ត្រួតពិនិត្យដោយ គឹម កាណែល
ហាត់ប្រាណពេលពពោះជារឿងល្អគួរធ្វើ។ សំខាន់ត្រង់ថា គួរហាត់របៀបម៉េច ទើបអត់ប៉ះពាល់កូន។ បើចង់មានកូន ស្រីៗយើងគួរបង្កើតទម្លាប់ហាត់ប្រាណ មុនយកកូន ព្រោះវាមានប្រយោជន៍ច្រើន។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖
១- ហាត់មុនមានផ្ទៃពោះ
បើទម្លាប់ហាត់ប្រាណមុនមានផ្ទៃពោះ ធ្វើឲ្យការពពោះមានសុវត្ថិភាព និងធ្វើឲ្យមានកម្លាំង ដើម្បីទ្រាំទ្រពេលប្រឹង និងបង្កើតកូនបានយ៉ាងល្អ ហើយម៉ាក់ៗនឹងស្រកទម្ងន់លឿន ពេលសម្រាលកូនរួច។ ចំពោះស្រីៗមានបញ្ហាអត់កូនដោយសារតែលើសទម្ងន់ ឬគីសដៃស្បូន (Polycystic ovarian syndrom= PCOS) ការហាត់ប្រាណអាចជួយបាន។
២- ដាក់ផែនការហាត់ភ្លាម
មនុស្សជាច្រើនជ្រើសរើសកម្មវិធីហាត់ប្រាណ បន្ទាប់ពីដឹងថាមានផ្ទៃពោះ។ ម៉ាក់ៗគួរដឹងថា សុខភាពម្ដាយមានទំនាក់ទំនងខ្លាំងទៅនឹងសុខភាពកូនក្នុងផ្ទៃ ដូចនេះចាប់ផ្ដើមកាន់តែលឿនកាន់តែប្រសើរ។ បើហាត់ប្រាណក្លាយជាទម្លាប់ យើងនឹងយល់ថា វាកាន់តែមានភាពងាយស្រួល ពេលពពោះ។
៣- គម្រោងសាកួរ
ផែនការដាក់ហើយ ការតាំងចិត្តមានហើយ តែមិនឈ្នះការរវល់សោះ ដូច្នេះត្រូវមានគម្រោងសាកួរ ត្រូវធ្វើម៉េចកុំឲ្យរំលងការហាត់។ វាសំខាន់ណាស់ ដើម្បីជំរុញឲ្យការហាត់ប្រាណបានជោគជ័យ។
៤- ហាត់ជួយសាច់ដុំខ្នង និងពោះ
ពេលកូនក្នុងផ្ទៃលូតលាស់ ពោះ និងសុដន់ម្ដាយកាន់តែរីកធំឡើងៗ ធ្វើឲ្យបង្កើនទម្ងន់ចំចំណុចកណ្ដាល ហើយចេះតែជំរុញទៅមុខ។ ជាលទ្ធផលផ្នែកផ្សេងៗតឹង ហើយរឹង។ ដូច្នេះ ការពង្រឹងសរសៃពួរពិតជាសំខាន់ណាស់។
យោងតាមអ្នកជំនាញ ស្រីៗដែលមានសាច់ដុំពោះរឹង និងសាច់ដុំខ្នងខ្លាំង មិនសូវចេះឈឺខ្នង ពេលមានផ្ទៃពោះឡើយ។ ហាត់សាច់ដុំជុំវិញក្បាលពោះ ធ្វើឲ្យយើងមានតុល្យភាពជំហរកាន់តែល្អ ដែលនេះពិតជាសំខាន់ចំពោះស្ត្រីមានផ្ទៃពោះ។
៥- កុំហាត់ដើម្បីស្រកគីឡូ
ហាត់នេះក្នុងគោលបំណងឲ្យសុខភាពម្ដាយ និងកូនរឹងមាំល្អ មិនមែនហាត់យកស្រកគីឡូទេ។ តុល្យភាពនៃការហាត់ប្រាណ និងរបបអាហារដែលមានជីវជាតិ វាចាំបាច់ណាស់ ព្រោះរាងកាយម៉ាក់ៗត្រូវការជីវជាតិគ្រប់គ្រាន់ ដើម្បីចិញ្ចឹមកូនក្នុងពោះ។ មានកូន ទម្ងន់ចាប់ផ្ដើមឡើង ចឹងហើយ មិនបាច់ឆ្ងល់ ហើយទៅហាត់សម្រកទេ។
៦- កុំហាត់ខ្លាំងៗ
បើចូលចិត្តហាត់ខ្លាំងៗ ត្រូវប្តូរ ព្រោះពេលនេះកំពុងមានកូនក្នុងផ្ទៃ កុំចេះតែមិនអី ហើយប្រថុយ ឬធ្វើតាមទម្លាប់ ព្រោះអាចប៉ះពាល់ដល់កូន។ ចាំសម្រាល ហើយកូនរឹងដៃជើង ចាំចាប់ផ្ដើមហាត់វិញ ក៏មិនហួសពេលដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល