មានផ្ទៃពោះ ជាពេលវេលារំភើបបំផុត និងមិនអាចបំភ្លេចចំពោះប្ដីប្រពន្ធថ្មីថ្មោង ទើបចាប់ដៃគ្នាសាងគ្រួសារ។ អ្វីប៉ាម៉ាក់ ឬសមាជិកគ្រួសារតែងនិយាយមុនគេ និងចង់ដឹងបំផុត ច្បាស់ជារឿងកូនក្នុងពោះ ស្រី ឬប្រុសមិនខាន។ ដោយសារបច្ចេកវិទ្យាបច្ចុប្បន្នទំនើប ក្រោយពពោះបានប្រមាណ ១៧សប្តាហ៍ យើងអាចនឹងមើលឃើញភេទកូនច្បាស់។ យ៉ាងណា ប៉ាម៉ាក់ខ្លះយល់ច្បាស់ពីរឿងនេះ សម្រេចចិត្តមិនមើលភេទរហូតទល់ថ្ងៃសម្រាល ហើយហេតុផលគួរដឹងភេទកូនអំឡុងពេលពពោះ មានរៀបរាប់ក្នុងអត្ថបទនេះ។
១- ជួយឲ្យភ្ញាក់ផ្អើល និងរំភើបខ្លាំង
គ្មានអ្វីគួរឲ្យចាប់អារម្មណ៍ជាងការរង់ចាំ នូវភាពភ្ញាក់ផ្អើលមួយយើងរំពឹងទុកឡើយ រងចាំកាន់តែយូរ ក្តីរំភើបកាន់តែខ្លាំង។ គ្នាយើងត្រូវគិតពីអារម្មណ៍ខ្លួនឯង និងប្តី កំពុងមានអំឡុងពេលយើ់ងពពោះ ដូចជា ការចង់ដឹង ចង់ឃើញ រំភើបចិត្ត និងភ្ញាក់ផ្អើល អាចធ្វើឲ្យជីវិតយើងកាន់តែស្រស់បំព្រងឡើង។ ហេតុផលនេះហើយ ទើបមានម៉ាក់ប៉ាមួយចំនួន សម្រេចមិនឆ្លុះអេកូមើលភេទកូនរហូតដល់ថ្ងៃសម្រាលនេះឯង។
២- ជួយលើកទឹកចិត្តពេលសម្រាល
យើងអាចគិតសម្តីនេះ ស្តាប់ទៅចម្លែកបន្តិច ប៉ុន្តែវានៅតែការពិត ចំពោះស្រីៗគ្នាយើងមួយចំនួនដែលកំពុងពពោះ។ គ្នាយើងពពោះភាគច្រើន រំភើបខ្លាំង ក្រោយរង់ជាង ៩ខែ ដើម្បីដឹងថា កូនស្រី ឬប្រុស ដែលនេះជាហេតុផលជួយជំរុញសម្រាលកាន់តែងាយស្រួល។
៣- កាត់បន្ថយការខកចិត្ត
ពេលខ្លះ ដំណឹងពពោះ ធ្វើឲ្យទាំងប្តី និងប្រពន្ធ ចិត្តមិនស្ងប់ ព្រោះសង្ឃឹមថាភភ៌ក្នុងផ្ទៃជាស្រី ឬប្រុស តាមដែលចិត្តយើងចង់បាន ហេតុនេះនៅពេលដែលយើងពិនិត្យមើលឃើញភេទកូន បែរជាមិនដូចអ្វីយើងរំពឹងទុក នោះការខកចិត្តតិច ឬច្រើន ច្បាស់មានមិនខាន។ រឿងនេះកាន់តែធ្ងន់ធ្ងរ បើគ្នាយើងមានកូនច្រើន ប៉ុន្តែសុទ្ធតែប្រុស ឬសុទ្ធតែស្រី មានបំណងចង់បានកូនភេទផ្សេង តែពិនិត្យទៅ នៅតែប្រុស ឬនៅតែស្រី នោះសុភមង្គល ក្តីសង្ឃឹមពីការពពោះនេះ នឹងត្រូវបញ្ចប់ត្រឹមការខកចិត្តប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
- សម្តីទាំងនេះ មិនគួរនិយាយទៅកាន់ស្រីៗកំពុងពពោះទេ ទោះគ្មានចេតនាអាក្រក់ក៏ដោយ!
- ពិនិត្យអេកូពេលពពោះ មានប្រយោជន៍ច្រើនណាស់
៤- ឆ្លុះអេកូមើលភេទកូនក៏អាចមើលខុសដែរ
លទ្ធផលពីការឆ្លុះអេកូមើលភេទកូន ភាគច្រើនទទួលបានលទ្ធផលត្រឹមត្រូវក៏ពិតមែន ប៉ុន្តែមិនមែនមិនខុសទាំងអស់នោះទេ។ នៅពេលគ្រូពេទ្យប្រាប់ថា យើងមានកូនស្រី យើងច្បាស់ណាស់ ប្រាកដជាចំណាយពេលទិញរបស់របបទារក ដូចជា សម្លៀកបំពាក់ ជាដើម សម្រាប់ត្រៀមទុកឲ្យកូនស្រីច្រើនមិនថា ពេលខ្លះអាចរៀបចំបន្ទប់ជាស្រេច អាចប្រើពណ៌ផ្កាឈូកសម្រាប់កូនស្រីជាទីស្រលាញ់ និងរើសឈ្មោះពិរោះសម្រាប់កូនរួចជាស្រេច ប៉ុន្តែក្រោយសម្រាល បែរជាកូនប្រុសទៅវិញ នោះគ្រប់យ៉ាងនឹងក្លាយជាអាសាបង់ ខកចិត្តមិនខាន។
៥- ចៀសវាងជួបបញ្ហាចំណូលចិត្តខុសពីភេទ (Gender stereotyping)
ពេលយើងដឹងច្បាស់ពីភេទកូនហើយនោះ យើងនឹងរៀបចំគ្រប់យ៉ាងរួចជាស្រេច សម្រាប់កូនជាទីស្រលាញ់ ដោយផ្អែកលើភេទជាក់លាក់របស់កូន។ ក៏ប៉ុន្តែ មិនមែនគ្រប់ក្មេងស្រីទាំងអស់ សុទ្ធតែស្រឡាញ់តុក្កតា កូនក្រមុំ និងខ្លាឃ្មុំ នោះទេ ហើយក៏មិនមែនគ្រប់ក្មេងប្រុសទាំងអស់ សុទ្ធតែចូលចិត្តលេងរថយន្ត និងមនុស្សយន្តដែរ ដូច្នេះយើងមិនគួរកំណត់នូវចំណូលចិត្ត និងជម្រើសសម្រាប់កូនឡើយ ហើយហេតុផលនេះ អាចជាមូលហេតុសមស្របមួយ យើងមិនគួរដឹងភេទកូនមុនសម្រាលដែរ។
៦- បន្ថែមសម្ពាធផ្លូវចិត្តពេលអ្នកដទៃដឹងពីភេទកូនយើង
ចំណុចនេះ គឺឧស្សាហ៍កើតមានបំផុត ពិសេសពេលឮដំណឹងយើងមានកូន មិត្តភ័ក្តិ សាច់ញាតិ អាចនឹងនិយាយ សួរនាំ ពាក់ព័ន្ធភេទកូនយើង ដូចជា “កូនប្រុស? ខកចិត្តដែរទេបើយើងចង់បានកូនស្រីជាង?’ ឬក៏អាចជាសំណួរ “កូនស្រីទៀតហើយ? ចង់តាមយកកូនប្រុសទៀតអត់នឹង?’ ដូច្នេះ ដំណឹងភេទកូនយើង អាចនឹងដាក់សម្ពាធផ្លូវអារម្មណ៍យើងថែមមួយកម្រិតទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]