backup og meta

១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ

១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ

តាំង​ពី​ដើម​រៀង​មក ចាស់ៗ​តែង​មាន​ត្រណម​ច្រើន​យ៉ាង​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ដើម្បី​រក្សា​គភ៌​ឲ្យ​នៅ​គង់ មាន​សុខភាព​ល្អ។ ក្នុង​ចំណោម​ត្រណម​ទាំង​នោះ មាន​មួយ​ចំនួន​គឺ​ជា​ទស្សនៈ​យល់​ខុស ប្រាសចាក​ពី​ផ្នែក​វេជ្ជសាស្ត្រ​ទៅ​វិញ។

១- មុជទឹកយប់ធ្វើឲ្យកូនថ្លោស?

ការ​​ដែល​ស្រីៗ​មាន​ពោះ​ពុង​មុជ​ទឹកពេល​យប់​មិនមែន​​ធ្វើ​កូន​ថ្លោស​នោះ​ទេ កូន​ថ្លោស​អាច​មក​ពី​របប​អាហារ​របស់​ម៉ាក់ៗ​ច្រើន​ជាង ដូចជា​ការ​ញុំា​បន្លែ ផ្លែឈើលើស​កម្រិត។ ការ​ពិតទៅ​ចាស់ៗ​ហាម​ស្រីៗ​​មាន​ផ្ទៃពោះ​មិន​ឲ្យ​ងូតទឹក​នៅ​ពេល​យប់ ខ្លាច​ងងឹត​ធ្វើ​ឲ្យ​រអិល​ដួល ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​ប៉ុណ្ណោះ។

២- ញ៉ាំពពួកខ្ចៅខ្យងធ្វើឲ្យកូនកើតមកហៀរទឹកមាត់?

មិន​អាច​នោះ​ទេ! មក​ទល់​ពេល​នេះគ្មាន​ភស្តុតាង​ណា​បញ្ជាក់​ថា ការ​ញ៉ាំ​ពពួក​ខ្ចៅ​ខ្ចង លៀស គ្រុំ ធ្វើ​ឲ្យ​កើត​មក​ហៀរ​ទឹកមាត់​នោះ​ទេ។ ផ្ទុយ​ទៅវិញ ​ការដែលកូន​​ហៀរ​ទឹកមាត់​មិន​ឈប់​រហូត​ដល់​ធំ អាច​មក​ពី​អណ្តាត​ធំ មាន​​ការ​បង្ក​រោគ នៅ​ក្រពេញ​ទឹក​មាត់ ឬ​​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ​ជាដើម។ ចំណែក​​ឯ​ការ​​ញ៉ាំ​ខ្ចៅខ្យង​​អាច​​ធ្វើ​ឲ្យ​ម៉ាក់ៗ​​មិន​ស្រួល​ពោះ ឆ្លង​​ពពួក​​សត្វល្អិត-ព្រូន ចូល​ក្នុង​ពោះវៀន ដូច្នេះ​ទោះ​វា​មិន​ធ្វើ​ឲ្យកូន​ហៀរ​ទឹកមាត់ ក៏​យើង​មិនគួរ​ញ៉ាំដែរ។

៣- ញ៉ាំគ្រាប់ជីរ-ល្ង ស្រួលកើតកូន?

កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយយើង ទំហំ​ក្បាល​កូន ទំហំអាង​ត្រគាក​ម៉ាក់ៗ ម្យ៉ាង​វិញ​ទៀត​បើកូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​ដែរ មិន​មែន​មក​ពី​ការ​ញ៉ាំ​គ្រាប់ជីរ ឬ​ល្ង​នោះ​ទេ។

អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន?

៤- ហាមរួមភេទពេលមានផ្ទៃពោះ?

ពេទ្យ​ហាម​រួមភេទ​តែ​ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​បញ្ហាសុកពាំងមាត់ស្បូន កូនកើតមិនគ្រប់ខែ មានធ្លាក់ឈាមតាមទ្វារមាស មានឆ្លងជំងឺកាមរោគនៅប្រដាប់ភេទ មានការបែកទឹកភ្លោះមុនពេលសម្រាល និងមាត់ស្បូនបើកប៉ុណ្ណោះ។ ទោះ​ជា​ពេទ្យ​មិន​ហាម​ក្តី តែ​ស្រីៗ​គ្នា​យើង​មិន​សូវ​មាន​ចំណង់​ប៉ុន្មាន​ទេ​អំឡុង​ពពោះ ណាមួយ​ចាញ់​កូន​ទៀត​រឹត​តែ​អត់អារម្មណ៍។

៥- ចូលចិត្តញ៉ាំបបរធ្វើឲ្យកើតមកមិនស្អាត?

រឿង​នេះ​ក៏​មិន​ពិត​ដែរ សម្បុរ​ស្បែក​កូន​ស្អាត ឬ​មិន​ស្អាត អាស្រ័យ​លើ​របប​អាហារ សម្បុរ​ម៉ាក់ប៉ា និង​​អនាម័យ​ខ្លួន​ប្រាណ​​ម៉ាក់ៗ បើ​ម៉ាក់​​មាន​​កា​រ​បង្ក​​រោគ​​ផ្សិត​អំឡុង​ពពោះ​នោះ​ស្បែក​កូន​ក៏​មិនស្អាត​ដែរ។

៦- ញ៉ាំម្នាស់ធ្វើឲ្យរលូតកូន

ការ​ភាន់​ច្រឡំ​នេះ គឺ​ដោយសារ​​ក្នុង​​ផ្លែ​​ម្នាស់​មាន​​អង់ហ្ស៊ីម Bromelain ។ ពួក​គេ​អះអាង​ថា អង់ហ្ស៊ីម Bromelain បំបែក​ជាតិ​ប្រូតេអ៊ីន ហើយ​កូន​ទើប​តែ​បង្ក​កំណើត​ថ្មីៗ​ក្នុង​ផ្ទៃពោះ គឺ​ផ្សំ​បង្កើត​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន អ៊ីចឹង​ការ​ញ៉ាំ​អង់ហ្ស៊ីម Bromelain អាច​​បណ្តាល​​ឲ្យ​​មាន​​ការ​​ហូរ​ឈាម និង​​រលូត​កូនបាន តែគ្មាន​ភស្តុតាង​គាំទ្រ​ការ​អះអាង​នេះទេ ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ញ៉ាំ​ម្នាស់​ក្នុង​បរិមាណ​ល្មម ​មាន​សុវត្ថិភាព។

អត្ថបទពាក់ព័ន្ធ៖ រឿងដ៏ចម្រូងចម្រាស! ពិតអត់​ដែល​ថា​ ញ៉ាំ​ម្នាស់ រលូត​កូន?

៧- ទឹកដូងមិនល្អចំពោះស្រីៗមានផ្ទៃពោះ?

ក្នុង​ទឹកដូងសម្បូរ​រ៉ែ​ប៉ូតាស្យូម​ ម៉ាញេ៉ស្យូម​​ កាល់ស្យូម និង​​ផូស្វរ ជួយទប់ទល់បញ្ហាទល់លាមក បង្ការអការៈចាញ់កូន ក្អួតចង្អោរ ជួយការលូតលាស់ទារក​ និង​លំនឹង​ទឹកភ្លោះ​បានល្អ។

៨- ហាត់ប្រាណធ្វើឲ្យរលូតកូន?

ហាត់​ប្រាណល្អ​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ពេទ្យ​ហាម​តែ​ការ​ហាត់ប្រាណ​ណា​ដែល​ត្រូវ​ប្រើ​កម្លាំង និង​កាយវិការ​ខ្លាំងៗ​ប៉ុណ្ណោះ។

៩- មើលអេកូញឹកញាប់ពេកអាចប៉ះពាល់ដល់កូនក្នុងពោះ?

គ្មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​ណា​បញ្ជាក់​ថា ការ​មើល​អូកេសាស្ត្រ​ច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ​នោះ​ទេ តែ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​យើង​វិញ ដោយ​អាច​ដឹង​ពី​ការ​វិវត្ត​របស់​កូន។

អត្ថបទពាក់ព័ន្ធ៖ មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ?

១០-ចាញ់​​កូន​​ពេក​​ធ្វើ​​ឲ្យ​រលូត​​កូន?

មាន​ម៉ាក់ៗ​​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​​ចាញ់​​កូន​​ខ្លំាង​អាច​ធ្វើ​ឲ្យរលូត​កូន តាមពិត​​មិនអ៊ីចឹង​ទេ អាការៈ​​ចាញ់​កូន​​គឺ​តែង​តែ​​កើត​​មាន​​អំឡុង​​ត្រីមាស​ទី១ នៃ​​ការ​​ពពោះ ដោយសារ​​តែ​​ការ​​កើន​​​ឡើង​​កម្រិត​​អ័រម៉ូន​​នៅ​​ក្នុង​​ខ្លួន។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/06/2021

អត្ថបទ​ដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

ពេលពពោះម៉ាក់ៗមានសញ្ញាបែបនេះ កូនក្នុងផ្ទៃសុខភាពមិនល្អទេ



អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម