ស្រីៗគ្នាយើង ឲ្យតែពពោះ ច្បាស់ជាកើតមានចំណង់អាហារប្លែកៗ នឹកឃើញអី ឃ្លាននឹងភ្លែត នេះក៏ដោយសារបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយ។ ជាធម្មតា អំឡុងពេលពពោះ ចំណង់អាហារអាចកើតមានគ្រប់រសជាតិ គ្នាយើងខ្លះ ចង់ញ៉ាំប្រៃ ខ្លះចង់ផ្អែម ខ្លះចូលចិត្តជូរ ពិសេសអារឿងញ៉ាំហឹរតែម្តង។ ស្រីៗចូលចិត្តញ៉ាំហឹរ ពិសេសពេលពពោះ តែងឆ្ងល់ថា អាចប៉ះពាល់គភ៌ក្នុងផ្ទៃដែរអត់ ហេតុនេះ “Hello គ្រូពេទ្យ’ នឹងបកស្រាយចម្ងល់គ្នាយើងក្នុងអត្ថបទនេះតែម្តង។
១- ញ៉ាំហឹរប៉ះពាល់កូនក្នុងផ្ទៃ?
អាហារហឹរ មិនត្រឹមមិនប៉ះពាល់ដល់កូនយើងទេ អាចនឹងល្អសម្រាប់គភ៌ទៀតផង ព្រោះអាហារហឹរ ជាអាហារមួយក្នុងចំណោមអាហារផ្សេងទៀត ជួយកូនក្នុងផ្ទៃ អាចដឹងរសជាតិ ដោយសារតែរសជាតិអាហារ អាចឆ្លងកាត់តាមទឹកភ្លោះទៅកាន់គភ៌។ ម្យ៉ាងទៀត អាចជាការចូលចិត្តរបស់កូនយើង ក្នុងការផ្លាស់ប្តូរនូវរសជាតិអាហារបែបនេះដែរ។
ការឲ្យកូនសាកល្បងទទួលបានរសជាតិខុសៗគ្នាពេលនៅក្នុងពោះ អាចជួយឲ្យកូនយើងមិនសូវរើសអាហារក្រោយពេលកើត។ អ្នកស្រាវជ្រាវរសជាតិនៅឯសាកលវិទ្យាល័យ Florida លោកស្រី Rida បាននិយាយថា ទារកធ្លាប់ទទួលបាននូវរសជាតិច្រើនពេលក្នុងផ្ទៃ អាចនឹងចូលចិត្តនូវសាកល្បងរសជាតិថ្មីៗ ហើយក៏អាចក្លាយជាទម្លាប់ក្នុងមួយជីវិតគេដែរ។ បើគ្នាយើងមិនចង់ឲ្យកូនទទួលបាននូវរសជាតិថ្មីៗច្រើននោះ មានអាហារមួយចំនួនខ្លះ គឺមិនអាចឆ្លងកាត់តាមទឹកភ្លោះ និងទឹកដោះម្តាយបានមានដូចជា ទឹកវ៉ានីឡា ការ៉ុត ខ្ទឹមស និងជីអង្កាម។
អត្ថបទពាក់ព័ន្ធ៖
- ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន
- ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ…
២- ញ៉ាំហឹរប៉ះពាល់ម៉ាក់ៗពេលពពោះ?
គ្នាយើងភាគច្រើនជឿថា ស្រីៗមានផ្ទៃពោះ គួរចៀសវាងញ៉ាំអាហារហឹរ ព្រោះវាអាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងខ្ពស់ ហើយការញ៉ាំអាហារក្តៅ ក៏អាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនឡើងក្តៅផងដែរ។ គ្នាយើងខ្លះ និយាយថា ញ៉ាំអាហារហឹរ អាចបណ្តាលឲ្យសាច់ដុំពោះមានការកន្រ្តាក់ជាហេតុនាំឲ្យកូនកើតមិនគ្រប់ខែ ឬរលូតកូនបាន។ ទោះជាយ៉ាងណាក៏ដោយ ជំនឿខាងលើ គឺមិនមានការគាំទ្រខាងវិទ្យាសាស្ត្រនោះទេ។ មានស្រីៗជាច្រើន ធម្មតាចូលចិត្តញ៉ាំអាហារហឹរ ជាក់ស្តែង ស្រីៗជនជាតិថៃ និងឥណ្ឌា ក៏មិនបានផ្លាស់ប្តូរនូវទម្លាប់ញ៉ាំអាហារហឹរអំឡុងពេលមានពពោះនោះដែរ ហើយក៏មិនមានរបាយការណ៍ណាមួយ ជាប់ពាក់ព័ន្ធការលើកឡើងខាងលើនោះដែរ។
ទោះបីជាការញ៉ាំអាហារ មិនប៉ះពាល់គភ៌ក៏ពិតមែន ប៉ុន្តែអាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួលក្នុងខ្លួនបាន។ រោគសញ្ញាទូទៅ គឺអាការៈក្រហាយទ្រូង និងចាល់អាស៊ីដក្រពះ។ អាការៈក្រហាយទ្រូង ច្រើនកើតមាននៅត្រីមាសចុងក្រោយនៃការពពោះ ដោយសារតែទារកក្នុងផ្ទៃកំពុងមានការលូតលាស់ បណ្តាលឲ្យមានការច្រាលអាស៊ីដក្រពះឡើងមកលើ ចូលទៅក្នុងបំពង់អាហារវិញ។ ដូច្នេះបើ យើងចង់ចៀសវាងពីការច្រាលអាស៊ីដក្រពះ គឺត្រូវចៀសវាងញ៉ាំអាហារហឹរ។
ដោយឡែក ក្រៅពីមិនបង្កឲ្យប៉ះពាល់សុខភាពទាំងម៉ាក់ៗ និងគភ៌ហើយនោះ វិទ្យាសាស្រ្តបានរកឃើញពីអត្ថប្រយោជន៍មួយចំនួនពាក់ព័ន្ធការញ៉ាំអាហារហឹរ ជួយដល់សុខភាពយើងដូចជា៖
– រស់បានយូរ
– ស្រកទម្ងន់
– កាត់បន្ថយការឈឺចាប់
– កាត់បន្ថយការរលាក
– ការពារពីការឆ្លងបាក់តេរី និងវីរុស
វិធីល្អបំផុតសម្រាប់ ត្រូវប្រកាន់ខ្ជាប់នូវរបបអាហារមានសុខភាពល្អ ផ្លាស់ប្តូររបបអាហារឲ្យបានត្រឹមត្រូវ និងចៀសវាងអាហារអាចធ្វើឲ្យយើងមានអារម្មណ៍មិនស្រួល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]