ការមានកូនដំបូងនៅអាយុច្រើន គឺពិតជារឿងដែលគួរឲ្យបារម្ភមួយចំពោះស្រីៗយើង។ ជាក់ស្ដែង ចំនួនស៊ុតនឹងត្រូវថយចុះ នៅពេលដែលយើងមានវ័យកាន់តែច្រើន ហើយការមានកូននៅអាយុលើសពី៣៥ឆ្នាំ នឹងបង្កជាហានិភ័យសុខភាពមួយចំនួន ដូចជាសម្ពាធឈាមខ្ពស់ ឬទឹកនោមផ្អែមចំពោះម៉ាក់ៗ និងជំងឺ Down Syndrome ដែលកើតឡើងលើកូន។ យ៉ាងណាមិញ យោងតាមការសិក្សាមួយចំនួនបានបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលថា ការមានកូននៅវ័យចំណាស់ ក៏មានអត្ថប្រយោជន៍ជាច្រើនដល់ម៉ាក់ៗនិងកូនផងដែរ។
១. បង្កើនថាមពលខួរក្បាល
ម៉ាក់ៗដែលមានកូននៅអាយុច្រើន មិនសូវជួបប្រទះនឹងបញ្ហាស្រ្តេសនោះទេ ហើយថែមទាំងមានចំណេះដឹងច្រើន ក៏ដូចជាមានចិត្តគំនិតជ្រៅជ្រះផងដែរ។ ដូចគ្នាដែរ ចំពោះស្រីៗដែលមានកូនដំបូងក្រោយអាយុ២៤ឆ្នាំ មានសមត្ថភាពដោះស្រាយបញ្ហាបានល្អជាងស្រីៗដែលមានកូនដំបូងមុនអាយុ២៤ឆ្នាំទៅទៀត។
២. កូនមានហានិភ័យរងរបួសទាប
ពិតណាស់ មិនថាម៉ាក់ៗស្ថិតក្នុងវ័យណានោះទេ តែងតែព្យាយាមការពារកូនឲ្យអស់ពីសមត្ថភាព។ ប៉ុន្តែ តាមការសិក្សាមួយចំនួនបានបង្ហាញថា ហានិភ័យរបស់កូនដែលរងរបួសដោយអចេតនា និងត្រូវការការព្យាបាលនៅមន្ទីរពេទ្យមានការថយចុះ នៅពេលដែលម៉ាក់ៗមានវ័យកាន់តែច្រើន។
៣. ត្រៀមចិត្តបានល្អ
ភាពចាស់ទុំ ធ្វើឲ្យម៉ាក់ៗបំពេញតួនាទីបានយ៉ាងល្អ។ ជាពិសេស ម៉ាក់ៗមិនសូវស្ដីបន្ទោស ឬវាយដំកូនៗឡើយ។ ដូច្នេះហើយ កូនៗដែលមានម៉ាក់អាយុច្រើន តែងតែមានអាកប្បកិរិយា និងទំនាក់ទំនងល្អក្នុងសង្គម ក៏ដូចជាមានសុខភាពផ្លូវចិត្តល្អប្រសើរជាងកូនដែលមានអ្នកម៉ាក់វ័យក្មេង។
៤. កូនយល់ដឹងផ្នែកបច្ចេកវិទ្យា និងមានចំណេះដឹងខ្ពស់
នៅពេលដែលម៉ាក់ៗពន្យារពេលក្នុងការមានកូនកាន់តែយូរនោះ កូនដែលកើតមកនឹងមានការយល់ដឹងអំពីបច្ចេកវិទ្យាកាន់តែជឿនលឿន។ ជាមួយគ្នានេះដែរ កូនៗដែលមានប៉ាម៉ាក់អាយុច្រើន តែងតែទទួលបានការអភិវឌ្ឍផ្នែកអប់រំ បច្ចេកវិទ្យា និងសង្គមបានយ៉ាងល្អ។ យោងតាមការសិក្សាមួយបានសម្គាល់ឃើញថា ក្មេងៗដែលមានប៉ាម៉ាក់វ័យចំណាស់ ច្រើនតែមានសុខភាពល្អ និងមានការអប់រំខ្ពស់។
៥. មានស្ថិរភាពផ្នែកហិរញ្ញវត្ថុ
ជាទូទៅ ចំពោះម៉ាក់ៗអាយុច្រើន អាចបញ្ចប់ការសិក្សាថ្នាក់ខ្ពស់ ព្រមទាំងមានឱកាសអភិវឌ្ឍការងារប្រកបដោយសមត្ថភាពផងដែរ។ ដូចនេះ ម៉ាក់ៗច្រើនតែមានប្រាក់បៀវត្សរ៍ច្រើនជាងម៉ាក់ៗដែលមានកូនមុនពេលបង្កើតអាជីពផ្ទាល់ខ្លួន។
៦. អាយុវែង
មនុស្សមួយចំនួនតែងគិតថា ការមានកូននៅអាយុច្រើន នឹងធ្វើឲ្យយើងពុំមានថាមពលគ្រប់គ្រាន់ក្នុងការមើលថែកូន ព្រមទាំងមិនអាចចូលរួមនៅក្នុងកម្មវិធីសំខាន់ៗរបស់ពួកគេ ដូចជាមង្គលការ ឬចាំរហូតដល់ពួកគេមានកូនបានឡើយ។ ប៉ុន្តែ អ្វីដែលយើងគិតទាំងអស់នោះ គឺមិនត្រឹមត្រូវឡើយ។ ជាក់ស្ដែង យោងតាមការសិក្សាមួយបានបង្ហាញថា មនុស្សស្រីដែលមានកូនក្រោយអាយុ៣៣ឆ្នាំ អាចមានឱកាសរស់បានយូររហូតដល់ទៅអាយុ៩៥ឆ្នាំ បើប្រៀបធៀបទៅនឹងម៉ាក់ៗដែលមានកូនពៅនៅអាយុ៣០ឆ្នាំ។
[embed-health-tool-pregnancy-weight-gain]