ដោយសារយុវជន ជាពិសេសក្មេងស្រី អាយុពី ១៣-១៩ឆ្នាំ ឆាប់ពពោះ និងមានកូនទាំងវ័យក្មេង រដ្ឋាភិបាលថៃ បានដាក់គោលដៅកាត់បន្ថយអត្រាបង្កកំណើតលើក្រុមយុវជនវ័យនេះ។
ក្រសួងអភិវឌ្ឍសង្គម និងសន្ដិសុខមនុស្សរបស់ថៃ បានដាក់គោលដៅកាត់បន្ថយអត្រាបង្កកំណើតពី ៣៩,៥/១.០០០នាក់ មកនៅត្រឹម ២៥/១.០០០នាក់ នៅត្រឹមឆ្នាំ២០២៦ ខាងមុខ។ លោករដ្ឋមន្រ្តី Chuti Krairiksh បញ្ជាក់ថា ការពពោះដោយឥតគ្រោងទុកក្នុងចំណោមយុវជន បានកើនឡើង រួមជាមួយបម្រែបម្រួលសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា បានផ្លាស់ប្ដូរយ៉ាងលឿងផងដែរ។
លោកបញ្ជាក់ថា នៅពេលក្មេងស្រី ពពោះទាំងនៅក្មេង វាមិនត្រឹមតែប៉ះពាល់ពួកគេប៉ុណ្ណោះទេ វាប៉ះពាល់ដល់សង្គមយ៉ាងខ្លាំងផងដែរ។
លោករដ្ឋមន្រ្តីបន្ថែមថា ក្មេងស្រីពពោះទាំងនៅក្មេង អាចជួបទាំងបញ្ហាផ្លូវកាយ និងផ្លូវចិត្ត និងបង្កបញ្ហាដល់សង្គម ដូចជា បោះបង់ការសិក្សា រំលូតកូនដោយខុសច្បាប់ ឆ្លងជំងឺកាមរោគ លែងលះ និងមានជីវភាពគ្រួសារលំបាក។ លោកថា ក្មេងៗភាគច្រើន ទាក់ទងគ្នាតាមរយៈអនឡាញ ដែលនេះប្រហែលបណ្ដាលឲ្យពួកគេ ទទួលព័ត៌មាន និងដំបូន្មានមិនត្រឹមត្រូវ អំពីសុខភាពផ្លូវភេទ។
លោកស្នើគ្រួសារ សាលារៀន និងភ្នាក់ងារសុខាភិបាល ជួយធ្វើជាប្រភពនៃការប្រឹក្សាយោបល់ជាមួយក្មេងស្រី។ ដោយឡែក ម្ដាយឪពុក គួរជជែកដោយបើកចំហអំពីបញ្ហាផ្លូវភេទ ជាមួយកូនៗ ដើម្បីបំពាក់ចំណេះដឹងត្រឹមត្រូវឲ្យពួកគេ។
មន្រ្តីជាន់ខ្ពស់ នៃក្រសួងដដែលនេះ បញ្ជាក់ថា ដំណោះស្រាយនៃបញ្ហាពពោះទាំងវ័យក្មេងនេះ គឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសុខភាព និងសុខុមាលភាពល្អ របស់អង្គការសហប្រជាជាតិ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]