មានការប្រែប្រួលជាច្រើនក្នុងខ្លួន ពេលមានផ្ទៃពោះ។ ប្រែប្រួលលើការបន្ទោបង់ ជាការប្រែប្រួលមួយក្នុងចំណោមនោះ។ ម៉ាក់អាចពិបាកទ្រាំ ពេលត្រូវទៅបន្ទប់ទឹកញឹកពេក ទោះពេលកំពុងរវល់ ឬយប់អធ្រាត្រ។
ម៉េចបានពោះធំនោមញឹក? អាចមានរោគសញ្ញា ឬប៉ះពាល់អីដល់កូនអត់? ហើយព្យាបាលយ៉ាងម៉េច? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
១- ម៉េចបាននោមញឹកពេលពោះធំ?
នោមញឹក មកពីការកើនឡើងអ័រម៉ូន ប្រូចេសស្តេរ៉ូន (Progesterone) និងយូមេន ក្រូនិក ហ្គូណាដូត្រូពីន (Human chorionic gonadotropin)។ ត្រីមាសទី២ ពោះចាប់ផ្ដើមធ្លាក់ ហើយស្បូន ក៏ខ្ពស់ជាងមុន (រីកធំ) ដែលបន្ថែមសម្ពាធក្នុងប្លោកនោម។
ពេលមានផ្ទៃពោះ រាងកាយចាប់ផ្តើមឡើងជាតិទឹក ហើយកម្រិតទឹកនោម ក៏ឡើងតាមហ្នឹងដែរ។ ពេលកូនចាប់ផ្ដើមលូតលាស់កាន់តែធំ ប្លោកនោមកាន់តែរងសម្ពាធបន្ថែម ធ្វើឲ្យនោមញឹក។
២- រោគសញ្ញាមានអីខ្លះ?
យ៉ាងណាក៏ដោយ ទឹកនោមដែលបានបញ្ចេញមានតិចតួចប៉ុណ្ណោះ ឬសឹងតែគ្មានផង។ ពេលមានគភ៌ ស្ត្រីខ្លះមានបទពិសោធលេចនោម ពេលក្អក ហាត់ប្រាណ សើច ឬកណ្ដាស់។
៣- ធ្វើរោគវិនិច្ឆ័យយ៉ាងម៉េច?
នោមញឹក និងបន្ទាន់ អាចធ្វើរោគវិនិច្ឆ័យតាមរោគសញ្ញា។ បើអាច ត្រូវធ្វើតេស្តមួយចំនួន៖
– វិភាគទឹកនោម ដើម្បីតាមដានមើលបាក់តេរីក្នុងទឹកនោម
– អេកូ (Ultrasound) អាចកំណត់ភាពមិនប្រក្រតី ប្លោកនោម ក្រលៀន ឬទ្វារនោម
– តេស្តសម្ពាធលើប្លោកនោម ដើម្បីវាស់វែងថាតើយើងលេចនោមកម្រិតណាពេលក្អក ឬឱនចុះ
– Cystoscopy ពាក់ព័ន្ធនឹងការបញ្ចូលកាមេរ៉ាតូច ហើយស្រាលចូលក្នុងទ្វារនោម ដើម្បីពិនិត្យមើលប្លោក និងទ្វារនោម។
ពេលនោមដែលត្រូវបារម្ភ៖ ជំងឺរលាកបង្ហួរនោម (UTIs= Urinary tract infections) ការបង្ករោគដោយបាក់តេរី ដែលឃើញកើតមានញឹកញាប់លើស្ត្រីមានផ្ទៃពោះ។ បើមិនព្យាបាលត្រឹមត្រូវទេ វានឹងបង្ករោគទៅតម្រងនោម និងធ្វើឲ្យកូនកើតមុនកំណត់។
រោគសញ្ញានៃ UTIs រួមមាន៖
– ទឹកនោមមានពណ៌ក្រហម ផ្កាឈូក ឬស្រអាប់
– ទឹកនោមមានក្លិនឆ្អេះ ឬស្អុយ
– រលាកក្រហល់ក្រហាយ ឬឈឺចាប់ពេលនោម
ទៅពេទ្យភ្លាម បើមានរោគសញ្ញាទាំងនេះ។
៤- ព្យាបាលការនោមញឹក
លំហាត់ប្រាណបែប Kegel អាចជួយគ្រប់គ្រងលើប្លោកនោមប្រសើរបំផុត គួរអនុវត្តឱ្យបាន ៣ ដង/ថ្ងៃ។ ជំហានទាំងអស់រួមមាន៖
– បន្តឹងសាច់ដុំអាងត្រគាកដោយធ្វើសកម្មភាព ដូចជា ខ្ជឹប ឬបញ្ឈប់ទឹកនោម
– ធ្វើដូចនេះឱ្យបាន ១០ វិនាទី
– ប្រលែងសាច់ដុំដែលប្រឹងនេះមកវិញ
– ធ្វើវាដដែលៗប្រហែល ១៥ ដង ចាំឈប់។
កុំកាត់បន្ថយញ៉ាំទឹក ទោះមានអាការៈញោមញឹកក៏ដោយ ព្រោះទឹកសំខាន់សម្រាប់ម្ដាយ និងកូន។ ចំណាំខ្លួនឯងថាតើ នោមមួយថ្ងៃប៉ុន្មានដង ហើយម្ដងៗយូរអត់ ឬបរិមាណនោមតិច ឬច្រើន (ទុកប្រាប់ពេទ្យ ក្រែងពេទ្យសួរ)។ ទៅបន្ទប់ទឹក មុនពេលឈឺខ្លាំង ឬមុនពេលឈឺ ដើម្បីចៀសវាងលេចនោមដាក់ខោដោយមិនដឹងខ្លួន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]