និយមន័យ
១- អ្វីជាជំងឺមហារីកឆ្អឹង?
ជំងឺមហារីកឆ្អឹង សំដៅលើដុំមហារីកសាច់កាចកើតនៅក្នុងឆ្អឹង ប៉ុន្តែមហារីកឆ្អឺងទាំងអស់ មិនមែនសុទ្ធតែជាសាច់កាចនោះដែរ។ កោសិកាមហារីកក្នុងឆ្អឹង លូតលាស់ សម្លាប់ជាលិកាឆ្អឹងល្អ អាចគម្រាមកំហែងដល់ជីវិត ហេតុនេះសំខាន់បំផុត ត្រូវដឹងពីកន្លែងមហារីកកកើត និងរាលដាលដើម្បីអាចព្យាបាលប្រកបដោយប្រសិទ្ធភាព។
ប្រភេទជំងឺមហារីកឆ្អឹងជាទូទៅមានដូចជា៖
– មហារីកឆ្អឹង (Osteosarcoma)៖ កើតដំបូងលើជាលិកា Osteoid មានរចនាសម្ព័ន្ធស្រដៀងទៅនឹងរចនាសម្ព័ន្ធរបស់ឆ្អឹង។ មហារីកប្រភេទនេះជារឿយៗកើតឡើងនៅលើឆ្អឹងជង្គង់ និងឆ្អឹងដើមដៃ។
– មហារីកឆ្អឹង (Chondrosarcoma)៖ កើតដំបូងលើជាលិកាឆ្អឹងខ្ចី រួមមានជាលិកា Resilient និងជាលិកាទន់ យឺតគ្របដណ្តប់ ការពារចុងឆ្អឹងវែង។ មហារីកប្រភេទនេះ កើតមានញឹកញាប់បំផុតនៅក្នុងឆ្អឹងអាងត្រគាក ជើង និងស្មា។
– មហារីក Ewing Sarcoma Family of Tumors (ESFT)៖ ជាមហារីកកើតមានក្នុងឆ្អឹង និងអាចកើតមានក្នុងជាលិការលោង (សាច់ដុំ ខ្លាញ់ ជាលិកាសរសៃ សរសៃឈាម ជាលិកាផ្សេងៗ)។ មហារីកប្រភេទនេះ ច្រើនកើតនៅតាមឆ្អឹងខ្នង ឆ្អឹងអាងត្រគាក ឆ្អឹងជើង និងដៃ។
មហារីកឆ្អឹងមាន ៤ ដំណាក់កាល៖
– ដំណាក់កាលទី ១ ៖ កើតមាននៅក្នុងឆ្អឹង មិនរីករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។
– ដំណាក់កាលទី ២ ៖ កោសិកាមហារីកឈ្លានពានច្រើនជាងមុន ប៉ុន្តែមានកើតនៅក្នុងឆ្អឹងដដែរ។
– ដំណាក់កាលទី ៣ ៖ កើតមានពីរ ឬច្រើនកន្លែងនៅលើឆ្អឹងតែមួយ។
– ដំណាក់កាលទី ៤ ៖ មហារីកបានរីករាលដាលចេញពីឆ្អឹង ទៅកន្លែងផ្សេងទៀតនៃរាងកាយដូចជាឆ្អឹងផ្សេងទៀត ឬសរីរាង្គខាងក្នុង។ កោសិកាមហារីកបានឈ្លានពានខ្លាំង ហើយប៉ះពាល់ដល់មុខងារកោសិកាធម្មតា។
២- មហារីកនេះកើតញឺកញាប់ដែរទេ?
ជំងឺមហារីកប្រភេទនេះ កម្រនឹងកើតណាស់ មានតិចជាង ១ភាគរយ នៃមហារីកទាំងអស់។ ប្រភេទផ្សេងគ្នានៃជំងឺមហារីកឆ្អឹង ច្រើនកើតមានទូទៅដូចជា៖
– មហារីកឆ្អឹង Osteosarcoma ច្រើនកើតមាននៅចន្លោះអាយុពី ១០-១៩ ឆ្នាំ ប៉ុន្តែអាចកើតមានលើវ័យលើសពី ៤0 ឆ្នាំដូចគ្នា។ គ្នាយើងមានបញ្ហាសុខភាពផ្សេងៗ ដូចជា ជំងឺ Paget disease (ជាមហារីកស្លូត មានភាពមិនប្រក្រតីនៃការវិវត្តកោសិកាឆ្អឹងថ្មី) មានហានិភ័យខ្ពស់វិវត្តទៅជាជំងឺមហារីកប្រភេទនេះ។
– មហារីកឆ្អឹង Chondrosarcoma ច្រើនកើតលើមនុស្សវ័យចំណាស់ អាយុលើស ៤0 ឆ្នាំ។
– មហារីក ESFT កើតលើកុមារ ក្មេងជំទង់អាយុក្រោម ១៩ ឆ្នាំ។ ក្មេងប្រុសប្រឈមកើតជំងឺនេះជាងក្មេងស្រី។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្ល?
រោគសញ្ញាទូទៅ គឺការឈឺចាប់ ប៉ុន្តែមិនមែនកើតលើគ្រប់មហារីកឆ្អឹងទេ អាចមានរោគសញ្ញាដូចជា៖
– ឆ្អឹងបែកបាក់
– ខ្សោយអស់កម្លាំង
– ស្រក់ទម្ងន់គ្មានមូលហេតុ
– ហើម និងឈឺនៅជិតតំបន់រងផលប៉ះពាល់
អាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យពាក់ព័ន្ធរោគសញ្ញាខាងលើ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- ពេលណាគួរទៅជួបពេទ្យ?
បើប្រទះរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិត។ រាងកាយរបស់មនុស្សគ្រប់រូបមានភាពខុសគ្នា ល្អបំផុតពិភាក្សាជាមួយគ្រូពេទ្យពីអី្វយើងជួបប្រទះ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មូលហេតុពិតរបស់មហារីកឆ្អឹង ទោះធ្វើតេស្ត DNA ក៏រកមិនឃើញដែរ គ្រាន់តែដឹងថាជំងឺមហារីកនេះ បង្កមកពីការលូតលាស់មិនប្រក្រតីនៃកោសិកាឆ្អឹង លូតលាត់លឿនមិនអាចគ្រប់គ្រងបាន។ កោសិកាធម្មតាលូតលាស់ និងងាប់ទៅវិញតាមការកំណត់ ប៉ុន្តែកោសិកាមហារីក លូតលាស់លឿន ក៏មិនងាប់ទៅវិញដោយឯកឯងដែរ។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមខ្ពស់បង្កជាជំងឺមហារីកឆ្អឹងមាន៖
– Inherited genetic syndromes៖ ជាជំងឺតំណពូជកម្រ អាចមានហានិភ័យកើតជំងឺមហារីកឆ្អឹង ដូចជា ជំងឺ Li-Fraumeni syndrome និង Hereditary retinoblastoma។
– ជំងឺ Paget’s disease៖ ជាប្រភេទមហារីកស្លូត មុនវិវត្តទៅជាមហារីកកាច វារំខានដល់ដំណើរប្រព្រឹត្តទៅក្នុងរាងកាយ ដោយជាលិកាឆ្អឹងថ្មីទៅជំនួសជាលិកាឆ្អឹងចាស់ យូរៗទៅ ក៏បណ្តាលឲ្យឆ្អឹងដែលរងផលប៉ះពាល់ទាំងនោះប្រែទៅជាផុយស្រួយ។ Paget’s disease ច្រើនកើតលើមនុស្សពេញវ័យជាពិសេសនៅអាយុ ៥0 ឆ្នាំ។
– ប៉ះពាល់ផ្ទាល់វិទ្យុសកម្ម។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
ដំបូងគ្រូពេទ្យ នឹងសាកសួរពីស្ថានភាព និងប្រវត្តិគ្រួសារ ប្រសិនបើសង្ស័យមានមហារីកឆ្អឹង គ្រូពេទ្យនឹងពិនិត្យលើរាងកាយ ធ្វើតេស្តបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើរោគវិនិច្ឆ័យផ្សេងៗ។ តេស្តភាគច្រើនធ្វើចំពោះជំងឺមហារីកឆ្អឹងមាន៖
– ថតកាំរស្មីអ៊ិច៖ ជួយឲ្យឃើញរូបភាពមិនប្រក្រតីរបស់ឆ្អឹង។ សញ្ញាមហារីកឆ្អឹងអាចមានការបែកបាក់ឆ្អឹង មានប្រហោងក្នុងឆ្អឹង និងមានដុំសាច់នៅជុំវិញឆ្អឹងជាដើម។ ប្រសិនបើមានសញ្ញាទាំងនេះលេចឡើង ត្រូវកោសឆ្អឹងដើម្បីធ្វើកោសល្យវិច័្ឆយបន្ថែមទៀត ដើម្បីកំណត់ថាយើងពិតជាមានជំងឺមហារីកឆ្អឹង ឬអត់។
– ថតស្កេនឆ្អឹង៖ សារធាតុវិទ្យុសកម្ម ត្រូវចាក់ចូលក្នុងសរសៃឈាម ធ្វើដំណើរតាមចរន្តឈាម បន្ទាប់មកប្រមូលផ្តុំនៅក្នុងឆ្អឹង និងលេចឃើញឡើងតាមរយៈម៉ាស៊ីនស្កេន។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ ស្ថានភាពយើងដោយធ្វើការវាយតម្លៃតាមរយៈការស្កេននេះ។
– ស្កេន CT ឬ CAT៖ ជាការថត យករូបភាពច្រើនរួមបញ្ចូលគ្នា ពីមុំខុសៗគ្នា។ ស្កេនរូបភាព CT អាចផ្តល់នូវព័ត៌មានលម្អិតជាងការថត កាំរស្មីអ៊ិច ធម្មតា។
– ការស្កេន MRI៖ តេស្តនេះស្រដៀងទៅនឹងថតកាំរស្មីអ៊ិច ប៉ុន្តែប្រើមេដែកមានថាមពលម៉ាញ៉េទិកភ្ជាប់ទៅកុំព្យូទ័រដើម្បីទទួលរូបភាព។
– ស្កេន positron emission tomography (PET)៖ គេចាក់ Radioactive Glucose (ជាតិស្ករវិទ្យុសកម្ម) ចូលក្នុងសរសៃឈាម និងចាប់រូបភាពដោយម៉ាស៊ីន ដើម្បីបានព័ត៌មានលម្អិត ឯរូបភាពលេចនៅក្នុងកុំព្យូទ័រ គឺនៅតំបន់ដែលសារធាតុនេះទៅដល់។
៨- ព្យាបាលដោយវិធីណា?
ជំងឺមហារីកឆ្អឹងត្រូវបានព្យាបាលតាមរបៀបជាច្រើន មួយចំនួនអាចព្យាបាលបញ្ចូលគ្នាដើម្បីទទួលបានលទ្ធផលល្អ។ ជម្រើសវិធីព្យាបាលអាស្រ័យលើស្ថានភាពជំងឺ និងសុខភាពយើងផ្ទាល់។
– វះកាត់៖ គ្រូពេទ្យនឹងវះកាត់យកដុំសាច់ចេញ ដោយប្រើបច្ចេកទេសពិសេស ព្យាបាលបែបនេះត្រូវការពេលវេលាយូរ ដើម្បីឲ្យរបួសធូរស្បើយ។
– ព្យាបាលដោយគីមី (Chemotherapy)៖ ប្រើថ្នាំប្រឆាំងមហារីក អាចសម្លាប់កោសិកាមហារីកបាន។
– ព្យាបាលដោយកាំរស្មី (Radiation therapy ឬ radiotherapy)៖ បច្ចេកទេស គឺប្រើកាំរស្មីអ៊ិចកម្រិតខ្ពស់ដើម្បីសម្លាប់កោសិកាមហារីក។ វិធីព្យាបាលនេះអាចធ្វើរួមជាមួយ ការវះកាត់បាន តែអាចមានគ្រោះថ្នាក់ខ្លាំង បង្កផលវិបាកមួយចំនួន បន្ទាប់ពីព្យាបាលរួច។
– Cryosurgery៖ គេបង្កកកោសិកាមហារីកជាមួយសារធាតុ អាសូតរាវ ធ្វើឲ្យកោសិកាប្រក្រតីងាប់ក្នុងពេលណាមួយ។ បច្ចេកទេសនេះជួនកាលអាចប្រើជំនួសការវះកាត់ធម្មតាបាន។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ដឹងព័ត៌មានឲ្យបានច្រើន៖ សិក្សាអំពីជំងឺមហារីកឆ្អឹង ដើម្បីកាត់បន្ថយការព្រួយបារម្ភ និងធ្វើឲ្យយើងកាន់តែមានទំនុកចិត្តប្រឈមមុខជាមួយជំងឺ។ អាចមានប្រភពព័ត៌មានច្រើនពាក់ព័ន្ធមហារីកឆ្អឹង និងគួរទុកចិត្តបាន ដូចជា ពិគ្រោះយោបល់ជាមួយគ្រូពេទ្យផ្ទាល់ ស្វែងរកតាមប្រព័ន្ធអ៊ីនធឺណិត កាសែត និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗទៀត ឬអាចសាកសួរគ្រូពេទ្យពីវិធីការពារនៅតំបន់យើងកំពុងរស់នៅ។
– ត្រូវមានគំនិតវិជ្ជមាន៖ បញ្ហាផ្លូវចិត្តអាចប៉ះពាល់ខ្លាំងលើលទ្ធផលការព្យាបាល។ ត្រូវរក្សាអារម្មណ៍ស្ងប់ និងរីករាយតាមវិធីសាស្ត្រ ដូចជា និយាយជាមួយសាច់ញាតិ មិត្តភក្តិអាចទុកចិត្តបាន ត្រូវរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារ និងមិត្តភក្តិ លេងជាមួយសត្វចិញ្ចឹម ឬអានសៀវភៅជាដើម។ ត្រូវជឿជាក់ថាស្ថានភាពជំងឺយើងថាវានឹងប្រសើរឡើង ទោះជាមានជំងឺមហារីកក៏ត្រូវរស់នៅដោយសប្បាយចិត្តដែរ។
[embed-health-tool-bmi]