backup og meta

អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 05, 2021

    អាហារទាំងនេះ អាចជួយបន្ថយរោគសញ្ញាអាលែកហ្ស៊ី

    ពេល​យើង​មាន​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី យើង​​ពិត​ជា​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​បន្ថយ​រោគ​សញ្ញា​នោះ​វិញ។ យ៉ាងណា ពេល​យើង​រង​ការ​រំខាន​ញឹកញាប់​ពេក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​សារធាតុ​ផ្សេងៗ​នៅ​ជុំវិញ​ខ្លួន ដែល​នាំឲ្យ​យើង​កើត​មាន​រោគ​សញ្ញា​អាលែក​ហ្ស៊ី នោះ​ជា​ពេល​យើង​គួរ​គិត​ដល់​របប​អាហារ​​ដែរ​ហើយ​។

    របប​អាហារ​ពិត​ណាស់​មិន​អាច​ព្យា​បាល​អាលែកហ្ស៊ី​បាន​ទេ​ តែ​របប​អាហារ​ត្រឹម​ត្រូវ​អាច​ជួយ​បន្ថយ​រោគ​សញ្ញា​អាលែកហ្ស៊ី​បាន។ បន្លែ និង​ផ្លែ​ឈើ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​យ៉ាង អាច​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សុខភាព​ល្អ និង​ក៏​ប្រហែលជា​អាច​ជួយ​ការ​ពារ​យើង​បាន​ពី​បញ្ហា​អាលែក​ហ្ស៊ី​ដែរ​។

    ១. ខ្ទឹម​បារាំង​

    ខ្ទឹម​បារាំង ម្រេច និង​ពពួក​ផ្លែ​បឺរី មាន​ផ្ទុក​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថាQuercetin។ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​លើក​ឡើង​ថា​សារធាតុ Quercetin​ គឺ​ជា​សារធាតុ​គីមី​រុក្ខជាតិ អាច​ជួយ​កាត់​បន្ថយ​ប្រតិកម្ម​ហ៊ីស្តាមីន។ ហ៊ីស្តាមីន គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រតិកម្ម​អាលែកហ្ស៊ី​។

    ខ្ទឹមបារាំង

    ២. ខាត់ណាខៀវ

    ខាត់ណា​ខៀវ​ត្រូវ​គេ​ដឹង​ថាជា​អាហារ​ល្អ​បំផុត​មួយ​ចំពោះ​សុខភាព និង​សម្បូរ​ដោយ​វីតាមីនC ជួយ​សម្អាត​ការ​រាំង​ស្ទះ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ។ ការ​សិក្សា​រក​ឃើញ​ថា ការ​ទទួល​បាន​វីតាមីន C ប្រហែល​៥០០​មិល្លីក្រាម​ប្រចាំ​ថ្ងៃ​អាច​ជួយ​សម្រួល​ដល់​រោគសញ្ញា​អាលែកហ្ស៊ី​។ខាត់ណាខៀវ​ប្រហែល​៩០​ក្រាម មាន​ផ្ទុក​វីតាមីនC ប្រហែល​៨០​មិល្លីក្រាម​។

    ៣. ខ្ញី

    រោគ​សញ្ញា​ដែល​រំខាន​បំផុត​កើត​ចេញ​ពី​អាលែកហ្ស៊ី​ គឺ​ការ​រលាក​ជាលិកា ដូច​ជា​ហើម រមាស់​ច្រមុះ ភ្នែក និង​បំពង់ក។ ខ្ញី អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ទាំងនេះ​បាន​។

    ជា​ច្រើន​រយ​ឆ្នាំ​​មក​ហើយ ដែល​មនុស្ស​យើង​បាន​ប្រើ​ប្រាស់​ខ្ញី​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​បញ្ហា​សុខភាព​ដូចជា​ចង្អោរ និង​ឈឺ​សន្លាក់​ជា​ដើម​។ ខ្ញី មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​ការ​រលាក​។ មក​ដល់​ពេល​នេះ អ្នក​ជំនាញ​បាន​រក​ឃើញ​ទៀត​ថា​ ខ្ញី​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​នឹង​អាលែកហ្ស៊ី​តាម​រដូវ​កាល។ ខ្ញី​ត្រូវ​អ្នក​ជំនាញ​ជឿ​ថា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ផលិត​ប្រូតេអ៊ីន​រលាក​នៅ​ក្នុង​ឈាម ដែល​អាច​នាំឲ្យ​កាត់​បន្ថយ​រោគ​សញ្ញា​អាលែកហ្ស៊ី​។

    ៤. រមៀត

    រមៀត​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ ជា​ឃ្លាំង​ស្តុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​។ សារធាតុ​​ផ្សំ​នៅ​ក្នុង​រមៀត​មាន​ទំនាក់ទំនង​នឹង​ការ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ដែល​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ហើម និង​ផល​រំខាន​ផ្សេងៗ​ពី​បញ្ហា​អាលែកហ្ស៊ី​ផង​។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ​រក​ឃើញ​ថា រមៀត​អាច​ជួយ​កាត់​បន្ថយ​ការ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​បង្ក​អាលែកហ្ស៊ី។​

    ៥. ម្នាស់

    ម្នាស់​មាន​ផ្ទុក​អង់ហ្ស៊ីម​មួយ​ហៅ​ថា bromelain។ តាម​ការ​សិក្សា​ អង់ស៊ីម​ប្រភេទ​នេះ អាច​ជួយ​កាត់​បន្ថយ​ផល​រំខាន​ពី​ជំងឺ​អាលែកហ្ស៊ី ដូច​ជា​ជំងឺ​ហឺត​ ព្រោះថា​បញ្ហា​អាលែកហ្ស៊ី ក៏​អាច​នាំ​ឲ្យ​កើត​ជំងឺ​ហឺត​ដែរ​។

    ៦. ទឹកឃ្មុំ​ក្នុង​តំបន់

    ទឹក​ឃ្មុំ​ក្នុង​តំបន់​សំដៅ​ដល់​ទឹក​ឃ្មុំ​ដែល​យក​ពី​ឃ្មុំ​នៅ​ក្នុង​តំបន់​ដែល​យើង​កំពុង​រស់​នៅ​។ ការសិក្សា​រក​ឃើញ​ថា បើ​សិន​ជា​យើង​បាន​ញ៉ាំ​ទឹក​ឃ្មុំ​នោះ​មុន​ពេល​រដូវ​បង្ក​អាលែក​ហ្ស៊ី​ចូល​មក​ដល់ ​រាង​កាយ​យើង​អាច​នឹង​ស៊ាំ​ទៅ​នឹង​លម្អង​ផ្កា ចេញ​ពី​តំបន់​ដែល​យើង​រស់​នៅ​ដែរ​។ សម្រាប់​អ្នក​មាន​បញ្ហា​អាលែកហ្ស៊ី​តាម​រដូវ​កាល គឺ​អាច​បង្ក​ឡើង​ដោយ​លម្អង​ផ្កា​ឈើ​នៅ​ក្នុង​តំបន់​យើង​រស់នៅ​នេះឯង ហើយ​ទឹក​ឃ្មុំ​ក្នុង​តំបន់​ក៏​មាន​ផ្ទុក​លម្អង​ផ្កា​ឈើ​នេះ​ដូច​គ្នា។ ពេល​យើង​បាន​ញ៉ាំទឹក​ឃ្មុំ​មុន​រដូវ​កាល​ផ្កា​ឈើ​ចូល​មក​ដល់ នោះ​រាង​កាយ​នឹង​ធន់​ទៅ​នឹង​លម្អង​ផ្កា​ទាំងនោះ អាច​ជួយ​បន្ថយ​រោគ​សញ្ញា​អាលែក​ហ្ស៊ី​នោះ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម