និយមន័យ
១- អ្វីជាមហារីកក្រពេញប្រូស្ដាត?
មហារីកក្រពេញប្រូស្ដាត ប្រភេទជំងឺធ្ងន់ធ្ងរ ឧស្សាហ៍កើតលើក្រពេញប្រូស្ដាតមនុស្សប្រុស ដែលជាក្រពេញតូច មានតួនាទីផលិតទឹកកាម ចិញ្ចឹម និងដឹកជញ្ជូនមេជីវិត។ មហារីកក្រពេញប្រូស្ដាត ជាធម្មតាមានការរីករាលដាលយឺត ទាមទារការព្យាបាលតិចតួច ឬមិនចាំបាច់ព្យាបាលតែម្តង ។ ក្នុងករណីខ្លះ មហារីកប្រភេទនេះ គឺកាចសាហាវ និងរីករាលដាលយ៉ាងឆាប់រហ័ស។ ធ្វើតេស្តពិនិត្យរកឃើញមហារីកទាន់ពេលវេលា ពេលកោសិកាមិនប្រក្រតីស្ថិតនៅជាប់ក្នុងក្រពេញប្រូស្ដាតនៅឡើយ មានឱកាសច្រើនព្យាបាលដោយជោគជ័យ។
២- កើតឡើងញឹកញាប់ដែរទេ?
មហារីកក្រពេញប្រូស្ដាត ជាប្រភេទជំងឺលក្ខណៈធ្ងន់ធ្ងរ ប៉ះពាល់ទៅលើប្រុសៗរាប់ពាន់នាក់ទាំងវ័យកណ្ដាល និងចាស់ជរា ភាគច្រើនកើតលើប្រុសអាយុច្រើនជាង ៦៥ ឆ្នាំ។ កាលពីឆ្នាំ ២០១៣ វិទ្យាស្ថានជាតិជំងឺមហារីក នៅអាមេរិក វាយតម្លៃថា ពលរដ្ឋអាមេរិកជិត ២៤ ម៉ឺននាក់ កើតមហារីកប្រភេទនេះ។
ទោះយ៉ាងណា យើងនៅតែអាចគ្រប់គ្រង តាមរយៈកាត់បន្ថយកត្តាហានិភ័យមួយចំនួន។ គួរជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញសម្រាប់ពត៌មានបន្ថែម។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
មហារីកប្រភេទនេះ ក្នុងដំណាក់កាលដំបូងគ្មានបង្ហាញអាការៈ និងរោគសញ្ញាទេ ប៉ុន្តែពេលឈានដល់ដំណាក់កាលចុងក្រោយ អាចបង្ហាញអាការៈ និងរោគសញ្ញាមួយចំនួនរួមមាន៖
– ពិបាកនោម
– ឈឺឆ្អឹង
– អសមត្ថភាពរួមភេទ
– អាចសន្លប់
– លំហូរទឹកនោមខ្សោយ
– មានឈាមក្នុងទឹកកាម
– គ្មានផាសុកភាពនៅតំបន់ប្រដាប់ភេទ។
៤- ពេលណាគួរទៅជួបពេទ្យ?
ព្រោះរាងកាយមនុស្សម្នាក់ៗមានភាពខុសគ្នា ហេតុនេះរោគសញ្ញាអាចនឹងខុសគ្នាដែរ។ បើសិនជាមានរោគសញ្ញាណាមួយតាមចំនុចខាងលើ ឬមានមន្ទិលសង្ស័យ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មកទល់នឹងបច្ចុប្បន្ន មូលហេតុបណ្ដាលឲ្យកើតមហារីកក្រពេញប្រូស្ដាត នៅមិនទាន់មានអំណះអំណាងជាក់ច្បាស់នៅឡើយទេ។ គ្រូពេទ្យគ្រាន់តែដឹងថា មហារីកក្រពេញប្រូស្ដាតចាប់ផ្ដើមកើតឡើង ពេលកោសិកាមួយក្នុងប្រពេញប្រូស្តាតប្រែប្រួលខុសប្រក្រតី។ ការផ្លាស់ប្ដូរហ្សែន ក្នុង DNA ជាហេតុបង្កឲ្យកោសិការីកលូតលាស់ និងបំណែកខ្លួនឆាប់រហ័សជាងកោសិកាធម្មតា ហើយបន្តរស់នៅ មិនងាប់ដោយឯកឯងនោះដែរ។ កំណើនកោសិកាមិនប្រក្រតីនឹងវិវត្តទៅជាដុំសាច់ Tumor រីករាលដាលលុកលុយទៅលើជាលិកាជិតខាង។ ករណីខ្លះអាចទម្លុះ រាលដាលទៅកាន់ផ្នែកផ្សេងៗក្នុងរាងកាយទៀតផង។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាហានិភ័យខ្ពស់ប្រឈមជំងឺមហារីកប្រភេទនេះ ស្ថិតក្នុងលក្ខខណ្ឌមួយចំនួនដូចជា៖
– កត្តាអាយុ៖ អាយុកាន់តែច្រើន ហានិភ័យកើតមហារីកក្រពេញប្រូស្ដាតកាន់តែខ្ពស់។
– កត្តាជាតិសាសន៍៖ ភាគច្រើនជនជាតិស្បែកខ្មៅ មានហានិភ័យខ្ពស់ជាងជាតិសាសន៍ដទៃទៀត ហើយជាប្រភេទកាចសាហាវ ងាយវិវត្តទៅរកដំណាក់កាលចុងក្រោយ។ យ៉ាងណា នៅមិនទាន់ដឹងពីហេតុផលច្បាស់បញ្ជាក់បាននៅឡើយ។
– កត្តាប្រវត្តិគ្រួសារ៖ សមាជិកក្នុងគ្រួសារធ្លាប់កើតមហារីកក្រពេញប្រូស្ដាត យើងនឹងកាន់តែមានហានិភ័យខ្ពស់កើត។ ម៉្យាងទៀត ប្រសិនប្រវត្តិគ្រួសារមានហ្សែន បង្កើនហានិភ័យមហារីកសុដន់ (BRCA1 ឬ BRCA2) ឬគ្រួសារមានប្រវត្តិកើតមហារីកសុដន់តកូនតចៅ ហានិភ័យកើតមហារីកក្រពេញប្រូស្ដាតកាន់ខ្ពស់ខ្លាំងថែមទៀត។
– កត្តាធាត់លើសទម្ងន់៖ ប្រុសៗធាត់លើសទម្ងន់ មហារីកក្រពេញប្រូស្ដាត អាចទំនោរវិវត្តទៅដំណាក់កាលចុងក្រោយ មានផលវិបាកក្នុងការព្យាបាល។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ការធ្វើរោគវិនិច្ឆ័យសម្រាប់ជំងឺមហារីកក្រពេញប្រូស្ដាត គឺផ្អែកទៅលើការពិនិត្យរាងកាយ និងប្រវត្តិ រួមជាមួយធ្វើតេស្តផ្សេងទៀតដូចជា៖
– តេស្តពិនិត្យរន្ធគូទ៖ ការពិនិត្យសរីរាង្គនេះ ដើម្បីវិភាគទៅលើក្រពេញប្រូស្ដាត ដោយប្រើម្រាមដៃពាក់ស្រោមរួចលូកចូលក្នុងរន្ធគូទ ស្ទាបពិនិត្យមើល មានដុំពកលើក្រពេញប្រូស្ដាត ដែលអាចក្លាយទៅជាដុំសាច់។
– ច្រឹបក្រពេញប្រូស្ដាតយកពិនិត្យ៖ គ្រូពេទ្យនឹងច្រិបសាច់ចេញពីក្រពេញប្រូស្តាត យកទៅពិនិត្យនៅមន្ទីរពិសោធន៍ ដើម្បីបញ្ជាក់ច្បាស់ពីរោគវិនិច្ឆ័យ។
– ថតអឹម៉រាយ (MRI)៖ ថតឆ្អឹង ឬ CT ស្កេន ឬអាចធ្វើទាំងពីរយ៉ាងតែម្តង។
សមាគមសុខភាពផ្លូវទឹកនោមអាមេរិក បានណែនាំឲ្យបញ្ឈប់ការធ្វើតេស្តឈាម PSA ដើម្បីពិនិត្យរកមហារីកក្រពេញប្រូស្ដាត ព្រោះដោយសារតែមានហានិភ័យបន្ទាប់ពីធ្វើតេស្ត និងគ្មានផលចំណេញ។ តេស្តឈាម PSA ពិនិត្យទៅលើចំនួន អង់ទីហ្សែនជាក់លាក់របស់ក្រពេញប្រូស្ដាតមានវត្តមានក្នុងឈាម។ យ៉ាងណា ធ្វើតេស្តនេះមានហេតុផលច្រើន ធ្វើឲ្យយើងអាចកើនចំនួន PSA (សារធាតុផលិតចេញពីក្រពេញប្រូស្តាត) ច្រើននៅក្នុងឈាម ជាហេតុផលឈានទៅរកការវាយតម្លៃរោគវិនិច្ឆ័យខុស និងព្យាបាលមិនជាសះស្បើយ។
យ៉ាងណា បើយើងប្រាកដថាមានមហារីកក្រពេញប្រូស្ដាត ការធ្វើតេស្តនេះ នឹងបញ្ជាក់អំពីដំណាក់កាល ឬប្រាប់ពីប្រភេទមហារីក។ មុនពិចារណាធ្វើតេស្តឈាម PSA គួរតែប្រឹក្សាយោបល់ជាមួយគ្រូពេទ្យអំពីហានិភ័យអាចកើតមានជាមុនសិន។
៨- ព្យាបាលដោយវិធីណា?
បើមានជំងឺមហារីកក្រពេញប្រូស្ដាត ដោយអាស្រ័យទៅលើភាពធ្ងន់ធ្ងរនៃជំងឺមហារីក និងស្ថានភាពរីករាលដាលរបស់វា ជម្រើសព្យាបាលរបស់យើងនឹងត្រូវណែនាំពីគ្រូពេទ្យ។ បើជំងឺមហារីកមិនកាចសាហាវទេ គ្រូពេទ្យអាចណែនាំឲ្យរង់ចាំ មិនទាន់ធ្វើការព្យាបាល គ្រាន់តែធ្វើតេស្តតាមដានប៉ុណ្ណោះ ។ ព្យាបាលដោយវះកាត់ ឬដោយវិទ្យុសកម្ម និងព្យាបាលដោយបង្កកជាលិកាមហារីក ព្យាបាលដោយអ័រម៉ូន ឬគីមី សុទ្ធតែជាជម្រើសសម្រាប់គ្រូពេទ្យធ្វើការព្យាបាលយើង អាស្រ័យលើកត្តាអាយុ ស្ថានភាពសុខភាព និងដំណាក់កាលមហារីក។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
កាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្តាត យើងអាចអនុវត្តតាមវិធីសាស្រ្ដមានប្រយោជន៍ទាំងនេះ៖
– របបអាហារសុខភាព៖ ដូចជា បន្លែ និងផ្លែឈើ ចៀសវាងអាហារសម្បូរខ្លាញ់ និងគួរញ៉ាំឲ្យបានគ្រប់ប្រភេទ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ។ ជ្រើសរើសយក បន្លែ ផ្លែឈើ មានផ្ទុក វីតាមីនច្រើន និងសារធាតុចិញ្ចឹមមានប្រយោជន៍ដល់សុខភាព។ ទោះយើងអាចបង្ការមហារីកក្រពេញប្រូសា្ដតតាមរយៈរបបអាហារ ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់មានសុវត្ថិភាព ១០០ភាគរយ នោះដែរ។ យ៉ាងណា ញ៉ាំរបបអាហារត្រឹមត្រូវ អាចធ្វើឲ្យសុខភាពយើងកាន់តែប្រសើរឡើង។
– ចៀសវាងអាហារបំប៉ន៖ គ្មានការសិក្សាណាអាចបង្ហាញថា អាហារបំប៉នអាចជួយកាត់បន្ថយហានិភ័យកើតមហារីកក្រពេញប្រូស្ដាតទេ។
– ហាត់ប្រាណ៖ ហាត់ប្រាណ ធ្វើឲ្យសុខភាពរាងកាយទាំងមូលប្រសើរឡើង ជួយរក្សាទម្ងន់ ធ្វើឲ្យអារម្មណ៍ជ្រះថ្លា។ មានភស្តុតាងបានបញ្ជាក់ថា ប្រុសមិនហាត់ប្រាណមានកម្រិត PSA កើនឡើងខ្ពស់ អាចជាហេតុបង្កឲ្យមានមហារីកប្រភេទនេះ។
– ហាត់ប្រាណរក្សាគីឡូ៖ បើទម្ងន់យើងសមរម្យ សុខភាពកាន់តែល្អ ត្រូវហាត់ប្រាណឲ្យបានច្រើនថ្ងៃ ក្នុងមួយសប្ដាហ៍ដើម្បីរក្សាទម្ងន់។ បើចង់សម្រកទម្ងន់ ត្រូវបន្ថែមការហាត់ប្រាណ និងបន្ថយកាល់ឡូរី ក្នុងរបបអាហារប្រចាំ។ ពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីរៀបចំផែនការសម្រកទម្ងន់មានសុខភាពល្អ។
[embed-health-tool-bmi]