អំឡុងពេលពពោះនៅត្រីមាសទី ១ អាចជាពេលវេលាពិបាកបំផុតសម្រាប់ស្រីៗ ព្រោះជាអំឡុងពេលចាញ់គភ៌ខ្លាំងបំផុតកើតលើគ្នាយើងភាគច្រើន ខ្លះធ្វើឲ្យបាយមិននឹក ទឹកមិនស្រេក ហើយបើភ្នែកភ្លាមរកតែក្អួត ស្របពេលមួយចំនួនតូច បែរជាញ៉ាំបាននោះបាន ឡើងគីឡូស្រឺតៗម៉ង ហើយខ្លះទៀត ញ៉ាំបាន បែរជាខំតមខ្លាចនេះខ្លាចនោះ។ “Hello គ្រូពេទ្យ’ ពេលនេះ នឹងបញ្ជាក់លម្អិតពាក់ព័ន្ធរបបអាហារ និងការតមអាហារអំឡុងពេលពពោះ ៣ ខែដំបូង។
យោងតាមការសិក្សាមួយចំនួនរបស់សាកលវិទ្យាល័យ កូឡុំបៀ រកឃើញថា ស្រីៗមានផ្ទៃពោះដែលតមអាហារ ពេលកូនកើតមកមានរូបរាងតូចល្អិត ឬកើតមកមានទម្ងន់តិចជាងធម្មតា។ អូនៗតូចល្អិតនឹងប្រឈមផលវិបាក នៅពេលធំឡើង ពិសេសការរៀនសូត្រតែម្តង។ ហេតុនេះ តមអាហារអំឡុងពេលត្រីមាសដំបូង មិនត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើនោះឡើយ។
១- តម្រូវការអាហារូបត្ថម្ភអំឡុងពេលពពោះដំបូង
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ កូឡុំបៀ រកឃើញថា នៅពេលស្រីៗមានផ្ទៃពោះ តមអាហារ ជាធម្មតាកូនកើតមកមិនគ្រប់គីឡូ។ ម៉ាក់ៗតមអាហារកាន់តែយូរ ធ្វើឲ្យទម្ងន់អូនៗកាន់តែតិច អាចបង្កគ្រោះថ្នាក់ដល់សុខភាពអូនៗទៀតផង។
នៅត្រីមាសទី១ ពោលចាប់ពីសប្តាហ៍ ១-១២ ស្រីៗមានគភ៌ នឹងមានរោគសញ្ញាមិនស្រួលខ្លួនមួយចំនួន ពិសេសអាការៈចាញ់កូន ដូចជា ចង្អោរ ក្អួត ខ្សោយ វិលមុខ ដោយសារតែបម្រែបម្រួលអ័រម៉ូន តម្រូវឲ្យយើងត្រូវសម្របខ្លួនឲ្យបាន។ អាការៈក្អួត ឬចង្អោរខ្លាំង នៅត្រីមាសដំបូង អាចនាំម៉ាក់ៗខ្សោះជាតិទឹក ហេតុនេះការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ គឺចាំបាច់បំផុតសម្រាប់ការលូតលាស់របស់គភ៌ក្នុងផ្ទៃ និងការចាប់ផ្តើមប្រែប្រួលលើរូបរាងម៉ាក់ៗផ្ទាល់។ តមអាហារ អាចនាំឲ្យមានខ្សោះជាតិទឹក និងកង្វះជីវជាតិក្នុងរាងកាយ។
២ – ពិគ្រោះជាមួយពេទ្យមុនសម្រេចចិត្តតមអាហារ
តម្រូវការអាហារូបត្ថម្ភសម្រាប់ស្រីៗមានផ្ទៃពោះ គឺខុសៗគ្នា ហើយមុនតមអាហារ យើងត្រូវពិនិត្យជាមួយគ្រូពេទ្យពីស្ថានភាពសុខភាពទាំងម៉ាក់ និងគភ៌ក្នុងផ្ទៃជាមុន ថាតើខ្លួនយើងអាចតមបានអត់? ព្រោះការតមអាហារ គឺអាស្រ័យទៅតាមស្ថានភាពសុខភាពយើង និងកូនផ្ទាល់។
ពេលពេទ្យអនុញ្ញាតឲ្យយើងតមអាហារ យើងត្រូវយកចិត្តទុកដាក់លើអាហារូបត្ថម្ភយើងញ៉ាំ និងអាហារណាជួយយើងមានសុខភាពល្អ។ ឯកសារខ្លះ លើកឡើងថា វិធីតមអាហារមានសុវត្ថិភាពបំផុត គឺនៅពេលភគ៌មានអាយុ ៤-៧ ខែ បើគភ៌អាយុតិចជាង ៤ ខែ នឹងមានហានិភ័យរលូតកូន។
នៅពេលគភ៌អាយុច្រើនជាង ៧ ខែ ម៉ាក់តែងមានអារម្មណ៍អស់កម្លាំង និងត្រូវការអាហារច្រើន។ កង្វះសារធាតុរាវ ឬខ្វះជាតិទឹក អាចបណ្តាលឲ្យស្បូនកន្ត្រាក់ ដូច្នេះបើយើងតមអាហារក្នុងអំឡុងពេលពពោះ បើមានអារម្មណ៍ថាកន្ត្រាក់ស្បូន ឬខ្សោះជាតិទឹក គួរឈប់តមភ្លាម ហើយឆាប់ទៅជួបគ្រូពេទ្យ។
អត្ថបទពាក់ព័ន្ធ៖
- ខែក្តៅខ្លាំងបែបនេះ បើពពោះ កុំឲ្យខ្វះជាតិទឹកឲ្យសោះ ព្រោះប៉ះពាល់គភ៌
- ទម្ងន់ស្តង់ដារកូន ២ គីឡូកន្លះ ចុះបើភ្លោះត្រូវគុណទ្វេដងមែន?
៣- វិធីសាស្ត្រតមអាហារពេលពពោះនៅត្រីមាសដំបូង
– ត្រូវយកចិត្តទុកដាក់លើតម្រូវការអាហារូបត្ថម្ភ ហើយរាល់អាហារញ៉ាំទាំងអស់អំឡុងពេលកំពុងតម ត្រូវមានកាបូអ៊ីដ្រាត ៥០% ប្រូតេអ៊ីន ២៥% ខ្លាញ់ល្អ ១០-១៥ ភាគរយ ក៏ដូចជាវីតាមីន និងសារធាតុរ៉ែ។
– យកចិត្តទុកដាក់លើការឡើងទម្ងន់ អំឡុងពេលតមអាហារ និងត្រូវរក្សាទម្ងន់ ក៏ដូចជាពិគ្រោះជាមួយពេទ្យតាមកាលណាត់។
– ត្រួតពិនិត្យឲ្យបានទៀងទាត់ ដើម្បីឲ្យដឹងថា តើគភ៌រអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរអាហារូបត្ថម្ភយើងកំពុងតមអំឡុងពេលពពោះបាន ឬយ៉ាងណា។
– សម្រាកឲ្យបានច្រើន កុំឲ្យតានតឹងអារម្មណ៍ពេក ព្រោះស្ត្រេសអាចបង្កបញ្ហាដល់សុខភាពយើង។
– ឈប់តមភ្លាម បើសុខភាពយើងលេចចេញរោគសញ្ញាមិនល្អ ដូចជា ចង្អោរ វិលមុខ អស់កម្លាំងខ្លាំង និងរោគសញ្ញាផ្សេងទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]