ស្រីៗគ្នាយើងដឹងច្បាស់ថា ឲ្យតែមានកូន ដឹងតែត្រូវទៅពិនិត្យផ្ទៃពោះ។ សួរថា ពិនិត្យដើម្បីអី។ អ្នកឆ្លងកាត់មានកូនលើកទី១ រួចហើយ អាចថាដឹង តែស្រីៗត្រៀមយកកូនដំបូង ឬទើបមានកូនដំបូង ប្រហែលនៅម៉ង់ៗនៅឡើយ។
មុនសម្រេចចិត្តមានអាអូននឹងគេ អ្វីចាំបាច់បំផុត គឺត្រូវដឹងច្បាស់ពីសុខភាពពេលដឹងថាមានផ្ទៃពោះ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីកត្តាសំខាន់បំផុតម៉េចត្រូវពិនិត្យផ្ទៃពោះ ពេលមានកូនភ្លាមៗ៖
១- ប្រវត្តិជំងឺពីមុន
គ្រប់ស្រីៗដែលទៅពិនិត្យផ្ទៃពោះដំបូង ពេទ្យមានសំណួរជាច្រើនទាក់ទងសុខភាព ឬប្រវត្តិជំងឺជាដើម តម្រូវឲ្យឆ្លើយគ្មានលាក់លៀម ព្រោះវាជួយដល់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ហើយព័ត៌មានទាំងនេះសំខាន់សម្រាប់សុខភាពទាំងម្ដាយ និងកូន។ សំណួរទាំងនោះអាចមាន៖
– បញ្ហារោគស្ត្រីធ្លាប់មានពីមុនមក
– វដ្ដរដូវ ឬថ្ងៃបាត់រដូវដំបូង អាការៈផ្សេងៗ
– ទម្លាប់ និងសកម្មភាពប្រចាំថ្ងៃ ដូចជា ជក់បារី ផឹកស្រា ឬវិបត្តិផ្លូវចិត្ត
– ប្រវត្តិជំងឺក្នុងគ្រួសារ
– ប្រតិកម្មផ្សេងៗ ឬការប្រើប្រាស់ថ្នាំ និងជំងឺរ៉ាំរ៉ៃ។
២- ការពិនិត្យរាងកាយ និងការធ្វើតេស្ត
ធ្វើតេស្តពេលពិនិត្យផ្ទៃពោះដំបូង ជារឿងចាំបាច់បំផុត ព្រោះអាចឲ្យយើងដឹងច្បាស់ពីសុខភាពខ្លួនឯង គួរធ្វើយ៉ាងណាបន្តទៀត ក្រោយពេលពពោះ ហើយតេស្តទាំងនោះមាន៖
– តេស្តឈាមរកមើលជំងឺខ្វះគ្រាប់ឈាម ជំងឺស្វាយ ប្រភេទក្រុមឈាម (វិជ្ជមាន ឬ អវិជ្ជមាន) ស្អូច និងរលាកថ្លើមប្រភេទ B
– យកកោសិកាមាត់ស្បូនមកពិនិត្យ
– តេស្តទឹកនោមដើម្បីរកមើលជាតិស្ករ មេរោគ និងជាតិប្រូតេអ៊ីន
– តេស្តរកមើលជំងឺកាមរោគ និងអេដស៍
សម្រាប់តេស្តពិនិត្យរាងកាយ ហើយក្នុងករណីនេះ អាងត្រគាកជាតំបន់ពេទ្យយកចិត្តទុកដាក់បំផុត ក្នុងការពិនិត្យមុនពេលសម្រាល។ បន្ទាប់មក ពេទ្យនឹងប្រាប់ពីលទ្ធផលទទួលបានក្រោយពិនិត្យសុខភាពម្ដាយ និងកូន។
៣- គណនាអាយុគភ៌
គណនាអាយុគភ៌ សំខាន់សម្រាប់កំណត់ពេលសម្រាលឲ្យបានត្រឹមត្រូវ។ ធម្មតា ការសម្រាលនឹងនៅចន្លោះសប្តាហ៍ទី ៣៧-៤២។ ម្យ៉ាងទៀត តាមរយៈអាយុគភ៌ ពេទ្យអាចដឹងទាំងទំហំ និងការលូតលាស់របស់អាអូន ព្រមទាំងកំណត់បានបញ្ហាខ្លះៗបើសិនជាមាន។
បន្ទាប់ពីពិនិត្យផ្ទៃពោះលើកទី១ ការណាត់ជួបលើកក្រោយនឹងត្រូវធ្វើឡើងតាមកាលកំណត់ ហើយបើយើងមានបញ្ហាណាមួយអាចប៉ះពាល់ដល់អាអូន ពេទ្យឯកទេសនឹងចាំផ្ដល់ប្រឹក្សាជានិច្ច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]