ចំពោះស្ត្រីមានផ្ទៃពោះការដែលបានចាក់វ៉ាក់សាំងតេតាណូសពិតជាការពារខ្លួនបានយ៉ាងខ្ជាប់ខ្ជួន។ តើការពារបានអ្វីខ្លះ? ហើយវ៉ាក់សាំងតេតាណូសនេះ សំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះបែបណាទៅ?
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជំងឺតេតាណូសត្រូវបានបង្កឡើងដោយការឆ្លងពពួកបាក់តេរីឈ្មោះ Clostridium tetani ហើយបាក់តេរីនោះ អាចចូលក្នុងខ្លួនយើងបានតាមរយៈរបួស ឬស្បែកដែលរយះដោយគ្រឿងដែកទោះជាដែកនោះគ្មានច្រែះ ឬមាន ដី ទឹកមាត់ សំភារៈវិជ្ជសាស្រ្តដែលមិនបានសំលាប់មេរោគបានត្រឹមត្រូវ និងវត្ថុផ្សេងៗទៀតដែលបង្កឲ្យឆ្លង ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានបន្តទៀតថា ដូចនេះវ៉ាក់សាំងតេតាណូសជួយការពារស្ត្រី នៅពេលសម្រាលកូនអាចជួបប្រទះការបង្ករោគ ដូចជាមេរោគតេតាណូសចូល អ៊ីចឹងអាចឲ្យស្ត្រីបង្ការជំងឺនេះបាន។
លោកបន្តទៀតថា ស្ត្រីក្នុងវ័យបន្តពូជ ចាប់ពីអាយុ ១៥-៤៥ឆ្នាំ ត្រូវចាក់ឲ្យបាន ៥ ដង ទើបគ្រប់ចំនួនដូស។ ក្នុងពេលថ្មីៗនេះដែរ កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំឲ្យផ្លាស់ប្ដូរប្រភេទវ៉ាក់សាំងតេតាណូសប្រភេទថ្មី គឺវ៉ាក់សាំងតេតាណូស-ខាន់ស្លាក់ (Td Vaccine) ដែលចាក់សម្រាប់អ្នកមានផ្ទៃពោះចាប់ពីលើកទី១ ក្រោយដឹងថាមានផ្ទៃពោះ
– លើកទី២៖ យ៉ាងតិច ១ខែ ក្រោយចាក់លើកទី១
– លើកទី៣៖ ពេលមានផ្ទៃពោះលើកក្រោយ
– លើកទី៤៖ ពេលមានផ្ទៃពោះលើកក្រោយ
– លើកទី៥៖ ពេលមានផ្ទៃពោះលើកក្រោយ
ទោះជាយ៉ាងណា ប្រសិនបើមិនប្រាកដថា តើយើងបានចាក់ប៉ុន្មានដងនោះទេ ពេលមានផ្ទៃពោះ គ្រូពេទ្យនឹងចាក់វ៉ាក់សាំងតេតាណូសនេះមួយម្ជុលទៀត ដើម្បីរម្លឹក ហើយពេលមានរបួសណាមួយពេលក្រោយ មិនចាំបាច់ចាក់នោះទេ។ យ៉ាងណាមិញការដែលកើតជំងឺតេតាណូសហើយ គឺមិនមានថ្នាំព្យាបាលឲ្យជាឡើយ ដូច្នេះការចាក់វ៉ាក់សាំងជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការខ្លួយើងពីជំងឺមួយនោះ។
[embed-health-tool-due-date]