អាការៈតឹងច្រមុះអាចបង្កការរំខានច្រើនដល់យើង។ អាការៈនេះអាចបង្កដោយការរលាកតំបន់ sinus អាលែកហ្ស៊ី ឬផ្ដាសាយជាដើម។ មិនថាអាការៈបង្កដោយមូលហេតុអ្វីទេ យើងអាចអនុវត្តវិធីមួយចំនួនដើម្បីសម្រាលបញ្ហាតឹងច្រមុះនេះដែរ។
១. ប្រើឧបករណ៍រក្សាតុល្យភាពសំណើម (Humidifier)
ឧបករណ៍រក្សាតុល្យភាពសំណើមគឺជាវិធីមួយដែលបន្ថយការឈឺចាប់នៅតំបន់ sinus និងសម្រាលអាការៈតឹងច្រមុះបានលឿន។ ឧបករណ៍នេះបំលែងទឹកឲ្យទៅជាសំណើមនៅក្នុងខ្យល់ និងបង្កើនសំណើមក្នុងបន្ទប់។ ការដកដង្ហើមក្នុងបរិយាកាសដែលខ្យល់មានសំណើមអាចសម្រួលដល់ជាលិការលាក និងសរសៃឈាមដែលហើមក្នុងច្រុះ និងតំបន់ sinus។ ម៉្យាងទៀតក៏ជួយបន្ថយស្លេស្មក្នុងតំបន់ sinus ដែលនេះជួយកម្ចាត់សារធាតុរាវក្នុងច្រមុះ និងធ្វើឲ្យយើងដកដង្ហើមធម្មតា។
២. ងូតទឹកក្ដៅ
ចំហាយទឹកដែលបានពីទឹកក្ដៅនេះអាចជួយបន្ថយស្លេស្មក្នុងច្រមុះ និងការរលាក។ ការងូតទឹកក្ដៅអាចជួយដល់ការដកដង្ហើម។ យើងក៏អាចទទួលលទ្ធផលដូចគ្នាដោយឆ្ពុងនឹងចំហាយទឹកក្ដៅ។ ពេលឆ្ពុងគួរប្រយ័ត្នកុំឲ្យរលាកមុខដោយចំហាយទឹកក្ដៅ។
៣. ផឹកទឹក
នៅពេលយើងឈឺ យើងអាចរក្សាជាតិទឹកក្នុងរាងកាយដោយផឹកទឹក ភេសជ្ជៈកីឡា និងទឹកផ្លែឈើជាដើម។ ទឹកទាំងនេះអាចជួយបន្ថយស្លេស្មនៅច្រមុះ និងរុញសារធាតុរាវចេញពីច្រមុះ ហើយក៏បន្ថយសម្ពាធនៅតំបន់ sinus ដែរ។ សម្ពាធតិចមានន័យថាការរលាកក៏ថយចុះ។ ប្រសិនជាយើងមានអាការៈតឹងច្រមុះផង ឈឺកផង យើងអាចញ៉ាំស៊ុប ឬតែក្ដៅឧណ្ហៗដើម្បីជួយសម្រាលអាការៈឈឺកផងដែរ។
៤. ប្រើបន្ទះកម្ដៅ
បន្ទះកម្ដៅអាចជួយមិនឲ្យតឹងច្រមុះ។ យើងអាចយកកន្សែងទៅត្រាំនឹងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញ និងបត់កន្សែង បន្ទាប់ពីនេះយកដាក់ពីលើច្រមុះ និងថ្ងាស។ កម្ដៅពីកន្សែងអាចផ្តល់បន្ថយការឈឺចាប់ និងបន្ថយការរលាកក្នុងរន្ធច្រមុះ។ យើងអាចធ្វើបែបនេះញឹកញាប់បានបើចាំបាច់។
៥. គេងក្បាលឲ្យខ្ពស់
អ្នកមានអាការៈតឹងច្រមុះអាចនឹងមានអាការៈកាន់តែធ្ងន់ធ្ងរពេលយប់ដោយយើងពិបាកក្នុងការដកដង្ហើមពេលគេង និងពិបាកក្នុងការគេង។ យើងអាចប្រើខ្នើយបន្ថែមមួយទៀតពេលគេងដើម្បីជួយបង្ហូរសារធាតុរាវចេញពីផ្លូវដង្ហើម។
[embed-health-tool-bmi]