backup og meta

មេជីវិតញី និងឈ្មោល ជួបគ្នាដោយវិធីណា?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ CHIN Ven · កែ Mar 25, 2021

    មេជីវិតញី និងឈ្មោល ជួបគ្នាដោយវិធីណា?

    គ្នា​យើង​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់​អ្វី​ គឺ​មេជីវិតញី អ្វីមេជីវិត​ឈ្មោល ហើយ​បើ​មេជីវិត​ទាំង​ពីរ​ជួប​គ្នា ច្បាស់​ជា​មាន​ការ​បង្ក​កំណើត​មិន​ខាន។ ប៉ុន្តែ​មាន​ភាគ​តិច​ណាស់ ដឹង​ច្បាស់​ថា តើ​មេជីវិតញី និង​មេជីវិត​ឈ្មោលជួប​គ្នា​​ដោយ​របៀប​ណា? ពេល​ណា​ទើប​ជួប​គ្នា? ចុះ​បង្ក​កំណើត​ជា​ទារក​ម៉េច​វិញ? សម្រាប់​ចម្ងល់​ទាំង​នេះ “Hello គ្រូពេទ្យ’ នឹង​បក​ស្រាយ​ខ្លះ​ៗ​ក្នុង​អត្ថបទ​ខាង​ក្រោម។ ​

    ១- អ្វី​ជា​ការ​បង្ក​កំណើត?

    ការ​បង្ក​កំណើត​ សំដៅ​នៅ​​ពេល​មេ​ជីវិត​ញី​ និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា ដោយ​មេ​ជីវិត​ទាំង​ពីរ ​ត្រូវការ​ពេល​ពី ៤៥​នាទី​ ទៅ ១២ម៉ោង​ ដើម្បី​ឲ្យ​​មេ​ជីវិត​ឈ្មោល​អាច​ហែល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទីកន្លែង​បង្ក​កំណើត​​គភ៌​ក្នុង​ផ្ទៃ​ស្រីៗ​នេះ​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ជីវិត​ឈ្មោល​ អាច​រស់​នៅ​ក្នុង​រាង​កាយ​ស្រីៗ យូរ​បំផុត​ដល់​ទៅ​ ៧​ ថ្ងៃ។ ដូច​នេះ​ហើយ ការ​បង្ក​កំណើត ​អាច​កើត​មានគ្រប់​ពេល​អំឡុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​រួម​ភេទ​រួច ​បើ​ខាង​ស្រី​មាន​ធ្លាក់​មេ​ជីវិត​ញីអំឡុង​ពេល​នេះ។

    មេជីវិតញី

    ២- មេជីវិត​ញី​ទុំជ្រុះដោយ​របៀប​ណា?

    ចំពោះ​ស្រីៗ លទ្ធភាព​មាន​កូន ​គឺ​ចាប់​ផ្ដើមចេញ​ពី​​ក្រពេញ​អូវែ ដោយ​ក្រពេញ​នេះ​មាន​ពីរ ខណៈ​ក្រពេញ​នីមួយៗ​ភ្ជាប់​ទៅ​នឹង​ស្បូន។ ក្រពេញ​ទាំង​នេះ​ ពោរ​ពេញ​ទៅ​ដោយ​ស៊ុត តាំង​ពី​ពេលស្រីៗ​កំពុង​នៅ​ក្នុង​ពោះម៉ាក់ៗ​យើង​មក​ម្ល៉េះ។ គ្រប់​ក្មេង​ស្រីៗកើតមក គឺ​មាន​ពង​មេ​ជីវិត​ញី​ពី ១-២ ​លាន​ពង ស្ថិត​​ក្នុង​ក្រពេញ​អូវែ។ ពង​មេជីវិត​ចាប់​ផ្ដើម​ងាប់​ភ្លាម​ៗ ហើយ​ពង​នៅ​សល់ នឹង​ចាប់​ផ្ដើម​បន្ថយ​ចំនួន​នៅ​ពេល​ ​ស្រីៗ​ចាប់​ផ្តើម​ចាស់​ទៅ។ ជា​ធម្មតា ​ស្រីៗ​អាច​បញ្ចេញ​ពង​មេ​ជីវិត​ញី​ប្រហែល​ ៤០០​ពង ​នៅ​អំឡុង​ឆ្នាំ​អាច​បង្ក​កំណើត​បាន ​គឺនៅ​ឆ្នាំ​ទី​ដំបូងដែល​យើងចាប់​ផ្តើម​មក​រដូវ និង​ទៅ​ដល់​ឆ្នាំ​ចុងក្រោយ​បង្អស់​មុន​ពេល​វ័យ​អស់​រដូវមក​ដល់ (Menopause)។

    រាល់​ពេល​​មក​រដូវ​ម្ដង​ៗ បន្ទាប់​ពី​មក​រដូវ​ចប់ ពង​មេជីវិត​ញី​ពី ១-៣ ​ពង នឹង​ទុំ​ក្នុង​ក្រពេញ​អូវែ​ណា​មួយ ហើយ​ពង​ទុំ​ជាង​គេ នឹង​ធ្លាក់​ចេញ​មក ដែល​ដំណើរ​ការ​នេះ​ហៅ​ថា ការ​ធ្លាក់​មេ​ជីវិត​ញី (Ovulation)។ ​ពង​មេ​ជីវិត​ញីទុំ​ជ្រុះ​នេះ​ នឹង​ស្រូប​ឡើង​ដោយ​បំពង់រាង​ដូច​ផ្កា​ទូលីប ​នៅ​ជិត​ដៃ​ស្បូន ដោយ​​បំពង់​ដៃ​ស្បូននេះ​មាន​ទាំង​អស់​​ពីរ​ ប្រវែង ១០​សង់ទីម៉ែត្រ ​ភ្ជាប់​ក្រពេញ​អូវែ​ និង​ស្បូន។ ការ​ធ្លាក់​មេជីវិត​ញី (Ovulation) គឺ​ជា​ពេល​ពិសេស​មួយ មុន​នឹង​ពេល​មក​រដូវ​ម្ដង​ទៀត (ប្រហែល ១២-​១៤​ ថ្ងៃ មុន​រដូវ​បន្ទាប់​មក​ដល់)។ ពេល​វេលា​ធ្លាក់​មេជីវិត​ញីពិត​ប្រាកដ​ គឺ​អាស្រ័យ​លើ​រយៈពេលស្រីៗ​មក​រដូវ ហើយ​ពេល​មក​រដូវ មាន​អ័រម៉ូន ២-៣ ​ប្រភេទ​ខុស​ៗគ្នា​ ធ្វើ​ការ​រួម​គ្នា​ដើម្បី​កំណត់ ​ពេល​មក​រដូវ ពេល​ពង​មេជីវិត​ញី​ទុំ​ជ្រុះ និង​ពេល​ធ្លាក់​មេ​ជីវិត​ញី។

    ពង​មេ​ជីវិត​ញី ជា​មធ្យម​អាច​រស់​បាន​រយៈពេល​ ២៤​ម៉ោង បន្ទាប់​ពីទុំ​ជ្រុះ ហើយ​រយៈ​ពេល​ ២៤​ ម៉ោង​នេះ គឺ​សំខាន់​ណាស់​ដើម្បី​បង្ក​កំណើត ដោយ​ចាំ​បាច់​ត្រូវ​បាន​ជួប​ជា​មួយ​មេជីវិត​ឈ្មោល​ ទើបការ​បង្ក​កំណើតអាច​ដំណើរ​ការ​ទៅ​បាន​។ ​បើ​ពង​មេ​ជីវិត​ញី អាច​ជួប​ជាមួយ​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​ នៅ​តាម​ផ្លូវ​មក​កាន់​ស្បូន​នោះ របត់​នៃ​ការ​បង្កើត​ជីវិត​ថ្មី​មួយ​ នឹង​កើត​ឡើងភ្លាម។ តែ​​បើ​មិន​ដូច​នោះ​ទេ ពង​ទុំធ្លាក់​មក​នោះ ​ពេល​មក​ដល់​ស្បូន ​វា​នឹង​រលាយ​បាត់ដោយ​ឯក​ឯង។ បើ​យើង​​មិន​បាន​បង្ក​កំណើត​ទេ ក្រពេញ​អូវែ​ នឹង​ឈប់​បញ្ចេញ​អ័រម៉ូនអឺ​ស្ត្រូសែន និង​ប្រូហ្គេស្តេរ៉ូន ដែល​អ័រម៉ូន​ទាំង​ពីរ​នេះ​ មាន​នាទី​​ជួយ​ការពារ​ការ​​ពពោះ។ ពេល​អ័រម៉ូន​ទាំង​នេះ​ថយ​ចុះ ស្រទាប់​ស្បូន​ក្រាស់ ​នឹង​បញ្ចេញ​មក​តាម​ឈាម​រដូវ ហើយ​ពង​មិន​ទាន់​បង្ក​កំណើត​ នឹង​ដាច់​ចុះ​មក​បន្ត​ទៀត។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- មេ​ជីវិត​ឈ្មោល​កើត​ឡើង​ដោយ​របៀប​ណា?

    ខណៈ​ពេល​ស្រីៗ​ចូល​ដល់​វ័យ​មក​រដូវ​ មក​ទៀង​ទាត់​ជា​រៀងរាល់​ខែ​ ខាង​ប្រុសៗឯណេះ​​វិញ ​ក៏​ប្រញាប់​ប្រញាល់​​បង្កើត​មេ​ជីវិត​ឈ្មោល ​រាប់​លាន​ផង​ដែរ។ មេ​ជីវិត​ឈ្មោល​ជាមធ្យម​ រស់នៅ​ក្នុង​រាង​កាយ​ប្រុសៗ​បាន​តែ ​២​-៣ សប្តាហ៍​ប៉ុណ្ណោះ​។ ហើយ​យ៉ាង​ហោច​ណាស់​ មេ​ជីវិត​ឈ្មោល​ប្រមាណ ៤០លាន ​ត្រូវ​បាន​បញ្ចេញ​តាម​រយៈ​ការ​បាញ់​ទឹកកាម​ម្ដងៗ មាន​ន័យ​ថា​ប្រុសៗ​ ត្រូវ​បង្កើត​កោសិកា​មេ​ជីវិត​ឈ្មោល​យ៉ាង​ទៀងទាត់​ក្នុង​ជីវិត​ពេញ​វ័យ​ ហើយ​អាច​ត្រូវការ​ពេល​ចន្លោះ​ ២-​៣ ខែ​ក្នុង​ដំណើរ​ការ​ផលិត​ថ្មី។ អ័រម៉ូន​តេស្តូស្តេរ៉ូន ​មាន​នាទី​ផលិត​មេ​ជីវិត​ឈ្មោល ​ដែល​ដំណើរ​ការ​ផលិត​ចាប់ផ្ដើម​នៅ​ក្នុង​ពងស្វាស។ ថ្វី​បើ​ចំនួន​មេ​ជីវិត​ឈ្មោល​ មាន​ដល់​ទៅ​រាប់​លាន​ក៏ដោយ​ ក្នុង​ពេល​បាញ់​ទឹក​កាម​ម្ដងៗ ​គឺ​មេ​ជីវិត​ឈ្មោល​តែ​មួយ​គត់​ ដែល​អាច​បង្ក​កំណើត​ជាមួយមេជីវិត​ញី​​បាន។ ភេទទារក​ ​អាស្រ័យ​លើ​ប្រភេទ​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​ចាប់​ពង​បាន​មុនគេ​។ បើ​មេ​ជីវិត​ឈ្មោល​មាន​ក្រូម៉ូសូម​ Y​ នឹង​ផ្ដល់​កំណើត​កូន​ប្រុស​ ផ្ទុយ​មក​វិញ​បើ​មេ​ជីវិត​ឈ្មោល​មាន​ក្រូម៉ូសូម ​X​ វា​នឹង​បង្កើត​បាន​កូន​ស្រី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ CHIN Ven · កែ Mar 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម