backup og meta

ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 27, 2019

    ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ ទាំង​នេះ​គឺ​វិធី​ដោះស្រាយ

    រឿង​នេះ​មាន​តែ​ស្រីៗ ធ្លាប់​ពពោះ​ទេ ទើប​យល់​អារម្មណ៍​​ច្បាស់។ រាង​កាយកាន់​តែ​រីក ពោះ​កាន់​តែ​ធំ កំពុង​តែ​ពិបាក​បោះ​ដៃ​បោះ​ជើង​ផង ស្រាប់​តែ​ឧស្សាហ៍​រមួល​ក្រពើ​ទៀត ពិត​ជា​ពិបាក​មិន​តិច​ទេ។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​តិច​និក​ខ្លះ​ជួយ​គ្នា​យើង​ដោះ​ស្រាយ​បញ្ហា​រមួល​ក្រពើ​ពេល​ពពោះ។

    ១- រមួល​ក្រពើ​ពេល​ពពោះ

    ការ​រមួល​សាច់​ដុំ ឬ​ហៅ​ថា​រមួល​ក្រពើ តែង​កើត​ឡើង​ញឹកញាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ជា​ទូទៅ​ ច្រើន​កើត​លើ​សាច់​ដុំ​កំភួន​ជើង។ ស្រីៗ​រមែង​ជួប​បញ្ហា​នេះ​នៅ​សប្តាហ៍​ទី ២៤ និង ៣៦ នៃ​ការ​ពពោះ។ មូល​ហេតុ អាច​មក​ពី​ការ​ឡើង​ទម្ងន់ ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ទ្រ​ធ្ងន់​ជាង​មុន ឬ​ក៏​អាច​មក​ពី​ការ​ចាល់​ជាតិ​ទឹក​នៅជើង ​បង្ក​ឲ្យ​ហើម (Oedema)។ អាការៈ​ហើម​អំឡុង​ពេល​ពពោះ បណ្តាល​មក​ពី​សម្ពាធ​ស្បូន​រីក​ធំ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​ពី​ជើង​មក​បេះដូង​យឺត​ជាង​មុន។

    ស្រីៗ​អាច​ចាប់​ផ្តើម​ប្រទះ​អាការៈ​នេះ នៅ​ត្រីមាស​ទី ២ ហើយ​កាន់​តែ​ធ្ងន់​ទៅៗ ពេល​អូនៗ​ក្នុងពោះ​កាន់តែ​​ធ្ងន់ ស្បូន​កាន់​តែ​ធំ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់ភ្លៅ និង​សាច់​ដុំ​គូទ​ផង​ដែរ។ ទោះ​បី​ជា​ឧស្សាហ៍​កើត​ឡើង​មិន​រើស​ពេល​ក៏​ដោយ តែ​កើត​ច្រើន​ជាង​គេ នៅ​ពេល​យប់​ នាំ​ឲ្យ​រំខាន​ដល់​ដំណេក។

    ២- វិធី​ដោះ​ស្រាយ​ និង​បង្កា​បញ្ហា​រមួល​ក្រពើ​ពេល​ពពោះ

    មាន​វិធី​សាមញ្ញៗមួយ​ចំនួន អាច​ដោះ​ស្រាយ​អាការៈ​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ​បាន​ភ្លាមៗ ដូច​ជា៖

    – ចាប់​ផ្តើម​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង។ វិធីនេះ​ជួយ​សម្រាល​សាច់ដុំ​កំភួន​ជើង​ឲ្យ​ធូរ​ស្រាល​វិញ​បាន តែ​កុំ​ប្រឹង​ចង្អុល​ម្រាម​ជើង​ទៅ​មុខ ព្រោះ​នឹង​ធ្វើ​ឲ្យ​សាច់​ដុំ​កន្ទ្រាក់​ហើយ​កាន់​តែ​រមួល។ ត្រូវ​ចាំថា ​ដំបូង​អាច​ឈឺ​បន្តិច តែ​ពេល​ដែល​កន្លែង​រមួល​រលា​រួច យើង​លែង​ឈឺ​ដូច​គ្នា។

    – ​ម៉ាស្សា​កំភួន​ជើង​ថ្នមៗ

    – ប្រើ​កន្សែង ឬ​ដប​ទឹក​ក្តៅ​ឧណ្ហៗ​ស្អំ ឬ​លាប​ក្រែម​បន្ថយ​ការ​ឈឺ​ចាប់​ក៏​បាន

    – ដើរ​តិចៗ ២-៣ នាទី ដើម្បី​ឲ្យ​ចលនា​ឈាម​ដើរ​ល្អ​វិញ។

    ឧស្សាហ៍​រមួល​ក្រពើ​ពេល​ពពោះ

    អត្ថបទពាក់ព័ន្ធ៖

    ដើម្បី​បង្ការ​កុំឲ្យ​ឧស្សាហ៍​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ ស្រីៗ​គួរតែ៖

    – ចៀសវាង​អង្គុយ​គង​អន្ទាក់ខ្លា ឬ​ឈរ​ព័ន្ធ​ជើង​យូរ​ ដោយសារ​អាច​ធ្វើ​ឲ្យ​បង្អាក់​ចលនា​ឈាម។

    – ព្យាយាម​បត់​បែន​សាច់​ដុំ​កំភួន​ជើង​ឲ្យ​បាន​ទៀងទាត់ នៅ​ពេល​ថ្ងៃ និង​ឲ្យ​បាន​ញឹកញាប់​មុន​ពេល​គេង។

    – ពេល​ទំនេរ ឧស្សាហ៍​បង្វិល​កែង​ជើង និង​កម្រើក​ម្រាម​ជើង ដូច​ជា​ ពេល​អង្គុយ​ញ៉ាំ​បាយ មើល​ទូរទស្សន៍​ជា​ដើម។

    – ដើរ​ហាត់​ប្រាណ​រៀងរាល់​ថ្ងៃ ឬ​ហាត់​ប្រាណ​បែប​ផ្សេងទៀត​ឲ្យ​បាន​ទៀង​ទាត់ លើក​លែង​តែ​គ្រូពេទ្យ​ហាម​មិន​ឲ្យ​ធ្វើ។

    – គេង​ផ្អៀង​មក​ខាង​ឆ្វេង អាច​ជួយ​សម្រួល​ចលនា​ឈាម​រត់ទៅមក​នៅ​នឹង​ជើង​បាន​ល្អ។

    – ផឹក​ទឹក​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ផ្តល់​ជាតិទឹក​ដល់​សាច់ដុំ។

    – ងូត​ទឹក​ក្តៅ​មុន​ពេល​គេង ដើម្បីសម្រួល​សាច់ដុំ​ជើង។

    បើ​សិន​ជា​អ្នក​ចង់​ញ៉ាំ​អាហារ​បំប៉ន ដើម្បី​បង្ការ​អាការៈ​រមួល​ក្រពើ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន។ ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ បង្ហាញ​ថា​អាហារ​បំប៉ន​កាល់ស្យូម មិន​បាន​ជួយ​បន្ថយ​អាការៈ​រមួល​ក្រពើ​ជើង​ទេ។ តែបើ​រមួល​ក្រពើ ធ្វើ​ឲ្យរំខាន​ខ្លាំង​អំឡុង​ពេល​កំពុង​មាន​ផ្ទៃ​ពោះ វិធី​ល្អ​ជាង​គេ គឺ​ប្រើ​ពពួក​សារ​ជាតិ​បំប៉ន​ដូច​ជា Magnesium, Lactate ឬ Citrate។ អាហារ​បំប៉ន​មួយ​ទៀត ដូច​ជា សូដ្យូម អាច​ជួយ​សម្រាល​ការ​ឈឺចាប់​ស្រីៗ​មួយ​ចំនួន ប៉ុន្តែ​លទ្ធផល​មិន​ទាន់​ល្អ​ខ្លាំង​នៅ​ឡើយ។

    ទោះ​បី​អាការៈ​រមួល​ក្រពើ ជាទូទៅ​មិន​មែន​ជា​រឿង​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​បើ​គ្នា​យើង​មាន​សញ្ញា​រំខាន​ធ្ងន់​ធ្ងរ សូម​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់។ ករណី​ឈឺ​សាច់ដុំ​ជាប់ ក្តៅ ហើម ឡើង​ក្រហម និង​ងាយ​ឈឺ សុទ្ធ​តែ​អាច​ជា​សញ្ញា​មាន​ឈាម​កក។ ស្ថានភាព​នេះ​ទាមទារ​ការ​ព្យាបាល​ជា​បន្ទាន់ បើ​ទោះ​ជា​រឿង​កម្រ​ក៏​ដោយ ប៉ុន្តែ​ករណី​កើន​ឡើង​កំហាប់​ឈាម​ពេល​មាន​ផ្ទៃ​ពោះ ក៏​អាច​បង្ក​ឲ្យ​មាន​កំណក​ឈាម​ដូច​គ្នា។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 27, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម