ស្ត្រីដែលកើតជំងឺមហារីកក្រពេញអូវែ ហើយទទួលការព្យាបាល សុទ្ធតែប៉ះពាល់ដល់សមត្ថភាពក្នុងការមានកូន។ តែទោះជាយ៉ាងនេះក្ដី អ្នកជំងឺនេះខ្លះនៅតែអាចមានលទ្ធភាពមានកូន ខណៈខ្លះទៀតពិបាកនឹងមាន។ វាមានភាពស្មុគស្មាញខ្លាំង ដើម្បីឲ្យស្ត្រីជ្រើសរើសវិធីផ្សេងៗក្នុងការបង្កកំណើត ហើយត្រូវព្យាបាលជំងឺមហារីកក្រពេញអូវែក្នុងពេលតែមួយ។ ប៉ុន្តែអ្នកជំងឺត្រូវតែពិគ្រោះជាមួយនឹងអ្នកឯកទេសជាមុនសិន ចាំសម្រេចចិត្តជ្រើសយកវិធីណាមួយដូចខាងក្រោម៖
១- តើការព្យាបាលមហារីកក្រពេញអូវែ ប៉ះពាល់ដល់ការបង្កកំណើតដូចម្ដេច?
បើសិនអ្នកជំងឺត្រូវព្យាបាលជំងឺមហារីកក្រពេញអូវែតាមវិធីខាងក្រោមនេះ នោះអ្នកជំងឺនឹងក្លាយជាអារអត់មានកូន ដែលមានន័យថា អ្នកជំងឺនឹងមិនអាចមានផ្ទៃពោះបានទេ បើសិនជាមិនមានជំនួយវេជ្ជសាស្ត្រនោះ៖
– វះកាត់ក្រពេញអូវែទាំងពីរចេញ
– ព្យាបាលដោយគីមី (Chemotherapy) ដែលបង្កឲ្យលែងមានវដ្តរដូវ និងបញ្ឈប់មុខងាររបស់ក្រពេញអូវែ
– វិទ្យុសកម្មប៉ះពាល់ដល់សមត្ថភាពរបស់ក្រពេញអូវែ ផលិតមេជីវិតញីទុំ
ស្ត្រីដែលនៅសល់ក្រពេញអូវែម្ខាង អាចនៅមានលទ្ធភាពពពោះបាន ប៉ុន្តែស្ត្រីអស់ក្រពេញអូវែទាំងពីរហើយ អាចប្រឈមនឹងការអារគ្មានកូន ប៉ុន្តែអាចជ្រើសរើសវិធីខាងក្រោមដើម្បីមានផ្ទៃពោះបាន។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗអាចមានផ្ទៃពោះទេ បើមិនបានរួមភេទផង?
២- ការស្វែងយល់ពីជម្រើសក្នុងការព្យាបាលបញ្ហាអារអត់កូន
– វិធីបង្កកំណើតក្នុងមន្ទីរពិសោធន៍ (IVF – In Vitro Fertilization)៖ ដោយយកមេជីវិតញីរបស់អ្នកដទៃឧបត្ថម្ភឲ្យ។ វិធីនេះ គឺត្រូវយកមេជីវិតញីពីមនុស្សស្រីម្នាក់ផ្សេងទៀត បង្កកំណើតជាមួយនឹងមេជីវិតឈ្មោលជាដៃគូររបស់អ្នកជំងឺ។ បន្ទាប់មក មេជីវិតដែលបានបង្កកំណើតហើយនោះនឹងត្រូវបញ្ចូលក្នុងស្បូនរបស់អ្នកជំងឺ ហើយអ្នកជំងឺនឹងអាចពពោះធម្មតា។ វិធីដូចរៀបរាប់នេះ អាចផ្ដល់ឱកាសមានកូនរហូតដល់ច្រើនជាង ៤០% ឯណោះ ដោយយោងលើគុណភាពរបស់មេជីវិតញីដែលគេផ្ដល់ឲ្យ គុណភាពមេជីវិតឈ្មោល និងសុខភាព ស្បូនរបស់អ្នកជំងឺ។ វិធីនេះគឺមានតម្លៃថ្លៃណាស់ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែម។
– ឲ្យស្ត្រីផ្សេងពពោះជំនួស៖ អ្នកជំងឺគួរតែជ្រើសយកវិធីនេះបើសិនជាស្បូនគាត់ត្រូវបានកាត់យកចេញ ឬស្បូនមិនមានសុខភាពល្អ ឬមានបញ្ហាសុខភាពផ្សេងៗ ធ្វើឲ្យគាត់មានគ្រោះថ្នាក់ពេលពពោះ។ ស្ត្រីពពោះជំនួស អាចទទួលបានមេជីវិតញីពីអ្នកដទៃ ឬអាចប្រើមេជីវិតញីរបស់អ្នកជំងឺផ្ទាល់ក៏បាន ហើយយកមេជីវិតឈ្មោលរបស់ដៃគូអ្នកជំងឺបាញ់បញ្ចូល ហើយពពោះកូនរហូតទាល់តែកូនកើត។ ការពពោះជំនួស គឺមានតម្លៃថ្លៃណាស់។
– បង្កកអំប្រ៊ីយ៉ុង៖ វិធីនេះជាវិធីដែលជោគជ័យបំផុត ដើម្បីរក្សាការបង្កកំណើតឲ្យស្ត្រី។ វិធីនេះ គឺមេជីវិតញី នឹងត្រូវបង្កកំណើតជាមួយមេជីវិតឈ្មោលក្នុងមន្ទីរពិសោធន៍ បន្ទាប់មកយកទៅបង្កក រហូតដល់ស្ត្រីអាចត្រៀមលក្ខណៈពពោះបាន។ ពេលមានជំងឺមហារីកក្រពេញអូវែ គឺមានន័យថាឱកាសបង្កកំណើត ឬឱកាសមានកូននឹងថយចុះខ្លាំង។ តែទោះជាយ៉ាងនេះក្ដី បើអ្នកចង់មានកូនក្រោយព្យាបាលរួច អ្នកត្រូវដឹងពីជម្រើសដែលអ្នកមាន ហើយត្រូវគិតពីជម្រើសទាំងនោះឲ្យបានដិតដល់ដោយត្រូវពិគ្រោះជាមួយអ្នកឯកទេសលើបញ្ហានេះ។
– វិធីមួយទៀត គឺសុំយកកូនអ្នកដទៃមកចិញ្ចឹម។ បើសិនអ្នកជ្រើសយកវិធីនេះ អ្នកត្រូវធ្វើការស្រាវជ្រាវពីក្មេងឲ្យបានច្រើន និងត្រូវគិតឲ្យបានដិតដល់មុននឹងយកកូនគេមកចិញ្ចឹម។ ត្រូវប្រុងប្រយ័ត្ន ព្រោះភ្នាក់ងារខ្លះ និងប្រទេសមួយចំនួនតម្រូវឲ្យអ្នកជំងឺដែលនៅរស់ផុតពីជំងឺមហារីកត្រូវចំណាយពេលមួយចំនួន ទើបអាចឲ្យយកក្មេងទៅចិញ្ចឹមបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញដើម្បីស្វែងយល់ពីដំណោះស្រាយរបស់អ្នក។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-ovulation]