backup og meta

ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 17, 2021

    ធ្វើម៉េចដឹងថាកំពុងឈឺភ្នែក ឬភ្នែកមានអាលែកហ្ស៊ី?

    ពេល​ខ្លះ​​គ្នា​យើង​មាន​អារម្មណ៍​ថា​រមាស់​​ភ្នែក និង​ភ្នែក​ឡើង​ក្រហម​ទៀត ​តើ​អាច​ជា​អាការៈ​អាលែកហ្ស៊ី ឬ​ឆ្លង​វីរុស? អាការៈ​ទាំង​ពីរ​នេះ អាច​ធ្វើ​ឲ្យ​គ្នា​យើង​ច្រឡំ​បាន។ តស់​ស្វែង​យល់​ទាំង​អស់​គ្នា​ពី​បញ្ហា​អាលែកហ្ស៊ី និង​រោគឆ្លង​នៅ​ភ្នែក​នេះ​។​​

    ១. ភ្នែក​ឆ្លង​រោគ ឬ​អាលែកហ្ស៊ី

    ភ្នែក​ឆ្លង​រោគ អាច​បណ្ដាល​មក​ពី​មូលហេតុ​បង្ក​ច្រើន​យ៉ាង ​ពី​វីរុស បាក់តេរី ប៉ារ៉ាស៊ីត ឬ​ផ្សិត ជា​ដើម។ ចំណែក​រោគ​សញ្ញា​ផ្សេងៗក៏​កើត​មាន​​​ទៅ​តាម​មូល​ហេតុ​បង្ក​ដែរ ប៉ុន្តែ​ជា​ទូទៅ​ ការ​ឆ្លង​រោគ​នៅ​ភ្នែក​អាច​មាន​រោគ​សញ្ញា​ច្រើន​ជាង​បញ្ហា​អាលែកហ្ស៊ី។

    ​ពេល​ភ្នែក​យើង​មាន​ហូរ​ទឹក​ភ្នែក​ច្រើន និង​មាន​ការ​ឈឺចាប់​ទៀត​នោះ អាការៈ​នេះ​អាច​ថា​មិន​មែន​ជា​បញ្ហា​អាលែកហ្ស៊ី​ទេ​។

    ដើម្បី​បាន​ការ​ព្យាបាល​បញ្ហា​ភ្នែក​នេះ​ត្រឹម​ត្រូវ យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្នែក ដើម្បី​បាន​ការ​កំណត់​ថា​បញ្ហា​អ្វី​កើត​លើ​ភ្នែក​ឲ្យ​ប្រាកដ។ អាលែកហ្ស៊ី​ភ្នែក មិន​ឆ្លង​ទៅ​កាន់​អ្នក​ផ្សេង​នោះ​ទេ ប៉ុន្តែ​អាច​ថា​ពិបាក​ក្នុង​ភ្នែក​បន្តិច។ ចំណែក​ការ​ឆ្លង​រោគ​នៅ​ភ្នែក​វិញ​ អាច​បង្ក​ការ​ខូច​ខាត​ដល់​ភ្នែក និង​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។

    រោគ​សញ្ញា​អាលែកហ្ស៊ី​លើ​ភ្នែក​ រួម​មាន រមាស់​ ក្រហាយ​ និង​ហៀរ​ទឹកភ្នែក ជា​ដើម​។ ចំណែក​រោគ​សញ្ញា​រោគ​ឆ្លង​នៅ​ភ្នែក​វិញ​មាន​ដូច​ទៅ​នឹង​អាលែកហ្ស៊ី​ដែរ តែ​មាន​បន្ថែម​រោគ​សញ្ញា​មួយ​ចំនួន​ទៀត​ដូចជា ភ្នែក​ចាញ់​ពន្លឺ មាន​អាចម៍​ភ្នែក និង​ឈឺ​ភ្នែក ជា​ដើម​។​​

    ​ដើម្បី​បង្ការ​បញ្ហា​ភ្នែក យើង​ត្រូវ​ចៀស​ឆ្ងាយ​ពី​សារធាតុ​បង្ក​អាលែកហ្ស៊ី និង​ត្រូវ​លាស​សម្អាត​ដៃ​ឲ្យ​ស្អាត​ជា​និច្ច​ ដើម្បី​បង្ការ​មេរោគ​ឆ្លង​តាម​ដៃ​ដល់​ភ្នែក​។ ជំងឺ​ភ្នែក​ ក្រហម​ច្រើន​បង្ក​ឡើង​ដោយ​បាក់តេរី ឬ​វីរុស​។ ការ​លាង​ដៃ​ស្អាត​ជួយ​ការពារ​ភ្នែក​យើង​ពី​ការ​ឆ្លង​រោគ​ដល់​ភ្នែក​។

    អាលែកហ្ស៊ីភ្នែក

    ​​​២. វិធី​ព្យាបាល

    សម្រាប់​បញ្ហា​អាលែក​ហ្ស៊ី៖ ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ ជា​វិធី​ល្អ​ប្រសើរ​បំផុត​មួយ​ក្នុង​ការ​ដោះស្រាយ​រោគ​សញ្ញា​អាលែកហ្ស៊ី​កើត​លើ​ភ្នែក​។ ថ្នាំ​បន្តក់​ភ្នែក អាច​ជម្រើស​ល្អ​សម្រាប់​បញ្ហា​នេះ។ មុន​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ណាមួយ​ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន។ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​យើង​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​​ប្រឆាំង​ការ​រលាក ឬ​អាច​ណែនាំ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​មួយ​ដែល​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ភ្នែក និង​កម្ចាត់​ពពួក​អាលែកហ្ស៊ី​ចេញពី​ភ្នែក​។

    ភ្នែក​ឆ្លង​រោគ៖ ឈឺ​ភ្នែក​ដោយ​ការ​ឆ្លង​រោគ យើង​អាច​ប្រើ​កន្សែង​ត្រជាក់ និង​ថ្នាំ​បន្តក់​ភ្នែក​ដើម្បី​ជួយ​បន្ថយ​អាការៈ។ គ្រូពេទ្យ ក៏​អាច​ចេញ​វេជ្ជបញ្ជា​​ឲ្យ​យើង​ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រភេទ​ថ្នាំ​ផ្សះ ដើម្បី​កម្ចាត់​បាក់តេរី​បង្ក​ឲ្យ​មាន​ជំងឺ​ភ្នែក​។

    សម្រាប់​ការ​ឈឺ​ភ្នែក បង្ក​ដោយ​ផ្សិត ឬ​ប៉ារ៉ាស៊ីត វិញ គ្រូពេទ្យ​នឹង​ផ្ដល់​ថ្នាំ​ទៅ​តាម​ប្រភេទ​បញ្ហា​កើត​មាន​លើ​ភ្នែក។ គ្រូពេទ្យ​អាច​ជួយ​វិនិច្ឆ័យ​លើ​បញ្ហា​នេះ​បាន​។​

    គ្នា​យើង​គួរ​ចាំ​ថា ពេល​មាន​បញ្ហា​លើ​ភ្នែក គួរ​ស្វែង​រក​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ មិន​ថា​បញ្ហា​ភ្នែក​បង្ក​ឡើង​ដោយ​សារ​អ្វី​ក៏​ដោយ គ្រូពេទ្យ​ភ្នែក​នឹង​​ជួយ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ត្រឹម​ត្រូវ ហើយ​ក៏​នឹង​ជួយ​ឲ្យ​យើង​បាន​ធូរ​ស្បើយ​បាន​លឿន​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម