងៗ ធ្វើឲ្យកូនក្មេងងាយកើតអំបៅអំបែក
- បើមានសត្វល្អិតចូលត្រចៀកកូន ម៉ាក់ប៉ាគួរធ្វើបែបនេះ
- ហេតុអ្វីពេលចាស់ទៅ ស្ដាប់មិនសូវឮច្បាស់ល្អ?
២. ប្រើកាសស្តាប់សំឡេងក្នុងកម្រិតល្មម
យោងតាមការឱ្យដឹងពីអង្គការសុខភាពពិភពលោក (WHO) យុវជន រួមទាំងយុវវ័យក្មេងៗក្បែរ ១ពាន់លាននាក់ មានបញ្ហាស្តាប់ពុំសូវឮ ដោយសារការប្រើប្រាស់កាសស្តាប់ ឬឧបករណ៍ស្តាប់ពុំបានត្រឹមត្រូវ។ ជាការណែនាំពីអ្នកជំនាញ ការស្តាប់សំឡេងពីឧបករណ៍អេឡិចត្រូនិក គឺជាទូទៅមិនឱ្យលើសពី៦០% នៃកម្រិតសំឡេងរបស់ឧបករណ៍ស្តាប់ និងមិនគួរលើសពី៦០នាទីក្នុងរយៈពេល១ថ្ងៃ។
៣. ឱ្យត្រចៀកយើងបានសម្រាកខ្លះ
ប្រសិនបើយើងនៅកន្លែងដែលមានសំឡេងរំខានខ្លាំងជាប់រយៈពេលយូរ ដូចជានៅកន្លែងព្រឹត្តិការណ៍តន្រ្តី កន្លែងជួបជុំកម្សាន្តសំឡេងអ៊ូអរខ្លាំង ដូចនេះ យើងអាចរកពេលសម្រាកត្រចៀកខ្លះ ដោយក្នុងរយៈពេលសម្រាកជាញឹកញាប់នោះ គឺអាចមានរយៈពេល៥នាទី។ បន្ថែមពីនោះ ការសិក្សាបានបង្ហាញថា ក្រោយពេលត្រចៀកយើងរងសំឡេងខ្លាំង គួររកពេលសម្រាកក្នុងទីកន្លែងស្ងប់ស្ងាត់ ក្នុងរយៈពេលប្រហែល១៦ម៉ោង ដើម្បីត្រចៀកបានសម្រាក និងមានដំណើរការល្អឡើងវិញ។
៤. គួរពិចារណាឈប់ប្រើសំឡីត្បាល់ត្រចៀក
សឹងតែជារឿងធម្មតាទៅហើយ ដែលគ្នាយើងច្រើនយកសំឡីត្បាល់ត្រចៀក សម្អាតត្រចៀក និងអាចម៍ត្រចៀកចេញ ប៉ុន្តែគ្រូពេទ្យជាច្រើន មិនណែនាំឱ្យធ្វើបែបនេះឡើយ។ តាមពិតសេរីរាង្គត្រចៀកជាសេរីរាង្គពិសេសមួយដែលអាចសម្អាតដោយខ្លួនឯង ហើយ អាចម៍ត្រចៀកគឺជាចំណែកសំខាន់មួយក្នុងត្រចៀកដើម្បីទប់មិនឱ្យធូលី ឬធាតុតូចៗបង្កបញ្ហាផ្សេងៗចូលត្រចៀកបានឡើយ។ ម្យ៉ាងការត្បាល់សម្អាតត្រចៀកពេលខ្លះអាចបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកខាងក្នុងត្រចៀក ដែលគ្រូពេទ្យមិនណែនាំឱ្យប៉ះពាល់ទៀតផង (ងាយរលាក)។
៥. ប្រើប្រាស់ថ្នាំតាមការណែនាំជានិច្ច
នៅពេលមានបញ្ហាអ្វីមួយទៅលើត្រចៀក យើងគួរស្វែងរកពេទ្យជំនាញដើម្បីពិគ្រោះយោបល់ ម្យ៉ាងទៀតការប្រើប្រាស់ថ្នាំផ្សេងៗទៅលើសេរីរាង្គនេះ គឺគួរគប្បីធ្វើតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតឯកទេស ដើម្បីសុខភាពសេរីរាង្គត្រចៀក និងសម្រាប់ស្តាប់សូរសំឡេងនេះបានប្រសើរ៕
[embed-health-tool-vaccination-tool]