backup og meta

កើតរលាកថ្លើមប្រភេទ B ពេលពពោះប៉ះពាល់កូនអត់? គួរព្យាបាលម៉េច?

កើតរលាកថ្លើមប្រភេទ B ពេលពពោះប៉ះពាល់កូនអត់? គួរព្យាបាលម៉េច?

ជំងឺរលាកថ្លើម ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B ងាយ​ឆ្លង​បំផុតតាមរយៈ​ការរួម​ភេទ។ ដោយ​សារជំងឺ ជា​ប្រភេទ​ជំងឺ​ឆ្លង និង​រ៉ាំ​រ៉ៃ ស្រីៗ​ជា​ច្រើន​ដែល​កំពុង​ពពោះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​រលាក​ថ្លើម​ប្រភេទ B អាច​មាន​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​កូន​ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ’ នឹង​ពន្យល់ពី​ផល​ប៉ះពាល់ ក៏​ដូចជា​វិធី​ព្យាបាល ​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ផលប៉ះពាល់​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​គភ៌​ក្នុង​ផ្ទៃ

ជា​ធម្មតា​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​ទំនង​ជា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​មាន​ផ្ទៃ​ពោះ និង​ការ​បង្កើត​កូន​ទេ ប៉ុន្តែ​ឱកាស​ប៉ះ​ពាល់ នៅ​តែ​​អាច​កើត​មាន​ដដែល ទាម​ទារ​ជា​​ចាំបាច់ ក្នុង​ការ​ថែទាំសុខភាព​​មុន​ពេល​សម្រាល។ ​បើស្រីៗ​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អំឡុង​ពេល​ពពោះ ​អាចប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា៖

– កូន​កើត​មិន​គ្រប់​ខែ

– កើត​កូន​មក​មិន​គ្រប់​គីឡូ

– មាន​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែមពេល​ពពោះ

– មាន​​ធ្លាក់​ឈាម​ខ្លាំង​នៅ​អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ។

គ្នា​យើង អាច​នឹង​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ទៅ​កូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​គេ​ជឿ​ថា ​ភាគ​ច្រើនឆ្លង​នៅ​ពេល​សម្រាលកូនតែ​ម្តង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​នេះ ​មិន​មែន​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិនោះ​ដែរ ហើយ​ចំពោះ​ការ​សម្រាល​ដោយ​វះកាត់ ក៏​មិន​មាន​ភស្ដុតាង​បញ្ជាក់​ថា ​អាច​ការពារ​កូន​​កុំ​ឲ្យ​​ឆ្លង​រោគ​ពីយើង​​បានដូច​គ្នា។

​បើ​យើងមាន​ផ្ទុក​វីរុស​រលាក​ថ្លើម​ប្រភេទ B កូន​យើង​គួរ​តែ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ នៅ​ពេល​កើត​ភ្លាម ហើយចំពោះ​ទារក​ខ្លះ​ទៀត គ្រូពេទ្យ​អាច​នឹង​ចាក់​អង្គ​បដិបក្ស (Antibody) ប្រឆាំង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B (​គេ​ដឹង​ថា​ជា Immunoglobulin)​ ថែម​ទៀត​ផង។ គ្រូពេទ្យ​នឹង​តាម​ដាន​ ហើយ​ធ្វើ​តេស្ត​ឈាម​កូន​យើង​ជា​បន្ត​បន្ទាប់​ ព្រោះ​វា​ចាំបាច់​ណាស់ ដើម្បី​ដឹង​ថា​ការ​ការពារ​បាន​ពេញ​លេញ​ និង​ត្រឹម​ត្រូវ។

ទារក​នឹង​ត្រូវ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ម្តង​ទៀត​ នៅ​ក្រោយ​ពេល​កើត​បាន​មួយ​ខែ បន្ទាប់​មក​ចាក់​ម្តង​ទៀត​បន្ទាប់​ពី​កើត​បាន​ ២ខែ និង​មួយ​លើក​ចុង​ក្រោយ នៅ​ពេលកូន​យើង​មាន​អាយុបាន​មួយ​ឆ្នាំ។ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​​កូន​ធ្វើ​តេស្ត​ឈាម​ នៅ​អាយុ​គម្រប់​មួយ​ឆ្នាំ​ដំបូង​ ដើម្បី​ឲ្យ​ដឹង​ថា​ តើ​អស់​វីរុស​ក្នុង​ឈាម​ហើយ​ឬ​នៅ? ការ​ចាក់​ថ្នាំ​បង្ការ​ការ​ពារ​ម្តង​ទៀត​នៅ​លើក​ក្រោយ​ គឺ​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាក់ ​នៅ​ពេល​ក្មេង​មាន​អាយុ​ប្រហែល ៥ ឆ្នាំ។ ស្រីៗ​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​អាច​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ដោយ​​សុវត្ថិភាព ​ដរាប​ណា​កូន​យើង​បាន​ចាក់​វ៉ាក់​សាំង​ការ​ពារ​ត្រឹម​ត្រូវ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់
  • បង្ការគ្រោះថ្នាក់ ស្រីៗត្រូវចាក់វ៉ាក់សាំងប្រភេទនេះឲ្យបាន៣ខែ មុននឹងយកកូន

២- ជម្រើសព្យាបាល​រលាក​ថ្លើម​ប្រភេទ B ពេល​ពពោះ

បើ​ការ​ធ្វើ​តេស្ត​ឈាម​ពេលពពោះ បង្ហាញ​ថាគ្នា​យើង​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​គ្រូពេទ្យ ឬ​គិលានុប្បដ្ឋាយិកា ​អាច​នឹង​សុំ​ឲ្យ​យើង​ធ្វើ​តេស្ត និង​ព្យាបាល​បន្ថែម។ គ្រូពេទ្យ​ នឹង​ធ្វើ​តេស្ត​​ត្រួត​ពិនិត្យ​មើល​​ចំនួន​វីរុស​ នៅ​ក្នុង​ឈាមយើង ខណៈកម្រិត​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B គឺ​អាស្រ័យលើ​ចំនួន​​វីរុស ​បើ​យើង​មាន​ផ្ទុក​វីរុស​ក្នុង​ឈាម​ខ្ពស់​ យើង​នឹង​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ Tenofovir (Viread) ។

ការ​ព្យាបាល​ អាច​នឹង​ចាប់​ផ្តើម​នៅ​ត្រីមាស​ទី ៣ នៃការ​ព​ពោះ ​ដោយ​អាស្រ័យ​លើ​កម្រិតវីរុស​មាន​ផ្ទុក​ក្នុង​ឈាម ហើយ​ត្រូវ​ព្យាបាល​រយៈពេល ៤ – ១២ សប្តាហ៍​បន្ថែម​ទៀត បន្ទាប់​ពីយើង​សម្រាល​កូន​រួច។ គ្រូពេទ្យ​ ​អាច​នឹង​ណែនាំ​ឲ្យ​យើង​​លេប​ថ្នាំ​យូរ​ជាង​នេះ​ ដើម្បី​ជួយ​ឲ្យ​សុខ​ភាពទទួល​បាន​អត្ថប្រយោជន៍​ល្អ​កាន់​តែ​ច្រើន។

បើ​ស្រីៗ​គ្នា​យើង​​មាន​ផ្ទុក​វីរុសនៅ​ក្នុង​ឈាម​ចំនួន​តិច​តួច គ្រូពេទ្យ​ នឹង​មិន​ណែនាំ​ឲ្យ​ព្យាបាល​អ្វី​នៅ​ពេល​នេះ​ឡើយ ខណៈ​ថ្នាំ​​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B​ គឺ​មាន​ច្រើន​ប្រភេទ​ ខុសៗ​គ្នា ដោយ​ថ្នាំ​ខ្លះ​ទៀត​ ត្រូវ​​គេ​ជឿ​ថា​គ្មាន​​សុវត្ថិភាព​ចំពោះ​ស្រីៗ​កំពុង​ពពោះ​នោះទេ។ ដូច្នេះ​​បើ​គ្នា​យើង​​ដឹង​ថា​ខ្លួនថា ​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​មាន​ផ្ទៃ​ពោះ។ ​បើយើងទទួល​ការ​ព្យាបាល​នៅ​ពេល​មាន​ផ្ទៃ​ពោះ​ហើយ ​គួរ​តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិតបន្ថែម​ ដើម្បី​មាន​ការ​ផ្លាស់​ប្តូរ​ថ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hepatitis B in pregnancy. http://www.babycentre.co.uk/a1506/hepatitis-b-in-pregnancy#ixzz4aQ1WFnwT. Accessed March 04, 2017.

កំណែ​ប្រែបច្ចុប្បន្ន

19/10/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម