ការគេងថ្ងៃអាចជួយដល់យើងច្រើន ជាពិសេសដូចជាជួយបំពេញពេលយើងគេងមិនគ្រប់គ្រាន់នៅពេលយប់ជាដើម។ ការគេងថ្ងៃឲ្យបានត្រឹមត្រូវគឺមានប្រយោជន៍ច្រើន និងមិនប៉ះពាល់ដល់ដំណេកពេលយប់នោះទេ។
១. សុខភាពបេះដូង
ការគេងថ្ងៃអាចកាត់បន្ថយស្ត្រេសដែលនេះក៏អាចបន្ថយហានិភ័យជំងឺបេះដូង។ ការសិក្សាមួយដែលមានអ្នកចូលរួមជាង៣ ៦០០នាក់បានរកឃើញថាការគេងថ្ងៃម្ដង ឬពីរដងក្នុងមួយសប្ដាហ៍មានហានិភ័យទាបនៃជំងឺគាំងបេះដូងជាងអ្នកអត់គេងថ្ងៃសោះ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំឡើងវិញ
នៅពេលយើងគេងមិនគ្រប់គ្រាន់ យើងអាចមានអារម្មណ៍មិនស្រួលខ្លួន ហើយការគេងថ្ងៃគឺអាចជួយបាន។ ការសិក្សាមួយបានឲ្យបុរសដែលមានសុខភាពល្អ១១នាក់គេងត្រឹមតែ២ម៉ោងនៅពេលយប់ ហើយនៅថ្ងៃបន្ទាប់បុរសទាំងនោះគេងរយៈពេល៣០នាទីមិនថានៅពេលព្រឹក ឬពេលរសៀល ឬមិនមានគេងបន្ថែមសោះ។ ក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានរកឃើញថាការគេងថ្ងៃអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យមកធម្មតាវិញ។
៣. ផ្ចង់អារម្មណ៍បានល្អ
ប្រសិនជាញ៉ាំអាហារថ្ងៃត្រង់ហើយងងុយគេង ការគេងថ្ងៃត្រឹមតែ២០នាទីក៏អាចជួយដាស់ស្មារតីបានដែរ។ ម៉្យាងទៀត ការគេងថ្ងៃជួយឲ្យអារម្មណ៍ល្អ និងបន្ថែមថាមពលដែលជួយកាត់បន្ថយភាពហត់នឿយបង្កដោយការគេងមិនគ្រប់គ្រាន់ពីយប់។
៤. បង្កើនការចងចាំ
ការគេងថ្ងៃអាចជួយដល់ខួរក្បាល និងការដំណើរការព័ត៌មានផ្សេងៗ។ ការសិក្សាឆ្នាំ២០១៩បានបង្ហាញថាអ្នកដែលគេងមួយម៉ោងក្រោយពីរៀនរួចជួយបង្កើនការចងចាំ និងអាចជួយពួកគេឲ្យបន្តការរៀនរបស់ពួកគេយ៉ាងមានប្រសិទ្ធភាព។ ម៉្យាងទៀត ពួកគេក៏មានស្មារតីល្អពេញមួយថ្ងៃដែរ។
ការគេងថ្ងៃដែលត្រឹមត្រូវគឺមានរយៈពេលពី១០ទៅ២០នាទី ឬយ៉ាងយូរ៣០នាទី និងគួរគេងមុនម៉ោង៣រសៀល។
[embed-health-tool-heart-rate]