និយមន័យ
១- អ្វីជាជំងឺរលាកឆ្អឹង?
ជំងឺនេះកើតឡើងពេលមានការជ្រៀតចូលមេរោគពីសរសៃឈាមចូលក្នុងឆ្អឹង ភាគច្រើនប្រទះលើកុមារ ប៉ះពាល់លើឆ្អឹងខ្មងជើង និងដើមដៃ ឯមនុស្សពេញវ័យភាគច្រើនកើតលើឆ្អឹងខ្នង ហើយសម្រាប់គ្នាយើងមានទឹកនោមផ្អែម គឺកើតនៅលើឆ្អឹងជើង។ បច្ចុប្បន្ននេះការព្យាបាល គឺមានប្រសិទ្ធភាពណាស់ដោយពឹងផ្អែកលើថ្នាំផ្សះរយៈពេល ៤-៦ អាទិត្យបន្ទាប់ពីវះកាត់រួច។
២- កើតឡើងញឹកញាប់ដែរទេ?
ជំងឺឆ្អឹងប្រភេទនេះ អាចប៉ះពាល់លើមនុស្សគ្រប់វ័យ។ យ៉ាងណា យើងនៅតែមានវិធីបង្ការហានិភ័យកើតជំងឺនេះបាន។ បឹ្រក្សាជាមួយគ្រូពេទ្យ សម្រាប់ព័ត៌មានលម្អិត។
រោគសញ្ញា
៣- រោគសញ្ញាមានអ្វីខ្លះ?
ករណីខ្លះ ជំងឺរលាកឆ្អឹង មិនបង្កជាសញ្ញាអ្វីនោះទេ ឬអាចមានសញ្ញាច្រឡំជាមួយជំងឺផ្សេងទៀត ហើយរោគសញ្ញាឧស្សាហ៍ជួបប្រទះជាងគេមាន៖
– ក្ដៅញាក់
– ក្មេងមានសភាពរញ៉ាំរញ៉ូវ
– ឈឺចាប់នៅតំបន់មានការបង្ករោគ
– ហើម ឡើងកម្ដៅ ក្រហមនៅកន្លែងមានបង្ករោគ
– ក្នុងករណីអាការៈកាន់តែធ្ងន់ធ្ងរ និងក្ដៅខ្លួនកាន់តែខ្លាំង សូមប្រញាប់ស្វែងរកការសង្គ្រោះបន្ទាន់ដើម្បីចៀសវាងផលវិបាក។
៤- ពេលណាគួរទៅជួបពេទ្យ?
បើមានសញ្ញាដូចបានរៀបរាប់ខាងលើ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់រូបមិនមានរោគសញ្ញាដូចគ្នាទេ វិធីល្អបំផុត ទៅពិភាក្សាជាមួយគ្រូពេទ្យ។
ពិសេសពេលយើងមានជួបស្ថានភាពឈឺឆ្អឹងយូរអង្វែង រ៉ាំរ៉ៃ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចឆ្លងរោគដោយលក្ខខណ្ឌមួយចំនួន ដូចជា ធ្លាប់ការវះកាត់ ឬរបួសឆ្អឹង បែបនេះគ្រូពេទ្យងាយវាយតម្លៃស្ថានភាពរោគសញ្ញាយើងបាន។
មូលហេតុបង្ក
៥- មូលហេតុបង្កមានអ្វីខ្លះ?
មូលហេតុចម្បង គឺបណ្តាលមកពីបាក់តេរី ស្តាហ្វីឡូកូកកូស (Staphylococcus) ឆ្លងចូលទៅក្នុងសារពាង្គកាយយើងតាមរយៈ៖
– សរសៃឈាមដូចជា នៅក្នុងជំងឺរលាកសួត រលាកប្លោកនោម ទៅបង្ករោគនៅកន្លែងមានឆ្អឹងទន់ខ្សោយ ពិសេសលើក្មេងៗ មានលើចុងឆ្អឹងដើមដៃ និងខ្មងជើង។
– បង្ករោគក្នុងជាលិកា ឬសន្លាក់សិប្បនិមិត្ត ដោយសារការចាក់ថ្នាំជាដើម។
– របួសបើកមុខ មានឆ្អឹងចំហចេញក្រៅ ប្រឈមហានិភ័យខ្ពស់បំផុត។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមនាំឲ្យរលាកឆ្អឹងមានដូចជា៖
– ជួបគ្រោះថ្នាក់បាក់បែកឆ្អឹងថ្មីៗ តម្រូវវះកាត់ ជាឱកាសអាចឲ្យមេរោគឆ្លងចូលទៅក្នុងឆ្អឹងបាន។ មិនតែប៉ុណ្ណោះ ដាក់ដែកក្នុងឆ្អឹង និងរបួសដោយសារសត្វមានចង្កូមខាំជ្រៅដល់ឆ្អឹង អាចបង្កឲ្យករោគដែរ។
– វិបត្តិលំហូរឈាម៖ ពេលឈាមកកស្ទះកន្លែងណាមួយ មេរោគក្នុងឈាមនឹងមានឱកាសផ្ដុំគ្នា ក្នុងករណីមានរបួសអំឡុងពេលនោះ មេរោគកាន់តែងាយទៅដល់សាច់ដុំ និងឆ្អឹង។ ជំងឺនាំឲ្យមានឈាមកក មានជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាម និងជំងឺគ្រាប់ឈាមមានរាងកណ្ដៀវ ជាដើម។
– ការដាក់សុង និងឧបករណ៍ផ្សេងៗ អាចបង្កើតជាផ្លូវសម្រាប់មេរោគ ជាក់ស្តែងពេលលាងឈាម សុងទឹកនោម និងការចាក់សេរ៉ូមយូរអង្វែង។
– ថយចុះប្រព័ន្ធភាពស៊ាំដូចជា ប្រើថ្នាំគីមី ចាក់ថ្នាំស្តេរ៉ូអ៊ីតច្រើនពេក។
– ប្រើថ្នាំញៀន។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
បន្ទាប់ពីពិនិត្យកាយសម្បទារួច គ្រូពេទ្យនឹងអាចចាប់អារម្មណ៍កន្លែងបង្ករោគដោយសារវាមានហើម ក្រហម និងមានកម្ដៅ ដោយអាចនឹងស្នើធ្វើតេស្តដូចជា៖
– តេស្តឈាម៖ ដើម្បីរកមើលសញ្ញាបង្ករោគក្នុងឈាម ការកើនឡើងគ្រាប់ឈាមសជាដើម។ តែតេស្តនេះមិនអាចកំណត់បាន ១០០ ភាគរយនោះទេ ជាហេតុគ្រូពេទ្យអាចធ្វើការអង្កេតវិភាគតាមវិធីផ្សេងទៀត។
– តេស្តច្រឹបកោសិកាឆ្អឹង៖ ច្រឹបឆ្អឹងយកទៅពិនិត្យឲ្យ ដឹងពីប្រភេទមេរោគដើម្បីប្រើថ្នាំផ្សះឲ្យចំតែម្ដង។ ករណីខ្លះការចាក់ម្ជុលដើម្បីយកបំណែកឆ្អឹងមកពិនិត្យ មានការឈឺចាប់ និងត្រូវការថ្នាំស្ពឹកក្នុងពេលធ្វើតេស្ត។
– តេស្តរូបភាពវេជ្ជសាស្ត្រ
– ថតកាំរស្មីដើម្បីមើលការខូចខាតរបស់ឆ្អឹង ប៉ុន្តែក្នុងករណីដំបូង មិនងាយឃើញនោះទេ។
– ថតស៊ីធី (CT) ជាមួយកាំរស្មីអ៊ិច ជួយបង្កើនគុណភាពរូប អាចមើលឃើញកាន់តែច្បាស់។
– ថតអឹមរ៉ាយ MRI កាន់តែល្អ ដោយសារបានឃើញរូបភាពកាន់តែច្បាស់ងាយស្រួលវាយតម្លៃ។
៨- ព្យាបាលដោយវិធីណា?
គោលដៅសំខាន់ គឺវះកាត់ដើម្បីយកបំណែកឆ្អឹងរលួយបង្កដោយមេរោគចេញ និងបន្តដោយការប្រើថ្នាំផ្សះអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងដូចជា៖
– វះបើកកន្លែងមានឆ្លងរោគ និងបង្ហូរខ្ទុះចេញ។
– យកចេញបំណែកឆ្អឹង និងជាលិកាខូចចេញឲ្យអស់ ចៀសវាងមេរោគលាប់ឡើងវិញ។
– សម្រួលលំហូរឈាមទៅកាន់ឆ្អឹង ដោយវះកាត់យកឆ្អឹង និងជាលិកាខូចខាតចេញជាបណ្ដោះអាសន្ន រង់ចាំកោសិកាកោសិកាទាំងនោះជួសជុលឡើងវិញ។
– ករណីមានឆ្លងរោគដោយមានវត្ថុផ្សេង ដូចជា ដាក់ដែកក្នុងឆ្អឹង ពេទ្យនឹងត្រូវយករបស់ទាំងនោះចេញ។
– កាត់អវយវៈចេញ ជាវិធីសាស្ត្រចុងក្រោយ ព្យាបាលក្នុងករណីមេរោគរាតត្បាតធ្ងន់ធ្ងរ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– បើធ្វើតេស្តឈាម មានសញ្ញាឆ្លងរោគ គួរទៅពិភាក្សាជាមួយគ្រូពេទ្យ
– អនាម័យខ្លួនប្រាណចៀសវាងការប៉ះទង្គិច មុតដៃជើង ។ ករណីមានរបួសត្រូវលាងសំអាតដោយថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ។
[embed-health-tool-bmi]